(សៀមរាប)៖ មហាសន្និបាតសភាតំបន់អាស៊ី APA (Asian Parliamentary Assembly) លើកទី០៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២ បានចាប់ផ្តើមហើយនៅវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅលើទឹកដីសៀមរាបអង្គរ។

មហាសន្និបាតនេះ ត្រូវបានប្រារព្ធធ្វើឡើងដោយមានការអញ្ជើញចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ នៃរដ្ឋសភា ព្រឹទ្ធសភា មកពីបណ្តាប្រទេសជាសមាជិកសភាតំបន់អាស៊ី ២៣ប្រទេស ជាមួយនឹងវត្តមានគណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ អង្គការដៃគូរបស់សភាតំបន់អាស៊ីជាច្រើនទៀត។

មហាសន្និបាតសភាតំបន់អាស៊ីលើកទី៩ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនីរន្តរភាពនៅក្នុងតំបន់»។ មហាសន្និបាតត្រូវបានចាប់ផ្តើមជាមួយនិងព្រះរាជសារស្វាគមន៍របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​។ សម្តេចតេជោ ហ៊ុន សែន សម្តេច ហេង សំរិន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានឡើងថ្លែងនូវសុន្ទរកថាគន្លឹះផងដែរ។

កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត APA កាលពីឆ្នាំ២០១៥រួចម្តងមកហើយ ជាមួយនិងការសម្រេចបានលទ្ធផលប្រកបដោយភាពល្អប្រសើរ។ សម្រាប់មហាសន្និបាតលើកទី៩ ក្រោមប្រធានបទ «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនីរន្តរភាពនៅក្នុងតំបន់» ដែលធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០២ ខែធ្នូ ក៏ត្រូវបានរំពឹងទុកថា នឹងទទួលបានផ្លែផ្កាកាន់តែច្រើនថែមទៀត សម្រាប់ការរក្សាបាននូវសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍសម្រាប់ប្រទេសនៅតំបន់អាស៊ី ក៏ដូចជាពិភពលោក។

សូមបញ្ជាក់ថា សភាតំបន់អាស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយបានប្តូរមកពីសមាគមសភាអាស៊ី ដើម្បីសន្តិភាព ហៅកាត់ថា AAPP។ សភាប្រទេសកម្ពុជា ជាសមាជិកស្ថាបនិក AAPP ដែលបានប្រសូត្រឡើងនៅឆ្នាំ១៩៩៩។ AAPP ជាស្ថាប័នមួយ ដែលបានប្រមូលផ្តុំសំឡេងអ្នកតំណាងប្រជាពលរដ្ឋ នៅក្នុងតំបន់អាស៊ី ឲ្យរួបរួមគ្នាជាធ្លុងតែមួយ ក្នុងគោលដៅស្វែងរកសុខសន្តិភាព និងការផ្សះផ្សាប្រជាជាតិទំាងឡាយនៅក្នុងតំបន់អាស៊ីនេះ ឲ្យក្លាយជាមហាគ្រួសារតែមួយ ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍស្មើៗគ្នាដោយចីរភាព។ បន្តបេសកកម្មពីសមាគមសភាអាស៊ី ដើម្បីសន្តិភាព (AAPP), សភាតំបន់អាស៊ី (APA) បានពង្រីកទំាងទំហំ និង ភារកិច្ចរបស់ខ្លួន ជាលំដាប់ ដែលមកដល់ពេលនេះ សភាតំបន់អាស៊ី មានសមាជិកចំនួន ៤២ប្រទេស មានអ្នកសង្កេតការណ៍ចំនួន ១៦ប្រទេស និង អង្គការជាដៃគូចំនួន១០៕