(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះជួបផ្ទាល់ជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា មកពីបណ្តាស្រុក-ក្រុងទាំង៨ នៃខេត្ពព្រះវិហារ ចំនួន៧៤២នាក់ ដើម្បីដោះស្រាយបញ្ហានានាជួនពួកគាត់ដល់មូលដ្ឋាន។

នាយឧត្តមសេនីយ គន់ គីម បានឲ្យដឹងថា «គោលបំណងនៃការជួបជុំអតីតយុទ្ធជន នាឱកាសនេះ គឺដើម្បីមកសុំការអភ័យទោស ពីសមាជិកសមាគមន៍ទាំងអស់ ចំពោះការខកខានមិនបានមកជួបមុខអស់មួយរយៈ ដោយសារជាប់បេសកកម្ម នៅតាមព្រំដែនកម្ពុជា-ថៃ។ ម៉្យាង មន្ត្រីដែលបម្រើក្នុងការងារនេះ មានចំនួតិចតួច ពិសេសនៅតាមស្រុក-ក្រុង គឺមានមន្ត្រីតែម្នាក់ ឬ២នាក់ ប៉ុណ្ណោះ មិនអាចចុះជួបសមាជិកយើង ដែលមានដល់ទៅរាប់រយ រាប់ពាន់នាក់ បានគ្រប់គ្រាន់»

លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «ដោយមើលឃើញពីការលំបាកនេះ ទើបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានបើកមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី២ ដើម្បីធ្វើវិសោធនកម្មលក្ខន្តិកៈ និងកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់សមាគមន៍ពីសង្គមកិច្ច ដែលពេលនោះដឹកនាំតែឯង ប្ដូរមកដឹកនាំ និងគ្រប់គ្រងដោយសមាសភាពចម្រុះ រួមមានមន្រ្តីយោធា នគរបាល អាវុធហត្ថ និងមន្រ្តីសង្គមកិច្ច តាំងពីថ្នាក់កណ្តាលរហូតដល់រាជធានី-ខេត្ត, ក្រុង-ស្រុក-ខណ្ឌ»

លោកនាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា នៅថ្នាក់ឃុំ-សង្កាត់ មានប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខាឃុំ-សង្កាត់ និងមានមេភូមិទាំងអស់ជាសមាជិក។ រចនាសម្ព័ន្ធដឹកនាំចម្រុះថ្មីនេះ បាននឹងកំពុងបំពេញភារកិច្ចដោយស្ម័គ្រចិត្ត និងយ៉ាងសកម្មបំផុត ដែលធានាបានប្រសិទ្ធភាពប្រសើរជាងមុន ហើយទាក់ទាញបាននូវសមានចិត្តគាំទ្រពីអតីតយុទ្ធជន។

លោកនាយឧត្តមសេនីយ ក៏បានជំរុញឲ្យថ្នាក់ដឹកនាំសមាគមន៍គ្រប់ថ្នាក់ ត្រូវបែងចែកភារកិច្ចទទួលខុសត្រូវ តាមបណ្តាស្រុក-ក្រុង-ខណ្ឌ, ឃុំ-សង្កាត់ ហើយបន្តខិតខំចុះជួបសមាជិកសមាគមន៍ តាមគ្រួសារនីមួយៗ និងត្រូវក្តាប់ឲ្យបានច្បាស់ នូវជីវភាពរស់នៅរបស់សមាជិកសមាគមន៍ និងជួយអន្តរាគមន៍ដោះស្រាយ ឲ្យទាន់ពេលវេលា ពេលពួកគាត់ជួបបញ្ហាចាំបាច់ ដាច់ខាតមិនត្រូវទុកឲ្យនរណាម្នាក់ មានទុក្ខលំបាក និងមិនបានដោះស្រាយឡើយ។

លោក មាស ស៊ីម៉ម ជាយោធិនពិការ រស់នៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ បាននិយាយទាំងចិត្តរំភើបថា «មិននឹកស្មានថា យើងខ្ញុំបានមកជួបជុំគ្នាមានលក្ខណៈទ្រង់ទ្រាយធំដូចនេះសោះ។ យើងខ្ញុំ ខំធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីបានជួបមុខ និងបានស្តាប់ថ្នាក់ដឹកនាំសមាគមន៍។ យើងខ្ញុំ សូមគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោប្រធាន ដែលបានចាត់ឲ្យ លោកនាយឧត្តមសេនីយ គន់ គីម ជាតំណាង ចុះមកជួបសំណេះសំណាលសួរសុខទុក្ខយើងខ្ញុំ ជាសក្ខីភាពបង្ហាញច្បាស់ថា ជានិច្ចកាល សម្តេចតេជោនៅតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខ និងជីវភាពយើងខ្ញុំ។ យើងខ្ញុំ សូមប្តេជ្ញាថែរក្សាការពារមរតកសន្តិភាព សម្តេចតេជោ ឲ្យស្ថិតស្ថិរគង់វង្ស ជារៀងរហូត»

សូមបញ្ជាក់ថា ការជួបសំណេះសំណាលខាងលើ ជាការជួបលើកចុងក្រោយហើយ សម្រាប់អតីតយុទ្ធជនក្នុងខេត្តព្រះវិហារ ដែលមានសមាជិកសរុប ១,៥៧០នាក់៕