(ប៉ៃលិន)៖ ក្រុមហ៊ុន «ឈុន ឆាង» ដែលជីកកកាយដីភ្នំ ខុសបច្ចេកទេស ជីកកាយលុងជ្រៅផ្នែកខាងក្រោម មិនអាចទ្រទម្ងន់ផ្នែកខាងលើបាន ក៏បាក់សង្កត់លើកម្មករ​២នាក់ស្លាប់ កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន សម្រេចដកអាជ្ញាប័ណ្ណ កាយដីភ្នំ នៅខេត្តប៉ៃលិនហើយ។

លោកប្រធានក្រុមហ៊ុន «ឈុន ឆាង» បានឲ្យដឹងថា ក្រុមហ៊ុនលោកបាន ដោះស្រាយផ្តល់សំណងជាទឹកប្រាក់ ដល់ក្រុមគ្រួសារជនរងគ្រោះទាំង២នាក់រួចហើយ សម្រាប់សពពលរដ្ឋម្នាក់រងគ្រោះគេចោទថា មិនគ្រប់ទឹកឈ្មោះ ធី រដ្ឋា ហៅ​អ៊ួក អាយុ១៩ឆ្នាំ សងសំណង៤លានរៀល រីឯសពជនរងគ្រោះឈ្មោះ ឈីវ​ អាយុ​២០ឆ្នាំ ជាអ្នកបើកបរគ្រឿងចក្រអេស្កាទ័រ មានស្រុកកំណើតនៅភូមិកំពង់ស្ទោង ឃុំចំរើនផល ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ សងសំណង៦លានរៀល។

បើតាមការឲ្យដឹងពី មន្ត្រីសាលាខេត្តប៉ៃលិន និងមជ្ឈមដ្ឋាន និយាយថា ការសងជំងឺចិត្តក្នុងតម្លៃត្រឹមតែ ៤លានរៀល និង៦លានរៀល គេហួសចិត្តគ្រប់គ្នា យកទៅធ្វើបុណ្យមិនគ្រប់ផង កុំថាឡើយយកទៅជួយផ្គត់ផ្គង់ក្រុមគ្រួសារជនរងគ្រោះមិនគួរសោះ។ គេបានដាក់ការសង្ស័យថា ទំនងជាក្រុមគ្រួសារជនរងគ្រោះ គ្មានជម្រើសអ្វី មួយណាគ្រួសារក្រខ្សត់ ខ្វះជីវភាព ទើបមិនហ៊ានតវ៉ា ជាមួយក្រុមហ៊ុនខាងលើ មានទឹកប្រាក់ និងសិទ្ធិអំណាចខ្លាំង​នៅខេត្តប៉ៃលិននោះ ទើបសម្រេចចិត្តយកប្រាក់ចំនួនខាងលើនេះ​។

ជុំវិញបញ្ហានេះ ក្រុមអ្នកសារព័ត៌មានបានធ្វើការ ទំនាក់ទំនងទៅសាកសួរខាងអាជ្ញាធរក្រុងប៉ៃលិន និងមន្រ្តីមន្ទីររ៉ែ និងថាមពលខេត្ត ឲ្យបំភ្លឺនោះដែរ ប៉ុន្តែមន្រ្តីទាំងនោះនិយាយឆ្លើយដាក់គ្នាទៅវិញទៅមកថា មិនទាន់ដឹងនៅឡើយនោះទេ ដែលការឆ្លើយរបស់អាជ្ញាធរ និងមន្ត្រីមន្ទីរជំនាញ ហាក់បីគ្មានការទទួលការខុសត្រូវ។

បញ្ហា​នេះ ត្រូវបានមជ្ឈមដ្ឋានជាច្រើន បានដាក់ការសង្ស័យថា អាជ្ញាធក្រុង-ខេត្ត និងមន្ទីរជំនាញហាក់បីដូចជា គ្មានឆន្ទៈជួយដោះស្រាយ មើលការខុសត្រូវ ជូនដល់ក្រុមគ្រួសារសពពលរដ្ឋរងគ្រោះនោះឡើយ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវក្រវ៉ាត់ក្រុង ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុង-ខេត្តប៉ៃលិន ហេតុការណ៍បាក់ដីថ្មភ្នំសង្កត់ មនុស្ស២នាក់ស្លាប់ ជាមួយនឹងអេស្កាទ័រ១គ្រឿង និងរថយន្តដឹកដី១គ្រឿង​។ សាកសពជនរងគ្រោះទាំង២នាក់ បន្ទាប់មកត្រូវបានគេយកអេស្កាទ័រ ជីកកកាយយកសពចេញពីគំនរដី ជាបន្តបន្ទាប់ប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

អាជីវកម្មដីថ្មភ្នំរបស់ក្រុមហ៊ុន «ឈុន ឆាង» ត្រូវបានអភិបាលក្រុងប៉ៃលិនឆ្លើយថា ជាកន្លែងទីតាំងដីបម្រុងសម្រាប់កសាងរដ្ឋបាលសាលាក្រុងប៉ៃលិនទេ តែអភិបាលក្រុងប៉ៃលិន បានបញ្ជាក់ថា អាជីវកម្មនេះ គ្មានច្បាប់​ទេ ប៉ុន្តែអនុប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោក សួន សុខ​ និងប្រធានក្រុមហ៊ុន «ឈុន ឆាង» ប្រាប់​ថា មានច្បាប់ទម្លាប់ត្រឹមត្រូវទៅវិញ​៕