(ភ្នំពេញ)៖ សេចក្ដីរាយការណ៏ពីស្រុកស្នួល ខេត្តក្រចេះ បានអោយដឹងថា តាំងពីទាបភ្លឺរហូតមកដល់ព្រឹកនេះ កម្លាំង អ.ហ លើផ្ទៃប្រទេស ដែលចុះទៅឈរជើងនៅស្រុកស្នួល បាននាំគ្នាធ្វើការឡោមព័ទ្ធបន្ទាយទាហានគ១ នៅតំបន់កាបី បន្ទាប់ពីក្រុមទាហានខាងលើនាំគ្នា ទៅរំដោះយករថយន្តដឹកឈើមួយគ្រឿងពីកម្លាំងអ.ហ ក្រោយស្ទាក់ចាប់បាននៅលើដងផ្លូវ។

សេចក្ដីរាយការណ៏បានអោយដឹងថា នៅវេលាម៉ោងជាង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ កម្លាំងអ.ហលើផ្ទៃប្រទេស ដែលចុះទៅឈរជើងនៅតាមផ្លូវជាតិលេខ៧៦ ចំណុចកាបី ក្នុងស្រុកស្នួល ខេត្តក្រចេះ ស្ទាក់ចាប់ បានរថយន្តប្រភេទឡង់គ្រីស័រមួយគ្រឿង ផ្ទុកឈើកកោះពេញ បើកក្នុងទិសដៅពីស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ឆ្ពោះមកចំណុចកាបី ដើម្បីនាំចេញទៅប្រទេសវៀតណាមតាមច្រករបៀងត្រពាំងគ្រញូង។

ខណៈកម្លាំងអ.ហ ចាប់បានរៀបនឹងនាំទៅកាន់កន្លែងរបស់ខ្លួន ក៏មានកម្លាំងទាហានមួយក្រុម ដែលគេស្គាល់ថាជាទាហាននៅអង្គភាពគ១ វរៈការពារព្រំដែន ដែលមានទីបញ្ជាការនៅភូមិត្រពាំងគ្រញូង ឃុំ២ធ្នូ ប្រដាប់ដោយអាវុធ នាំគ្នាទៅរំដោះយករថយន្តដឹកឈើពីមន្ត្រីអ.ហ ហើយបើកយកទៅទុកនៅក្នុងបន្ទាយបាត់ទៅ។

ចំណែកកម្លាំងអ.ហ ក៏ហៅកម្លាំងមកថែមរួចហើយធ្វើការឡោមព័ទ្ធបន្ទាយ ទាហានខាងលើ តាំងពីយប់រហូតដល់ព្រឹកនៅមិនទាន់ធ្វើការចរចាគ្នាត្រូវនៅឡើយនោះទេ។

ដោយឡែកមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ បានបញ្ជាក់ឲ្យដឹងថា កម្លាំងរបស់លោកមានគ្នា២នាក់ឃាត់រថយន្ដដឹកឈើកាលពីវេលាម៉ោង១និង០៥នាទី ឈានចូលថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០១៦ នៅចំណុចច្រករបៀងផ្លូវលេខ៦២ក្រញូង ព្រំទល់វៀតណាមដោយភាគីវៀតណាមមានរថយន្ដ និងកម្មករចាំសាងឈើជាស្រេច។ ក្រោយពីលោកឃាត់នោះ លោកបានសុំកម្លាំងបន្ថែម ប៉ុន្តែកម្លាំងមិនទានដល់ផងស្រាប់ តែមានជនប្រដាប់ដោយអាវុធមួយក្រុមទៅរំដោះរថយន្ដដឹកឈើនោះ នៅវេលាម៉ោង៥ទាបភ្លឺ ហើយរថយន្ដដឹកឈើនោះគេចបាត់ទៅ។ រថយន្ដដែលរត់ចូលបន្ទាយទាហាននោះ គឺជារថយន្ដពាក់ព័ន្ធធ្វើសកម្មភាពរំដោះរថយន្ដដឹកឈើ។

រហូតមកដល់ម៉ោងនេះ គេនៅមិនទាន់ដឹងថាករណីខាងលើមានការដោះស្រាយគ្នាយ៉ាងនៅឡើយនោះទេ ព្រោះភាគីអ.ហ និង ទាហានខាងលើ Fresh News មិនអាចធ្វើការទាក់ទង សុំការបំភ្លឺបាន ដោយសារមិនមានលេខទូរស័ព្ទសំរាប់ធ្វើការទាក់ទង។ ប៉ុន្តែតាម ព័ត៌មានគឺកម្លាំងអ.ហ ចង់នាំយករថយន្តដឹកឈើខាងលើ យកទៅកន្លែងរបស់ខ្លួន តែលោក អ៊ត់ ប៊ុនគីម ជាប្រធានគ១ នៃវរសេនាតូចការពារព្រំដែន២០៤ មិនព្រមអោយព្រោះម្ចាស់រថយន្តដឹកឈើខាងលើជាកូនចៅរបស់ខ្លួន៕