(ភ្នំពេញ)៖ ក្រោយពីបានការអនុញ្ញាត ពីប្រមុខរដ្ឋាភិបាលកម្ពុជា ​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំគណប្រតិភូក្រសួង​​ឧស្សាហកម្ម និងសិប្បកម្ម ទៅធ្វើទស្សនកិច្ច នៅអង្គភាពកម្មសិទ្ធិបញ្ញា​សហភាពអឺរ៉ុប (European Union Intellectual Property Office=EUIPO)​ ទីក្រុង អាលីកង់ទេ ប្រទេស អេស៉្បាញ និងនៅអង្គការកម្មសិទ្ធិបញ្ញា ពិភពលោក​ទីក្រុងហ្សឺណែវ ប្រទេសស្វីស​ ចាប់ពីថ្ងៃទី ២៤ ដល់២៥​ខែ វិច្ឆិកា​ ឆ្នាំ២០១៦​ ដោយទទួលបាននូវលទ្ធផលជាផ្លែផ្កា ជូនជាតិដូចខាងក្រោម៖

​១.​ នៅទី២៤ ខែ វិច្ឆិកា​ ឆ្នាំ​ ២០១៦ លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានជួបពិភាក្សា​ជាមួយលោក Antonio Campinos, ប្រធានអង្គភាពកម្មសិទ្ធិបញ្ញា​សហភាពអឺរ៉ុប (European Union Intellectual Property Office=EUIPO) ដែលមានមូលដ្ឋាន នៅក្នុងទីក្រុង អាលីកង់តេ (Alicante) ប្រទេសអេស្ប៉ាញ។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងដើម្បី​ជួបពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបតិ្តការ លើវិស័យកម្មសិទ្ធិឧស្សាហកម្ម រវាងអង្គភាព EUIPO នៃសហភាពអឺរ៉ុប ជាមួយក្រសួង​ឧស្សាហកម្ម​ និងសិប្បកម្មនៃព្រះរាជាណាចក្រកម្ពុជា។ ​ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ អំពីការគ្រប់គ្រងកម្ម​សិទ្ធិបញ្ញា​ ជាពិសេសលើការ ចុះបញ្ជីគំនូរឧស្សាហកម្ម និងការចូលជាសមាជិកសន្ធិសញ្ញាអន្តរជាតិ កម្មសិទ្ធិបញ្ញា។

​ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រីបានថ្លែងកោតសរសើរ ដល់លោក Antonio Campinos និងសហការី ដែលបានឯកភាពជួយពង្រឹង កិច្ចសហប្រតិបត្តិលើប្រព័ន្ធចុះបញ្ជីការពារគំនូរ ឧស្សាហកម្មនៅកម្ពុជា ហើយលោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំ អំពីការរីកចម្រើនថ្មីៗក្នុងវិស័យកម្ម​សិទ្ធិបញ្ញាកម្ពុជា ក្នុងនេះការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអង្គភាពប្រកាសនីយបត្រតក្កកម្ម​អឺរ៉ុប (European Patent Office= EPO) ការចូលជាសមាជិកសន្ធិសញ្ញា សហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម (The Patent Cooperation Treaty = PCT) ដែលស្ថិតក្រោមការគ្រប់គ្រង របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (The World Intellectual Property Organization =WIPO) និងការរៀបចំដាក់លិខិត តូបករណ៍របស់កម្ពុជា ក្នុងការចូលជាសមាជិកកិច្ចព្រមព្រៀង ទីក្រុងហេច (ឡាអេ) ស្តីពីការចុះបញ្ជីគំនូរឧស្សាហកម្ម ជាអន្តរជាតិ (The Hague Agreement concerning the International Registration of Industrial Design= Hague Agreement) នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០១៦។

លោក Antonio Campinos ប្រធានអង្គភាពកម្មសិទ្ធិបញ្ញា សហភាពអឺរ៉ុប បានជម្រាបជូន លោកទេសរដ្ឋមន្ត្រី អំពីការអនុវត្តដ៏ជោគជ័យ នៃគម្រោង ECAP-3 ចំពោះប្រទេសអាស៊ាន និងបន្តរហូតដល់បញ្ចប់ កម្មវិធីនៅខែកុម្ភៈ ឆ្នាំ ២០១៧ ខាងមុខ នឹងបន្តកិច្ចសហប្រតិបត្តិការ ផ្នែកម្មសិទ្ធិបញ្ញាបន្តទៀត​លើគម្រោង ECAP-4 ត្រូវបានបង្កើតឡើង ហើយបន្តរយៈពេល៣ឆ្នាំ ទៅមុខទៀត ផ្តោតសំខាន់ទៅលើការការពារ ម៉ាក និងគំនូរឧស្សាហកម្ម សម្រាប់សកម្មភាពថ្នាក់តំបន់ និងសកម្មភាពថ្នាក់ជាតិ សម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគី ជាពិសេស ជួយដល់ប្រទេសបី គឺ កម្ពុជា ឡាវ និងភូមា។

