(បន្ទាយមានជ័យ)៖ ការប្រណាំងទូក ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលក្រុងប៉ោយប៉ែត ទើបប្រារព្ធឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី​២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មានការអញ្ជើញចូលរួមពីអភិបាលរងខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី និងអភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ព្រមទាំងអាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដែលបានរៀបចំ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងបានល្អប្រសើរ នៅលើផ្ទៃអាងអូរខៃដន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងពិធីនេះ លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា «ការប្រារព្ធពិធីប្រកបដោយអត្ថន័យនាពេលនេះ ស្តែងឡើងពីស្មារតីជួយឧបត្ថម្ភគាំទ្ររបស់បណ្ដា អង្គភាពរដ្ឋ វិស័យឯកជន សប្បុរសជននានា និងមានការចូលរួមដោយផ្ទាល់របស់កីឡាករប្រណាំងទូក ដែលបានសម្ដែងចេញពីមនសិកាស្នេហាកីឡាប្រណាំងទូក ដែលជាប្រពៃណី វប្បធម៌ជាតិតាំង​ពីអតីត កាល ក្នុងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ដែលជាប្រពៃណី និងវប្បធម៌ចែករំលែករបស់បុព្វបុរស យើងតាំងពីសម័យបុរាណ និងជាការរំលឹកឡើងវិញ​នូវគំរូវីរភាព ដ៏អង់អាច​ក្លាហាន របស់វីរកងទ័ពជើងទឹក នៃកុលបុត្រខ្មែរក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី នាសម័យមហានគរដ៏រុងរឿងដោយបាន បូជានូវកម្លាំងកាយចិត្ត និងអាយុជីវិត ដើម្បីបុព្វហេតុ​ជាតិមាតុភូមិជាទីស្នេហានៃយើង»

ជាមួយគ្នានេះដែរ លោកង៉ោ ម៉េងជ្រួន បានថ្លែងឲ្យដឹងថា «នេះជាការជោគជ័យនៃពិធីប្រណាំងទូកនាឱកាសនេះ គឺជាសក្ខីភាពឆ្លើយតបទៅនឹងការរីកចម្រើនលើ គ្រប់វិស័យរបស់ ក្រុងប៉ោយប៉ែតយើង មិនថាតែវិស័យកីឡាទេ មានវិស័យដទៃទៀតក៏កំពុងបោះជំហាន គួរកត់សម្គាល់ដូចជា វិស័យអប់រំ សុខាភិបាល កសិកម្ម ឧស្សាហកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ អគ្គិសនី ទេសចរណ៍ វប្បធម៌ ធម្មការ សាសនា គមនាគមន៍ ទឹកស្អាត អនាម័យ ដែលបម្រើឱ្យ វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងជាការចូលរួមចំណែក​យ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍ក្រុង ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុតសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស»

លោកបន្តទៀតថា ក្នុងនាមរដ្ឋបាលក្រុងសូមថ្លែងអំណរគុណនិងកោតសរសើរដោយ ស្មោះចំពោះក្រុមកីឡាករប្រណាំងទូកទាំងអស់ដែល បានអញ្ជើញមកពីតាមបណ្ដាក្រុង-ស្រុក ឃុំ-សង្កាត់ នានា បានមកចូលរួមការប្រកួតដោយបានគោរពយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការ បច្ចេកទេស។ នេះគឺជាការចូលរួមប្រកបដោយមនសិកា និងស្មារតីជាអ្នកកីឡា ពិតប្រាកដ គោរពបាន ល្អប្រសើរគោលការណ៍យុត្តិធម៌របស់ក្រុមកីឡាករប្រណាំងទូក “ង” និមួយៗ ដោយឈរលើស្មារតីទទួល ខុសត្រូវ និង ការគោរពគ្នាទៅវិញទៅមក ទោះជាចាញ់ឈ្នះក៏ទុកគ្នាជាបងប្អូន និងជាជនរួមជាតិកម្ពុជា ក្នុងការលើកកម្ពស់វិស័យកីឡា ព្រោះកីឡានាំមកនូវសុខភាព សាមគ្គីភាព និងសេចក្ដីថ្លៃថ្នូរ។

សូមបញ្ជាក់ថា ការប្រណាំងទូកងនេះ មានចំនួន១០គូរ ចំណុះ២២នាក់ ទទួលបានសំភារៈ និងគ្រឿងអាហារបរិភោគមួយចំនួនធំ និងថវិកា ចំនួន៤លានរៀល តែចំណាក់ថ្នាក់លេខ១  ទទួលបានថវិកាចំនួន៣លានរៀល និងធនាគាABA Bank ១០០ដុល្លា និងសំភារៈមួយចំនួនទៀត, ចំណាត់ថ្នាក់លេខ២ ទទួលថវិកា២លានរៀល និងធនាគាABA Bank ១០០ដុល្លា និងសំភារៈមួយចំនួនទៀត, ចំណាត់លេខ៣ ទទួលបានថវិកាបានចំនួន ១៥០,០០០,០រៀល និងធនាគាABA Bank ១០០ដុល្លា និងសំភារៈមួយចំនួនទៀត, ចំណែកទូកមិនចំណាត់ថ្នាក់ទទួលបានថវិកា១លានរៀល និងសំភារៈមួយចំនួនទៀត។

សូមជម្រាបថា អស់រយៈពេល០២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ រៀបចំការប្រណាំងអុំទូក បានរៀបចំពិធីជាលក្ខណៈប្រពៃណីជាតិលើផ្ទៃអាងអូរខែដន សង្កាត់និមិត្ត ព្រមទាំងមានកម្មវិធីប្រកួតកីឡាប្រដាល់ជាលក្ខណៈមិត្តភាពនិងល្បែងកំសាន្តផ្សេងៗនៅទីនេះផងដែរ៕