(ភ្នំពេញ)៖ តាំងពីមុនបោះឆ្នោតនៅសហរដ្ឋអាមេរិកមកម្ល៉េះ លោក សម រង្ស៊ី មេបក្សប្រឆាំងនៅកម្ពុជាដែលបាននិរទេស​ខ្លួនឯងទៅ​ក្រៅប្រទេស បានហៅ​បេក្ខជន ដូណាល់ ត្រាំ ថាជាជន​ផ្ដាច់​ការ ហើយលោកសាស្ត្រាចារ្យដើមកំណើតខ្មែររស់នៅសហរដ្ឋអាមេរិក អៀ សុផល ក៏បានហៅលោក ដូណាល់ ត្រាំ ថាជាមនុស្សល្ងង់ខ្លៅ និងផ្ដាច់ការដូចគ្នា​ដែលជំហររបស់​លោក​ទាំងពីររូបនេះ ត្រូវបានគេមើលឃើញថា គ្រាន់តែមានគោលបំណងជួយជ្រោមជ្រែងឲ្យលោកស្រី ហ៊ីល ឡារី គ្លីនតុន ដែលជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតប៉ុណ្ណោះ។

ពេលលទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក ចេញមកវាខុសពីគំនិតដែលលោកទាំងពីរចង់បាន មានន័យថា អ្នកដែលលោកទាំងពីរមិនចង់ឲ្យឈ្នះឆ្នោត បែរជាឈ្នះបានឡើងធ្វើជា​ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ដោយសារតែប្រជាពលរដ្ឋសហរដ្ឋអាមេរិក ភាគច្រើនបោះឆ្នោតគាំទ្រឲ្យលោក ដូណាល់ ត្រាំ ផ្ទុយពីជនជាតិខ្មែរពីររូប ដោយមួយរូបមានសញ្ជាតិ​អាមេរិកស្រាប់ និងមួយរូបទៀតមានសញ្ជាតិបារាំង។ ឥឡូវនៅសល់មិនដល់២ខែទៀតទេ លោក អូបាម៉ា នឹងចាកចេញ ហើយលោក ដូណាល់ ត្រាំ នឹងចូលទៅគ្រប់គ្រងវិមានប្រធានាធិបតី សហរដ្ឋអាមេរិកវិញ ក្នុងនាមជាប្រធានាធិបតី មកពីខាងសាធារណរដ្ឋ។

ខណៈរង់ចាំពេលឡើងកាន់អំណាចជាផ្លូវការរបស់លោក ដូណាល់ ត្រាំ នៅសហរដ្ឋអាមេរិកនោះ នៅឯកម្ពុជាឯណេះវិញ ក្រុមអ្នកចូលចិត្តតាមដាននយោបាយ នៅស្រុកខ្មែរ និងអន្តរជាតិ គេក៏កំពុងរងចាំមើលជំហររបស់លោក សម រង្ស៊ី មេបក្សប្រឆាំងនៅកម្ពុជា និងលោក អៀ សុផល សាស្ត្រាចារ្យខ្មែរ នៅសហរដ្ឋអាមេរិកផងដែរ ថាតើលោកនឹងជ្រើសរើស​យកផ្លូវដើរមួយ​ណា? តើលោក សម រង្ស៊ី បន្តដើរទៅរកលោក ដូណាល់ ត្រាំ ឲ្យជួយខ្លួន ឬក៏លោកបញ្ឈប់លែងត្រូវការ ឲ្យមេដឹកនាំដែលខ្លួនចាត់ទុកថា ផ្ដាច់ការឲ្យជួយខ្លួនតទៅទៀត។

ចំណែកលោក អៀ សុផល ដែលចាត់ទុកលោក ដូណាល់ ត្រាំ ជាមនុស្សល្ងង់អវិជ្ជា និងផ្ដាច់ការ ថាតើនៅពេលដែលលោក ត្រាំ ចូលកាន់តំណែង គាត់បន្តរស់នៅក្នុង របបដែលមានមេដឹក​នាំដោយមនុស្សល្ងង់ និងផ្ដាច់ការតទៅទៀត ឬ មួយគាត់សុខចិត្តចាកចេញពីសហរដ្ឋអាមេរិកដើម្បីគេចចេញ ពីមេដឹកនាំល្ងង់ និងផ្ដាច់ការ រូបនេះ។

