(ភ្នំពេញ)៖ បើទោះបីជាការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី នៅសល់តែ១ថ្ងៃទៀតយ៉ាងណាក្ដី ក៏អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានអះអាងថា គិតមកដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គ.ជ.ប មិនទាន់មានគម្រោងណាមួយ ដើម្បីពន្យារពេលការចុះឈ្មោះបោះឆ្នោតនោះឡើយ។

បើទោះជាយ៉ាងនេះក្ដី លោក ហង្ស ពុទ្ធា បានបញ្ជាក់ទៀតថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ស្អែកនេះ កិច្ចប្រជុំពិសេសមួយ នឹងត្រូវរៀបចំឡើងនៅ គ.ជ.ប ប៉ុន្ដែលោកមិនបានដឹង​​ថា កិច្ចប្រជុំនោះ មានរបៀបវារៈស្តីពីការពន្យារពេល នៃការចុះឈ្មោះបោះឆ្នោតនោះឡើយ។

គិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រជាពលរដ្ឋខ្មែរជាង៧.៦លាននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត ដែលស្មើជាង៧៩ភាគរយ។ ចំពោះលទ្ធ​​ផល នៃការចុះឈ្មោះបោះឆ្នោតនេះ ត្រូវបានលោក ហង្ស ពុទ្ធា លើកឡើងថា ជាលទ្ធផលមួយដែល គ.ជ.ប ពេញចិត្ត ហើយថាប្រទេសខ្លះមិនមានអ្នក​​ចូលចុះឈ្មោះច្រើនដូចកម្ពុជាពេលនេះផង។

សូមជម្រាបថា ដំណើរការនៃការចុះឈ្មោះបោះឆ្នោត បានចាប់ផ្ដើមចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បាន​បញ្ជាក់ថា ប្រជាពលរដ្ឋខែ្មរដែល មានសិទ្ធិបោះឆ្នោតមានជាង ៩.៦លាននាក់៕