(ភ្នំពេញ)៖ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចោទរដ្ឋសភាថា បានកាត់ផ្តាច់មិនឱ្យគណបក្ស ប្រឆាំងផ្សាយបន្តផ្ទាល់អំពីកិច្ចប្រជុំសភាពេញអង្គ តាមបណ្តាញសង្គម Facebook ប៉ុន្តែទោះជាយ៉ាងណា លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានអះអាងថា ករណីនេះមកពីគណបក្សប្រឆាំងពុំបានស្នើសុំប្រធានសភា សម្តេច ហេង សំរិន ជាមុន។

លោក ឡេង ប៉េងឡុង បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងយ៉ាងដូច្នេះថា «បើសិនជាគាត់ចង់ផ្សាយ ឬយកអ្វីៗពីរដ្ឋសភាទៅផ្សាយ គឺត្រូវសុំច្បាប់សម្តេចប្រធាន ព្រោះមានលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង គឺចង់បានអ្វីពីរដ្ឋសភា គឺត្រូវស្នើសុំ សម្តេច ហេង សំរិន ជាមុន»

លោក ឡេង ប៉េងឡុង បានបញ្ជាក់បន្ថែមថា សកម្មភាពគណបក្សប្រឆាំងដែលផ្សាយបន្តផ្ទាល់ពីកិច្ចប្រជុំនេះ ទៅកាន់ទំព័រ Facebook ឬបណ្តាញសង្គម ដោយគ្មានការអនុញ្ញាត គឺជាការមិនអនុវត្តតាមច្បាប់បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។

សូមបញ្ជាក់ថា នៅក្នុងសន្និសីទកាសែតមួយ នៅស្នាក់ការគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សប្រឆាំង បានសម្តែងការសោកស្តាយ ចំពោះរដ្ឋសភា ដែលបានកាត់ផ្តាច់ការផ្សាយបន្តផ្ទាល់របស់គណបក្សប្រឆាំង លើបណ្តាញសង្គម Facebook ជុំវិញ កិច្ចប្រជុំពេញអង្គរបស់រដ្ឋសភា កាលពីម្សិលមិញ។ អ្នកនាំពាក្យគណបក្សនេះ បានចាត់ទុកថា ទង្វើនេះគឺជាការរំលោភច្បាប់រដ្ឋធម្មនុញ្ញ ដែលចែងថា កិច្ចប្រជុំរដ្ឋសភា ត្រូវផ្សាយជាសាធារណៈ។

លោកថា «តាមធម្មតា កិច្ចប្រជុំសភា គឺធ្វើជាសាធារណៈ ប៉ុន្តែពីម្សិលមិញនេះ គ្រាន់តែបើកកិច្ចប្រជុំភ្លាមជំនួយការរបស់ខ្ញុំបានផ្សាយផ្ទាល់តាម Facebook ហើយគ្រាន់តែផ្សាយភ្លាមកាត់ផ្តាច់ភ្លាម។ ខ្ញុំយល់ថាទង្វើនេះ ផ្ទុយនឹងរដ្ឋធម្មនុញ្ញ»

ប៉ុន្តែការលើកឡើងនេះត្រូវបានខាងរដ្ឋសភា លើកឡើងថា គណបក្សប្រឆាំងពុំបានស្នើសុំប្រធានសភា សម្តេច ហេង សំរិន ជាមុន។

ទោះជាយ៉ាងណា កាលពីម្សិលមិញនេះ ទូរទស្សន៍ជាតិកម្ពុជា ក៏បានផ្សាយទាំងស្រុងនូវកិច្ចប្រជុំសភាពេញអង្គនេះដែរ។ កិច្ចប្រជុំនេះ មានរបៀបវារៈចំនួន៣ ក្នុងនោះរបៀបវារៈចំនួន ត្រូវបានអនុម័តទាំងស្រុងដែលរួមមាន សេចក្តីព្រាងច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស របស់អង្គការសហប្រជាជាតិ, និងច្បាប់ស្តីពីការគ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧៕