(ភ្នំពេញ)៖ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប បានទទួលជំនួយជាសម្ភារបរិក្ខារមួយចំនួន ដែលជាជំនួយរបស់សហភាពអឺរ៉ុប ផ្គត់ផ្គង់តាមរយៈ UNOPS ក្នុងទំហំទឹកប្រាក់ ៥,៤០០,០០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់បម្រើការចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ ចំនួន១៦៣៣ទូទាំងប្រទេសកម្ពុជា នេះបើយោងតាមសេចក្តីជូនដំណឹង របស់គ.ជ.បផ្សាយឲ្យដឹងនៅមុននេះបន្តិច។

យោងតាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស ថ្នាក់អគ្គលេខាធិការដ្ឋាន គ.ជ.ប និងជំនាញការគ.ជ.ប ជាមួយតំណាងស្ថានទូតសហភាពអឺរ៉ុប ស្ថានទូតជប៉ុន អង្គការ UNOPS និងអង្គការ JICA នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ តំណាង UNOPS បានលើកឡើងថា ជំនួយជាសម្ភារបរិក្ខាដែលផ្គត់ផ្គង់មកឲ្យ គ.ជ.ប គឺចែកចេញជាដំណាក់កាលពោលគឺ មុខដំណើរការចុះឈ្មោះបោះឆ្នោត និងក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោត រួមទាំងការចំណាយផ្សេងៗទៀត។

គួរបញ្ជាក់ថា សម្ភារដែលផ្គត់ផ្គង់តាមរយៈអង្គការ UNOPS មុនដំណើរការចុះឈ្មោះបោះឆ្នោតមានចំនួន៣៥មុខ ចំណែក សម្ភារស្នើសុំបន្ថែមសម្រាប់ត្រៀមមប្រុង និងទ្រទ្រង់ដល់ដំណើរការចុះឈ្មោះបោះឆ្នោត ផ្តល់ក្នុងអំឡុងពេលដំណើរការចុះ ឈ្មោះបោះឆ្នោត មានចំនួន១៣មុខ៕