(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតផ្លូវការចូលរួមរំលែកទុក្ខដល់លោកស្រី ជូឡុង សូមូរ៉ា ដែលម្តាយបង្កើតរបស់លោកស្រី គឺឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ បានទទួលមរណភាព ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ ខណៈកូនប្រុសសម្តេចតេជោគឺលោក ហ៊ុន ម៉ានី បានអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អង្គភាព Fresh News ឲ្យដឹងថា សម្តេចក៏បានទូរស័ព្ទជួបដោយផ្ទាល់ ជាមួយលោកស្រី ជូឡុង សូមួរ៉ា រយៈពេលប្រមាណ៥នាទី ដោយបានសម្តែងការសោយស្តាយ និងចូលរួមរំលែកទុក្ខចំពោះការទទួលមរណភាពរបស់ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ ដោយសម្តេចតេជោបានបញ្ជាក់ថា ជាកាយវិការក្នុងនាមយើងជាខ្មែរដូចគ្នា។

នៅក្នុងលិខិតរំលែកទុក្ខផ្ញើជូនលោកស្រី ជូឡុង សូមូរ៉ា, សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ភរិយាខ្ញុំ និងរូបខ្ញុំផ្ទាល់ទើបបានទទួលដំណឹងប្រកបដោយ សេចក្តីកត់ស្លុត នៃមរណភាពដ៏គយរឲ្យសោយស្តាយរបស់ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ក្រ ដែលត្រូវជាម្តាយបង្កើតជាទីគោរពស្រឡាញ់របស់លោកជំទាវ។ យើងខ្ញុំយល់ណាស់អំពីទុក្ខសោករបស់បុត្រា បុត្រី ដែលបានបាត់បង់នូវអ្នកមានគុណជាទីស្រឡាញ់របស់ខ្លួន។ ភរិយាខ្ញុំ និងរូបខ្ញុំផ្ទាល់ សូមចូលរួមរំលែកទុក្ខដោយស្មោះចំពោះមរណភាពនេះ នៅក្នុងកាយវិការដែលយើងជាជាតិខ្មែរដូចគ្នា»

សូមជម្រាបថា បច្ចុប្បន្នសព ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ ដែលជាម្តាយបង្កើតរបស់លោកស្រី ជូឡុង សូមួរ៉ា កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅគេហដ្ឋានលោកប្រធាន សម រង្ស៉ី ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

ខាងក្រោមនេះជាលិខិតរបស់ចូលរួមរំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន៖