​ប្រធានស្ថាប័នទាំងពីរ បានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការ លើផ្នែកគំនូរឧស្សាហកម្ម នឹងពង្រឹងភាពជាដៃគូរឲ្យបានរឹងមុំា លើចំណុចសំខាន់ៗដូចខាងក្រោម៖
- ជួយបណ្តុះបណ្តាល ដល់មន្ត្រីទទួលបន្ទុកការងារគំនូរឧស្សាហកម្ម និងផ្នែកពាក់ព័ន្ធ
- ជួយរៀបចំអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់ការគ្រប់គ្រងទិន្ន័យគំនូរឧស្សាហកម្ម
- ជួយបណ្តុះបណ្តាល សហគ្រាសធុនតូច និងមធ្យម ឲ្យយល់ដឹងអំពីផលប្រយោជន៍ នៃកិច្ចការពារគំនូរឧស្សាហកម្ម
- ជួយរៀបចំតភ្ជាប់ប្រព័ន្ធទិន្ន័យ នៃការចុះបញ្ជីគំនូរឧស្សាហកម្មកម្ពុជា ជាមួយប្រព័ន្ធទិន្ន័យចុះបញ្ជី គំនូរឧស្សាហកម្មសហភាពអឺរ៉ុប ដើម្បីជាប្រយោជន៍ដល់​អាជីវករ ឧស្សាហករ និងអ្នកវិនិយោគិនឲ្យមានភាពងាយស្រួល ក្នុងការស្វែងរកទិន្ន័យ។
- ផ្តល់ការគំទ្រផ្នែកបច្ចេកទេស ដល់កម្ពុជា ក្នុងការចូលជាសមាជិកកិច្ចព្រមព្រៀង​ទីក្រុងហេច ស្តីពីការចុះបញ្ជីគំនូរឧស្សាហកម្ម ជាអន្តរជាតិ។
លោកទេសរដ្ឋមន្ត្រី​បានថ្លែងអំណរគុណដល់លោក Antonio Campinos និងសហការី ដែលបានឯកភាពពង្រឹង កិច្ចសហប្រតិបត្តិនេះថែមទៀត លើកិច្ចការពារកម្មសិទ្ធិបញ្ញា នៅកម្ពុជាក្នុងពេលអនាគខាងមុខនេះ។

២.​ នៅថ្ងៃទី២៥​ ខែ វិច្ឆិកា​ ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានចូលរួមពិធីប្រគល់លិខិតតូបករណ៍ នៃការចូលជាសមាជិកសន្ធិសញ្ញា ទីក្រុងហ្សឺណែវ(ឆ្នាំ១៩៩៩)នៃកិច្ចព្រមព្រៀងទីក្រុងហេច(ឡាអេ) ស្តីពីការចុះគំនូរឧស្សហកម្ម អន្តរេជាតិ(The Geneva Act 1999 of the Hague Agreement Concerning International Registration of Industrial Designs = Hague Agreement) របស់កម្ពុជា នៅការិយាល័យកណ្តាល នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក( the World Intellectual Property Organization= WIPO) ដែលមានមូលដ្ឋាន នៅទីក្រុងហ្សឺណែវប្រទេសស្វីស។

​នៅក្នុងពិធីដ៏សំខាន់នេះ លោកទេសរដ្ឋមន្ត្រីបានប្រគល់លិខិត តូបករណ៍នៃការចូលជាសមាជិកកិច្ចព្រៀង ទីក្រុងហេចរបស់កម្ពុជា ជូនលោកស្រី Wang Bying អគ្គនាយករង ជាតំណាងលោក Francis Gerry អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញា ពិភពលោក(WIPO)។ ​អង្គការ WIPO បានទទួលស្វាគមន៍ យ៉ាងរីករាយចំពោះកម្ពុជា ដែលបានសម្រេចចិត្តចូលជាសមាជិក កិច្ចព្រមព្រៀងទីក្រុងហេចនេះ។
ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរយោបល់គ្នា អំពីការអភិវឌ្ឍន៍កម្មសិទ្ធិបញ្ញានៅកម្ពុជា ហើយបានសន្យាបន្តពង្រឹងកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការបន្តទៀត ដើម្បីជម្រុញវិស័យកម្មសិទ្ធិបញ្ញា នៅកម្ពុជាឲ្យបានរឹងមាំ។ ​កម្ពុជានឹងក្លាយជា សមាជិកទី៦៧ នៃកិច្ចព្រមព្រៀងទីក្រុងហេចនេះ បន្ទាប់ពីរយៈពេលបីខែ នៃការប្រគល់លិខិតតូបករណ៍។
​នេះជាការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលជាសមាជិកសន្ធិសញ្ញា អន្តរជាតិកម្មសិទ្ធិបញ្ញា​ ដើម្បីអភិវឌ្ឍនវិស័យកម្មសិទិ្ធ បញ្ញាកម្ពុជា។

