(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់វិភាគទានថ្មី ចំនួន១​ ១២០ ០០០ដុល្លារសហរដ្ឋអាមេរិក ដល់ភាគីអន្តរជាតិនៃអង្គជំនុំជម្រះវិសាមញ្ញា ក្នុងតុលាការកម្ពុជាហៅកាត់ថាអ.វ.ត.ក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ.វ.ត.ក ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោក ឃ្មុត រ៉ូហ្សិហក អនុប្រធានការិយាល័យរដ្ឋបាល បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រ និងបន្តផ្តល់វិភាគទានហិរញ្ញាវត្ថុដល់អ.វ.ត.កនាពេលនេះ។

ជំនួយហិរញ្ញាវត្ថុនេះ ពិតជាមានសារៈសំខាន់ណាស់ និងចាំបាច់សម្រាប់ អ.វ.ត.ក ដើម្បីបញ្ចប់អាណត្តិការងាររបស់ខ្លួន ដោយគ្មានការរអាក់រអួល ក្នុងកិច្ចដំណើរការនីតិវិធីឡើយ។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយហិរញ្ញាវត្ថុដល់ អ.វ.ត.ក ទាំងភាគីជាតិ និងអន្តរជាតិ កើនរហូតដល់៨៥លានដុល្លារអាមេរិក ស្មើនឹង៣២ភាគរយ៕