(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយ លោក ថងលុន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ ដោយពិភាក្សាគ្នា លើបញ្ហាព្រំដែន និងបញ្ហាមួយចំនួនទៀត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារអប្សរាផាឡែស ខេត្តសៀមរាប។

យោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហោះឲ្យដឹងថា «នៅក្នុងជំនួបទ្វេរភាគីនោះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានពិភាក្សាគ្នាលើបញ្ហាមួយចំនួន រួមទាំងបញ្ហាព្រំដែនដែលប្រមុខដឹកនាំទាំងពីរបានលើកឡើងថា មកដល់ពេលនេះគណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ពុំទាន់បានជួបគ្នាជាបន្តទៀតនៅឡើយទេ ក្នុងពេលកន្លងមក»

នៅក្នុងខែមិថុនាឆ្នាំ២០១៦ក្នុងដំណើរទស្សនៈកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីឡាវមកកម្ពុជា គឺបានឯកភាពគ្នាឲ្យគណៈកម្មការព្រំដែននៃប្រទេសទាំងពីរជួបគ្នា ឲ្យបានឆាប់ដើម្បីដោះស្រាយបញ្ហាដែលនៅ សេសសល់។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានធ្វើកំណត់ទូតតាំងពីខែកក្កដា ដើម្បីជម្រុញការងារនេះអោយបានដំណើរការទៅឆាប់រហ័ស។

សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនភាគីឡាវត្រូវខិតខំជំរុញនិងដោះស្រាយ៖

១).តំបន់តាងឿន ២). ការបើកច្រកព្រំដែនចំនួន០៣ ដែលកន្លងមកបានចាត់ឲ្យគណៈកម្មការចម្រុះព្រំដែន អាជ្ញាធរខេត្ត និងមន្ត្រីកុងស៊ុលធ្វើការជាមួយគ្នា។ ដោយឡែកមានច្រកព្រំដែនអន្តរជាតិមួយកន្លែងទៀត ដែលចំនឹងកន្លែង សង់ស្ពានឆ្លងកាត់ព្រែកល្ពៅ និងច្រកអូស្វាយ-វឿនខាំ និងច្រកទ្វារតំបន់កោះឬស្សី និងច្រកលេខ៤៨ខាងឡាវ។ តំបន់ទាំងនេះ គឺមិនទាន់ឈានដល់ការសម្រេច ដើម្បីបើកច្រកទាំង០៣នេះនៅឡើយទេ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យគណៈកម្មការចម្រុះព្រំដែន សម្រេចអោយបានឆាប់​ ដើម្បីឈានដល់ការបើកច្រកទាំងនេះ អោយបានជាស្ថាពរ។

ចំពោះគម្រោងសាងសង់ស្ពានព្រែកល្ពៅ កន្លងមកគឺភាគីទាំងពីរ បានធ្វើការត្រួតពិនិត្យរួចរាល់អស់ហើយ ប៉ុន្តែពេលនេះ មានបញ្ហាប្រែប្រួលមួយចំនួន​ ដែលទាមទារឲ្យភាគីទាំងពីរ សម្រួលការងារបន្ថែមទៀត។
នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានពិភាក្សាគ្នាផងដែរអំពីការប្រើប្រាស់ប័ណ្ណឆ្លងកាត់តាមព្រំដែន ដើម្បីសម្រួលការឆ្លងកាត់របស់ប្រជាពលរដ្ឋ ជាពិសេសខេត្តដែលមានព្រំប្រទល់ជាប់គ្នា។ ប្រទេសទាំងពីរបានឯកភាពឲ្យប្រើប្រាស់ប័ណ្ណនេះ ចាប់ពីថ្ងៃទី០១ ខែ មករា ឆ្នាំ ២០១៧ នេះតទៅ។

ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ អំពីគម្រោងរៀបចំសម្ពោធច្រកអន្តរជាតិត្រពាំងក្រៀល-ណងនុឃឿន ជាច្រកមួយដ៏សំខាន់ដែលភាគីទាំងពីរបានចរចាគ្នារួចហើយ។ នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរបានឯកភាពនឹងសម្ពោធនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។ ទន្ទឹមនឹងនេះ ដែរ ប្រមុខដឹកនាំទាំងពីរក៏បានឯកភាពគ្នាលើវិធានការផ្លាស់ប្តូរអ្នកទោសរវាងប្រទេសទាំងពីរ បន្ទាប់ពីបញ្ហានេះត្រូវបានពិភាក្សាគ្នារួចមកហើយនោះ។

ពាក់ព័ន្ធនឹងតំបន់វារីអគ្គីសនីដនសាហុង គឺក្រោយពីភាគីកម្ពុជាបានពិនិត្យស្ថានភាពនៅទីនោះរួចហើយ គឺមិនមានបញ្ហាលើគម្រោងអភិវឌ្ឍនេះឡើយ។ ចំពោះការព្រួយបារម្ភរបស់កម្ពុជាអំពីកង្វះខាតទឹក ឬចលនារស់រានរបស់ត្រីក៏មិនមានការប៉ះពាល់ដែរ។ នៅពេលនេះ ឡាវបានចាប់ដំណើរការសាងសង់ គម្រោងវារីអគ្គីសនីនេះហើយ។ សម្តេចតេជោនាយរកដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះភាគីឡាវ ដែលបានសន្យាលក់អគ្គីសនីមកអោយបណ្តាខេត្តរបស់កម្ពុជាដែលជាប់ព្រំដែនជាមួយនឹងទំបន់វារីអគ្គិសនីនេះក្នុងតម្លៃថោក។

ប្រមុខដឹកនាំប្រទេសទាំងពីរ ក៏បានឯកភាពគ្នាក្នុងការតម្លើងចំនួនអាហារូបករណ៍ពី១០ទៅ១៥កន្លែង និងបានឯកភាពតម្លើងប្រាក់ឧបត្ថម្ភអាហាររូបករណ៍ ពី១៥០ដុល្លារ ដល់១៨០ដុល្លារ សម្រាប់និស្សិតដែលផ្លាស់ប្តូរការសិក្សារវាងប្រទេសទាំងពីរដែលនឹងចាប់ផ្តើមអនុវត្តន៍នៅដើមឆ្នាំក្រោយ។

កិច្ចប្រជុំនៃប្រមុខដឹកនាំប្រទេសទាំងពីរបានពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់រវាងកម្ពុជា-ឡាវ ដើម្បីជម្រុញការអភិវឌ្ឍន៍ និងកាត់បន្ថយ ភាពក្រីក្ររវាង ប្រជាពលរដ្ឋនៃប្រទេសទាំងពីរអោយកាន់តែឆាប់និងមានប្រសិទ្ឋិភាព។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនឹងបន្តពិភាក្សាគ្នាបន្ថែមទៀតក្នុងក្របខណ្ឌ CLV ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរកម្ពុជា-ឡាវ។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលរវាងកម្ពុជា ឡាវ និងវៀតណាម លើកទី៩ ស្ដីពី «ការអភិវឌ្ឍតំបន់ត្រីកោណ» នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាប៕