(ភ្នំពេញ)៖ អគារមណ្ឌលបណ្ដុះបណ្ដាល និងពង្រីកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក(មន្ទីរពេទ្យជប៉ុន) នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ បានសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការហើយ ដែលក្រោមជំនួយឧបត្ថម្ភ របស់រដ្ឋាភិបាលប្រទេសជប៉ុន។

ការសម្ពោធដាក់ឲ្យប្រើប្រាស់នៃអគារ នេះ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ដ្រីប្រចំាការ និងជាប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី លោក ប៊ិន ឈិន តំណាងឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា, រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល, លោក Hidehisa HORONOUCHI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា, លោក ITSU Adachi ប្រធានតំណាងអង្គការ JICA ប្រចាំកម្ពុជា និងអធីបតីភាពជាច្រើនរូបទៀត។

លោករដ្ឋមន្ដ្រីម៉ម ប៊ុនហេង បានថ្លែងថា មជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារកនៅថ្ងៃនេះ បានសាងសង់ជាស្ថាពរហើយ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំជំនួយពីប្រទេសជប៉ុន កាលពីឆ្នាំ២០១៣កន្លងទៅ ដើម្បីពង្រីកមជ្ឈមណ្ឌលជាតិ ស្របតាមតម្រូវការជាក់ស្ដែង ហើយជាលទ្ធផលគម្រោងនេះ បានចុះហត្ថលេខា លើលិខិតប្ដូរសាររវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ លើថវិកាសរុបចំនួន ១,០៩០,៥៤៧,០០០យ៉េន (ជិត១០លានដុល្លារ)។

លោករដ្ឋមន្ដ្រីបន្ដថា គម្រោងនេះ បានសាងសង់បន្ថែមអគារថ្មី១ខ្នង មាន៤ជាន់ សម្រាប់ជាមណ្ឌលបណ្ដុះបណ្ដាល ជួយជុលអគារចាស់ សម្រាប់ទទួលពិនិត្យព្យាបាលស្រ្ដី ទារក និងការផ្គត់ផ្គង់ ឧបករណ៍បរិក្ខារពេទ្យចំនួន១១មុខ ដែលនឹងផ្ដល់ប្រយោជន៍យ៉ាងធំ ក្នុងការចូលរួមកាត់បន្ថយ មរណភាពមាតា ទារក និងកុមារឲ្យបានលឿនថែមទៀត ឲ្យសម្រេចបានតាមគោលដៅ សហសវត្សប្រកបដោយចីរភាព។

រដ្ឋមន្ដ្រីបន្ដថា «ក្នុងនាមក្រសួងសុខាភិបាល សមាជិកសមាជិកានៃអង្គពិធីទាំងមូល និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយដ៏ធំធេងនេះ ក្នុងការសាងសង់អគារថ្មី ការជួសជុល និងបំពាក់ឧបករណ៍ពេទ្យ ដែលជាផ្នែក ដ៏សំខាន់ ក្នុងការជួយយ៉ាងច្រើនបំផុត ក្នុងវិស័យសុខាភិបាលកម្ពុជា ក្នុងនោះក៏សូមអរគុណដល់អង្គកាJICA និង ដៃគូអភិវឌ្ឍជាតិ-អន្ដរជាតិ ដែលបានគាំទ្រ និងមានកិច្ចសហប្រតិបត្ដិការយ៉ាងល្អ លើដំណើរការគាំពារសុខភាពមាតា និងទារកនៅកម្ពុជា» ។

លោក លោក ប៊ិន ឈិន ក៏បានថ្លែងផងដែរថា «ខ្ញុំក៏សូមថ្លែអំណរគុណដល់ ភាគីជប៉ុនផងដែរ ដែលបាន ផ្ដល់អំណោយដ៏សប្បុរសនេះ សម្រាប់ជួយដល់សុខភាពមាតា និងទារក និងអរគុណដល់ក្រុមហ៊ុន Nihon Sekkei, Inc. Fujita Planning,Co Ltd., Taisei Corporation, Mitsubishi Corporation ដែលបានផ្ដល់សម្ភារៈ បរិកា្ខរពេទ្យ និង ជួយសាងសង់អគារថ្មីមួយនេះ»។

លោក Hidehisa HORONOUCHI បានថ្លែងផងដែរ លោកពិតជាសប្បាយចិត្ដណាស់ ដែលបានចូលរួមចំណែក ជួយដល់កម្ពុជា ហើយក៏អរគុណ ដល់កម្ពុជា ដែលតែងតែរីករាយស្វាគមជានិច្ច ដល់ប្រជាជនជប៉ុន ហើយយើងនឹងរក្សាមិត្ដភាពនេះកាន់តែប្រសើរបន្ថែមទៀត ។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨០ ដែលបំពេញតួនាទី យ៉ាងសកម្មក្នុងការទទួលព្យាបាល និងចែកឱសថជូនស្ដ្រីមានផ្ទៃពោះ ស្រ្ដីដែលទើប នឹងឆ្លងទន្លេរួច ព្រមទាំងទារក និងកុមារតូច។ នៅឆ្នាំ២០១៥កន្លងទៅនេះ មន្ទីរពេទ្យ មជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក ក្នុងផ្នែកពិគ្រោះជំងឺក្រៅ បានទទួលផ្ទៃពោះសរុបចំនួន១៣,៦៤១ករណី ទទួលពិិនិត្យ រោគស្ដ្រី ៤,០៣៨ករណី ពន្យារកំណើត ៧៣២នាក់ ផ្ដល់ថ្នាំបង្ការដល់ទារកស្រ្ដីមានផ្ទៃពោះ ចំនួន ១០,៧១០ករណី ។

ផ្នែកសម្រាលពេទ្យ មានការសម្រាលកូនសរុបចំនួន ៧,២៤០ករណី ការសម្រាលកូន ដោយវះកាត់ចំនួន២,០៧៧ករណី ការព្យាបាលសង្គ្រោះជីវិតទារក ទើបកើតមកមានទម្ងន់តិច និងមានបញ្ហានៅពេលកើតចំនួន ៩៤១នាក់ និងព្យាបាលរោគស្ដ្រីចំនួន ៤៩៣នាក់ ៕