(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញសារនយោបាយ ឌឺឲ្យលោក សម រង្ស៉ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន និងលោកសាស្ត្រាចារ្យដើមកំណើតខ្មែរ រស់នៅសហរដ្ឋអាមេរិក អៀ សុផល ដែលពួកគេទាំង២នាក់ បានហៅប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថា ជាជនផ្តាច់ការ និងជាមនុស្សល្ងង់ខ្លៅ ដោយសម្តេចបានលើកឡើងថា «ខ្ញុំក៏កំពុងរង់ចាំមើលដែរថា តើ២នាក់នេះគេនឹងធ្វើរបៀបណា?...នេះពិតជាវាយក្បាលហ៊ុន សែនត្រូវក្បាល ប្រធានាធិបតីអាមេរិកមែន»។

ការបញ្ចេញសារនយោបាយ ដ៏មានខ្លឹមសារយ៉ាងជ្រាលជ្រៅនេះ នៅពេលដែលសម្តេចតេជោ ហ៊ុន សែន បានសរសេរ Comments ក្នុង Facebook របស់អង្គភាព Fresh News នៅក្នុងអត្ថបទមួយដែលមានចំណងជើងថា «ទស្សនៈនិងមតិ៖ តើលោក សម រង្ស៊ី និង អៀ សុផល សុខចិត្តបន្តរស់នៅជាមួយរបបដឹកនាំ ដោយមនុស្សល្ងង់ខ្មៅ និងផ្តាច់ការទេ?» ដែលបានចុះផ្សាយ នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ខាងក្រោមនេះ គឺជាសារនយោបាយទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន៖

«ខ្ញុំក៏កំពុងរង់ចាំមើលដែរ ថាតើ២នាក់នេះគេនឹងធ្វើរបៀបណា? បើយោងតាមសំដីគាត់និយាយ អនាគតប្រធានាធិបតីអាមេរិក គឺជាមនុស្សផ្តាច់ការផង និងជាមនុស្សល្ងង់ខ្វះការអប់រំផង។ បើសិក្សាឲ្យស៉ីជម្រៅលើ អត្ថបទដែលចុះផ្សាយដោយ កាំបូតឌាដេលី មនុស្ស២នាក់នេះ មានចេតនាវាយប្រហារខ្ញុំ ទើបយកខ្ញុំទៅប្រៀបធៀបជាមួយលោក ដូណាល់ត្រាំ ដែលមានចរិត្តលក្ខណៈដូចគ្នា ឬប្រហាក់ប្រហែលគ្នា។

សេដ្ឋីមានប្រាក់រាប់ពាន់លានដុល្លារ គឺជាអ្នកជំនួញដ៏ជោគជ័យម្នាក់ និងបេក្ខជនប្រធានាធិបតីដ៏មាន សក្តានុពលនៃប្រទេសមហាអំណាចមួយ​ ត្រូវទទួលការប្រមាថពីមនុស្ស២នាក់នេះ។ នេះពិតជាវាយក្បាលហ៊ុន សែនត្រូវក្បាល ប្រធានាធិបតីអាមេរិកមែន។ នេះពិតជានយោបាយស្ទើរភ្លើង និងក្មេងខ្ចីខ្លាំងណាស់ សូមអ្នកទាំង២នាក់រៀនសូត្របន្ថែមទៀត លើកិច្ចការនយោបាយ។ នេះជាការផ្តល់យោបល់ដោយសុទ្ធចិត្ត ព្រោះខ្ញុំមិនចង់ឲ្យគេដៀលអស់លោកថា អាភ្លើនោះទេ ព្រោះយើងជាខ្មែរដូចគ្នា។

នយោបាយមាន សែនអត់ស៉ី មានស៉ីអត់សែន ដែលដាក់ចេញតាំងពីយុទ្ធនាការបោះឆ្នោតឆ្នាំ២០០៣ មិនទាន់បានលប់ចោល ឬកែតម្រូវផង ពេលនេះមកមានកំហុសលើការមើលងាយ និងប្រមាថចំពោះអនាគតប្រធានាធិបតីអាមេរិកទៀត។ មានទោស រត់ចោលស្រុកសូមកុំបន្ទោស អ្នកណាផ្សេងក្រៅពីអណ្តាតខ្លួនឯង គឺអណ្តាតអត់ឆ្អឹង អណ្តាតដែលមិនគ្រាន់តែជេរខ្មែរគ្នាឯងទេ តែហ៊ានទៅប្រមាថប្រធាធិបតី ប្រទេសផ្សេងដែលខ្លូនចាត់ទុកថា ជាបីតាប្រជាធិបតេយ្យ និងមាតាសិទ្ធិមនុស្សថា ជាមនុស្សផ្តាច់ការ និងអវិជ្ជាទៀតផង។ សំដីលើកនេះបង្ហាញគ្រប់គ្រាន់ ពីសារជាតិនៃមនុស្សដែលតែងតែបង្កជម្លោះ ហើយទម្លាក់កំហុសឱយអ្នកផ្សេង»៕