ទាក់ទងការចូលជាសមាជិក កិច្ចព្រមព្រៀងទីក្រុងហេចនេះ ព្រះរាជាណាចក្រកម្ពុជា នឹងអាចទទួលបាននូវផលប្រយោជន៍​ជាច្រើន ចំពោះការអភិវឌ្ឍន៍ឧស្សាហកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដូចខាងក្រោម៖
- សម្រួលដល់ពាណិជ្ជករ ឧស្សាហករ អ្នកច្នៃម៉ូដ កម្ពុជានាំយកគំនូរឧស្សាហកម្មថ្មីៗ របស់​កម្ពុជាទៅ ការពារកម្មសិទ្ធិបញ្ញានៅក្រៅប្រទេសបានច្រើនប្រទេស ដោយបំពេញបែបបទងាយស្រួលតែមួយ ហើយគ្រាន់តែគូសជ្រើសរើស​យកប្រទេស ដែលចង់ការពារជាការស្រេច មិនចាំបាច់ធ្វើដំណើរទៅ កាន់ប្រទេសទាំងនោះឡើយ។
- សំណុំលិខិតស្នើ សុំចុះបញ្ជីគំនូរឧស្សាហកម្មតែមួយ អាចដាក់នៅកម្ពុជា ឬនៅអង្គការកម្ម សិទិ្ធបញ្ញាពិភពលោក អាចមានប្រសិទ្ធភាពដូច បានដាក់សំណុំលិខិតស្នើសុំ នៅថ្នាក់ជាតិ ឬថ្នាក់អន្តរជាតិ នៅប្រទេសទាំងឡាយជា សមាជិកនៃកិច្ចព្រមព្រៀងនេះ ។
- ការបង់កម្រៃ សុំការពារគំនូរឧស្សាហកម្មជាអន្តរជាតិនេះ អស់តិចជាងការដាក់ពាក្យសុំ តាម​ប្រទេសនីមួយៗ។
- អ្នកដាក់ពាក្យសុំមានសញ្ជាតិកម្ពុជា ឬមានទីលំនៅនៅក្នុងប្រទេសកម្ពុជា ត្រូវបានអនុគ្រោះដោយ ចុះតំលៃបាន ១០% លើថ្លៃចំណាយក្នុងការដាក់សំណុំ លិខិតស្នើសុំអន្តរជាតិ។
​- លើកទឹកចិត្តឲ្យ​មានការច្នៃប្រឌិត និងង្កើតគំនូរឧស្សាហកម្មថ្មីៗ ស្វែងរកការការពារគំនូរឧស្សាហកម្មនៅកម្ពុជា និងអន្តរជាតិ។
- មានការកើនឡើងនូវការផ្ទេរ​បច្ចេកវិជ្ជាពីបរទេស​ ដោយផ្អែកលើមូលដ្ឋាន​នៃការការពារគំនូរ ឧស្សាហកម្ម និងជំរុញឲ្យមានការហូរចូលនូវវិនិយោគទុនបរទេស តាមរយៈការធ្វើអាជីវកម្ម បច្ចេកវិជ្ជាគំនូរឧស្សាហកម្មថ្មីៗ។
- ជំរុញ លើកទឹកចិត្តដល់ឧស្សាហករ ពាណិជ្ជករ សហគ្រាសធុនតូច និងមធ្យមឲ្យមានការបង្កើត​ស្នាដៃថ្មីៗ ប្រកួតប្រជែងស្របច្បាប់ មិនលួចចម្លងកម្មសិទ្ធិបញ្ញា​ ​និងការអភិវឌ្ឍន៍ ឧស្សាហកម្ម
- ក្នុងស្រុកព្រមទាំងបង្កើតការងារថ្មីៗថែមទៀត។
- បង្កើនសកម្មភាពសិក្សាស្រាវជ្រាវ​គំនូរឧស្សាកម្មថ្មីៗ នៅក្នុងស្រុក ស្របទៅនឹងការរីក ចម្រើននៃសេដ្ឋកិច្ច និងបច្ចេកវិជ្ជា។
- សម្រួលឲ្យមានការបើកទីផ្សារ​នាំចេញ នូវផលិតផលឧស្សាហកម្មក្នុងស្រុក​ និងបង្កើនការងារក្នុងស្រុក។
- មន្ត្រីកម្ពុជា និងផ្នែកឯកជនពាក់ព័ន្ធ នឹងទទួលបានការបណ្តុះបណ្តាល ផ្នែកបច្ចេកទេសទាក់ទងទៅនឹងនីតិវិធី នៃចុះបញ្ជីការពារគំនូឧស្សាហកម្មអន្តរជាតិ និងចំណេះដឹងអំពី គំនូរឧស្សាហកម្មថែមទៀត។
- បង្កើនចំណូលជូនជាតិ បានមកពីការបង់កម្រៃការពារគំនូរឧស្សាហកម្ម តាមរយៈប្រព័ន្ធនៃ កិច្ចព្រមព្រៀងទីក្រុងហេចនេះ។

ដំណើរទស្សនកិច្ចរបស់លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ នៅអង្គភាពកម្មសិទ្ធិបញ្ញា​សហភាពអឺរ៉ុប និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នាពេលនេះ បាននាំមកនូវលទ្ធផលប្រកប ដោយផ្លែផ្កាជាច្រើន ក្នុងការភិវឌ្ឍន៍វិស័យកម្មសិទ្ធិឧស្សាហកម្ម សិប្បកម្ម និងសេដ្ឋកិច្ចជាតិ៕