(ពោធិ៍សាត់)៖ លោកស្រី ជុក សុផានី អភិបាលរងខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះបានអញ្ជើញចូលរួម បើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយនៃការចាប់ផ្តើមអនុវត្តន៍ គម្រោងធនធានជលផលតាមវាលស្រែ នៃកម្មវិធីសន្តិសុខស្បៀង សម្រាប់អនាគតកម្ពុជាដំណាក់កាលទី២ បន្ទាប់ពីសកម្មភាពគម្រោងដំណាក់កាលទី១ ត្រូវបានបញ្ចប់ដោយជោគជ័យ ដែលអនុវត្តដោយអង្គការអភិវឌ្ឍន៍នារីខ្មែរ (ANKO)។

សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានប្រារព្ធធ្វើ នៅសាលប្រជុំសាខាកាកបាទក្រហមខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី កញ្ញា អ៊ូ ភិចហុង អនុប្រធានគ្រប់គ្រងគម្រោង នៃអង្គការWorldFish លោកស្រី ឡូវ សំណាន ប្រធានអង្គការអភិវឌ្ឍន៍នារីខ្មែរ (ANKO) លោកនាយខណ្ឌរដ្ឋបាលជលផល តំណាងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អភិបាល អភិបាលរងស្រុក អស់លោក លោកស្រី ជាមេឃុំ តាមតំបន់គោលដៅ ព្រមទាំងសិក្ខាកាមជាច្រើននាក់ទៀត។

គម្រោងធនធានជលផលតាមវាលស្រែ នៃកម្មវិធីសន្តិសុខស្បៀង សម្រាប់អនាគតនៅកម្ពុជា ដំណាក់កាលទី២នេះ ធ្វើឡើងក្នុងគោលបំណង ធ្វើឲ្យប្រសើរ ឡើងនូវសុវត្ថិភាពស្បៀងអាហារ និងអាហាររូបត្ថម្ភ សម្រាប់គ្រួសារដែលក្រីក្រ និងងាយរងគ្រោះ នៅតាមជនបទ ជុំវិញបឹងទន្លេងសាប។ ប្រព័ន្ធជលផលតាមវាលស្រែ ត្រូវបានប្រើប្រាស់ដោយពហុប្រយោជន៍មានប្រសិទ្ធភាព និងសមភាព នៅក្នុងសហគមន៍ស្រះជម្រកត្រី សម្រាប់ការបង្កើនផលិតភាព និងលទ្ធភាពនៃធនធានជលផល ព្រមទាំងដំណាំរួមផ្សំផ្សេងៗទៀត៕