(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចុះអនុស្សរណជាមួយរដ្ឋាភិបាល នៃសាធារណរដ្ឋអា​ស្សែបៃហ្សង់ នៅឆ្នាំ២០១៧ ខាងមុខ ដោយផ្ដោតសំខាន់លើវិស័យទេសចរណ៍ និងការតភ្ជាប់ជើងហោះហើរត្រង់។

ការលើកឡើងបែបនេះ ធ្វើឡើងក្រោយពីជំនួបរវាងលោករដ្ឋមន្រ្តី ថោង ខុន ជាមួយលោក អាណា អ៊ីម៉ាណូវ ឯកអគ្គរដ្ឋទូតអាស្សែបៃហ្សង់ នាទីស្ដីការក្រសួងទេសចរណ៍ ហើយជំនួបនៅថ្ងៃនេះផងដែរ ក៏ធ្វើឡើងក្រោយដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅប្រទេសអាស្សែបៃហ្សង់ កាលពីឆ្នាំ២០១៥ កន្លងទៅ។

លោករដ្ឋមន្រ្តី ថោង ខុន បានថ្លែងថា «នឹងមានការចុះ MoU មួយ លើកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា ជាមួយក្រសួងទេសចរណ៍ និង​វប្បធម៌នៃប្រទេសអាស៊ាបៃហ្សង់ ដែលភាគីទាំងពីរ បានឯកភាពគ្នាជំរុញឲ្យមានលំហូរភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសអាស៊ាបៃហ្សង់មកប្រទេសកម្ពុជា ឲ្យកាន់តែ​ច្រើន»

លោករដ្ឋមន្រ្តីបន្តថា លោកឯកអគ្គរដ្ឋទូតអាស៊ាបៃហ្សង់ លោកបានមើលឃើញពីសក្ដានុពលទេសចរណ៍នៅកម្ពុជា ដែលក្នុងនោះ កម្ពុជាមានប្រាង្គប្រាសាទបុរាណជាច្រើន ដូចជាប្រាសាទអង្គរវត្ត, កម្ពុជាមានតំបន់ទេសចរណ៍ធម្មជាតិ, ទេសចរណ៍វប្បធម៌, មានឆ្នេរសមុទ្រស្អាត ពិសេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពសង្គម និងនយោបាយពេញលេញ ដែលជាកត្តាទាក់ទាញចំណាប់អារម្មណ៍ដ៏ខ្លាំងបំផុតរបស់អ្នកទេសចរ និងអ្នកវិនិយោគអាស៊ាបៃហ្សង់។

លោករដ្ឋមន្រ្តីបានបន្ថែមថា «ក្នុងជំនួបនោះផងដែរ ភាគីទាំងពីរក៏បានពិភាក្សាគ្នា លើការងារទាក់ទាញអ្នកវិនិយោគអាស៊ាបៃហ្សង់ ឲ្យមកវិនិយោគនៅកម្ពុជាឲ្យបានច្រើន ពិសេសក្នុងវិស័យ​ទេសចរណ៍នេះតែម្តង។ ផែនការទាំងអស់នេះហើយ ដែលភាគីទាំងពីរ មានបំណងចង់ចុះ MoU ជាមួយគ្នាឲ្យបានឆាប់ គឺនៅឆ្នាំក្រោយ ហើយគ្រោងនឹងបង្កើតជាក្រុមការងាររបស់ប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចការរៀបចំ MoU នេះ»។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតអាស៊ាបៃហ្សង់ ក៏បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យជួយជំរុញការផ្សព្វផ្សាយអំពី ទេសចរណ៍កម្ពុជាឲ្យបានទូលំទូលាយ ទៅក្នុងទីផ្សារទេសចរណ៍អាស៊ាបៃហ្សង់ ព្រមទាំងបានស្នើឲ្យកម្ពុជាមានគោលនយោបាយពិសេស សម្រាប់លើកទឹកចិត្តដល់អ្នកទេសចរ និងអ្នកវិនិយោគអាស៊ាបៃហ្សង់ ផងដែរ។ សំណើនេះ ត្រូវបានលោករដ្ឋមន្រ្តី ថោង ខុន បានសន្យាថា នឹងជួយសម្របសម្រួលឲ្យបានល្អបំផុត ពិសេសលើបញ្ហាទិដ្ឋការចេញ-ចូល របស់ទេសចរអាស៊ាបៃហ្សង់។

សូមជម្រាបថា នៅឆ្នាំ២០១៥ ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនា​កម្ពុជាមានចំនួន ៤.៨លាននាក់ បានបង្កើតឱកាសការងារ​ដោយផ្ទាល់ប្រមាណ ៦០ម៉ឺននាក់ និងដោយប្រយោល​រាប់សិប​ម៉ឺននាក់ទៀត។ នៅឆ្នាំ២០១៦នេះ កម្ពុជារំពឹងទុកថា នឹងទទួលបានភ្ញៀវអន្តរជាតិយ៉ាងតិច ៥លាននាក់ ហើយនៅឆ្នាំ២០២០ ខាងមុខ កម្ពុជាក៏រំពឹងថា នឹងទទួលបានទេសច​រ​អន្តរជាតិយ៉ាងតិច ៧លាននាក់ និងទេសចរជាតិ ១០លាននាក់៕