(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក មៀន រ៉ាហ្សា រ៉ាបានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានរំពឹងព្រមៗគ្នាថា មហាសន្និបាត APA លើកទី០៩នេះ នឹងទទួលបានជោគជ័យ ក្រោមការដឹកនៃរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការចូលរួមរបស់លោក មៀន រ៉ាហ្សា រ៉ាបានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នឹងជួយឲ្យមហាសន្និបាតលើកទី០៩នេះ ទទួលបានជោគជ័យ ក្រោមការដឹកនាំរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបរវាង សម្តេចតេជោ និងលោក មៀន រ៉ាហ្សា រ៉ាបានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខេត្តសៀមរាប។

លោក ស្រ៊ី ថាមរ៉ុង បន្ថែមប្រាប់អ្នកសារព័ត៌មានទៀតថា ទាក់ទងនឹងទំនាក់ទំនងទ្វេរភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងការ អញ្ជើញកាលពីឆ្នាំមុន រដ្ឋាភិបាលប៉ាគីស្ថាន តាមរយៈព្រឹទ្ធសភាប៉ាគីស្ថាន កាលពីឆ្នាំមុននោះ ដើម្បីអញ្ជើញសម្តេចតេជោ ទៅបំពេញទស្សនៈកិច្ច នៅប៉ាគីស្ថាន សម្តេចនឹងសុំការអភ័យទោស ពីភាគីប៉ាគីស្ថានផងដែរ ដែលមិនបានបំពេញទស្សនៈកិច្ច នៅក្នុងឆ្នាំនេះ ដោយសារតែសម្តេចបានកម្មវិធីច្រើន​ ហើយបានលុប ចោលកម្មវិធី ទៅទស្សនកិច្ច នៅក្រៅប្រទេសជាច្រើន ក្នុងនោះមានទាំងប៉ាគីស្ថាន, ស្រីលង្ការ, អូស្ត្រាលី និងណូវែលសេឡង់ផងដែរ។

សម្តេចបានបន្ថែមទៀតថា ទីកន្លែងជំនួបនាខេត្តសៀមរាបនេះ ពីអតីតកាលគឺជាសមរភូមិ រវាងខ្មែរក្រហម និងរាជរដ្ឋាភិបាល ហើយនៅសម័យអ៊ុនតាក់ ខ្មែរក្រហមក៏បានធ្វើការវាយប្រហារផងដែរ ហើយកម្ពុជាបានអភិវឌ្ឍន៍ទីក្រុងនេះ ក្រោយពីនយោបាយចំហរជើងមេឃ ឲ្យមានការហោះហើរត្រង់ ហើយធ្វើឲ្យខេត្តសៀមរាបនេះ មានការប្រែប្រួលពីសណ្ឋាគារចាស់ចំនួន០២ រហូតមកដល់ជិត១០០សណ្ឋាគារ នាពេលបច្ចុប្បន្ន ហើយកម្ពុជាក៏ត្រៀមនឹង កសាងអាកាសយាន្តដ្ឋានថ្មីមួយ នៅខេត្តសៀមរាបនេះ ដើម្បីទទួលលំហូររបស់ទេសចរណ៍ ក៏ដូចជាទទួលយន្តហោះធំៗគ្រប់ប្រភេទ។

ជាការឆ្លើយតប លោក មៀន រ៉ាហ្សា រ៉ាបានី បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ដែលបានអញ្ជើញ​ពីរាជធានីភ្នំពេញ មកទទួលលោក នៅទីក្រុងសៀមរាប។សកម្មភាពនេះ សរបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងការយកចិត្តទុកដាក់របស់សម្តេច ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ហើយឯកឧត្តម ជឿជាក់ថា មហាសន្និបាតនេះ នឹងទទួលបានជោគជ័យ ក្រោមការដឹកនាំរបស់កម្ពុជា ដែលកិច្ចប្រជុំនេះ នឹងពិនិត្យលើរចនាសម្ព័ន្ធជាមូលដ្ឋាន, ផែនទីចង្អុលផ្លូវ សម្រាប់ដំណើរការរបស់ APA តទៅមុខទៀត។

ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានសម្តែងនូវការដឹងគុណ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហើយប្តេជ្ញាធ្វើសហប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត ក៏ដូចជាក្នុងយន្តការ APA នេះ ដើម្បីធ្វើឲ្យដំណើរការល្អប្រសើរ ជាពិសេសក្នុងគំនិតផ្តួចផ្តើមឲ្យមានជាសភាអាស៊ីមួយ ធ្វើយ៉ាងណាឲ្យមានការគាំទ្រ និងរកមធ្យោបាយជាប្រភពសម្រាប់ ការចំណាយផ្សេងៗ នៅក្នុងយន្តការថ្មីដែលជាគំនិតផ្តួចផ្តើមនេះ៕