មុនការបោះឆ្នោតនៅអាមេរិក លោក អៀ សុផល បានប្រកាសជាមុនថា ការឡើងកាន់អំណាចរបស់ លោក ត្រាំ គឺជា «ការក្រោកឡើងរបស់មនុស្សអវិជ្ជា» ហើយថា លោកប្រធានាធិបតីថ្មីរបស់អាមេរិករូបនេះ មានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ កាសែត Cambodia Daily បានដកស្រង់សម្តីរបស់ លោក អៀ សុផល តាមសារអេឡិចត្រូនិកថា «គាត់ (សម្តេច ហ៊ុន សែន) និង ត្រាំ មានលក្ខណៈស្រដៀងគ្នាយ៉ាងខ្លាំង។ ត្រាំ បង្ហាញពីនិន្នាការយ៉ាងច្បាស់ថា អត្តធិបតេយ្យទាក់ទិនគ្នាយ៉ាងខ្លាំងទៅនឹងរបបផ្ដាច់ការសូម្បីជនហ្វាស៊ីស។ គាត់ស្អប់សារព័ត៌មានចង់ដឹងសារព័ត៌មាន។ គាត់រសើបចំពោះការរិះគន់។ គាត់តែងតែត្រូវជានិច្ចទោះបីជាគាត់ខុសទាំងស្រុងក៏ដោយ។ បើយើងក្រឡេកមើលទៅជុំវិញពិភពលោក មេដឹកនាំដូចគាត់ សុទ្ធតែមាននិន្នាការមិនស្របតាមលទ្ធិប្រជាធិបតេយ្យ»

គេថា ក្នុងនាមជាអ្នកនយោបាយចិត្តកូនប្រុស និងក្នុងនាមជាសាស្ត្រាចារ្យដែលតាំងខ្លួនឯងជាអ្នកចេះដឹងមួយរូប មិនគួរនាំគ្នារាប់រក និងរស់នៅជ្រកក្រោមរបបមួយ ដែលមានមេដឹកនាំល្ងង់ខ្លៅ និងផ្ដាច់ការនោះទេ។ យកល្អទាំងលោក សម រង្ស៊ី ទាំងសាស្ត្រាចារ្យ អៀ សុផល គួរតែប្រកាសផ្ដាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាល របស់លោក ត្រាំ ឲ្យហើយទៅ និងចាកចេញពី​សហរដ្ឋអា​មេរិក នៅពេលណាដែលប្រទេសនោះមានមេដឹកនាំល្ងង់ខ្លៅ និងផ្ដាច់ការ គេខ្លាចតែលោកទាំងពីរ បានតែនិយាយ តែមិនហ៊ានធ្វើនោះទេ...។

ដោយឡែក ក្នុងបទសម្ភាសន៍ជាមួយព័ត៌មានឌឺខេមបូឌា ដេលី ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែ វិច្ឆិកានោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក៏បានហៅលោក ដូណាល់ ត្រាំ ថាមិនមែនជាជាអ្នកប្រជាធិបតេយ្យ ហើយជាជនជឿជាក់លើអំណាចផ្តាច់ការរបស់លុយផងដែរ។ លោក សម រង្ស៊ី ថែមទាំងបាន លើកឡើងទៀតថា បើលោក ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតេយ្យអាមេរិក នឹងមានគ្រោះថ្នាក់បំផុតចំពោះពិភពលោក ដែលផ្ទុយពីលោកស្រី ហ៊ីឡារី គ្លីនតុន ដែលមានសភាពនឹងនរ។ ប៉ុន្តែនៅពេលនេះបុរសដែលលោក សម រង្ស៊ី ប្រធានបក្សប្រឆាំងនៅកម្ពុជាហៅថា ជាជនផ្តាច់ការនោះ បានក្លាយជាប្រធានាធិបតីលើកទី៤៥ របស់អាមេរិកហើយ៕