(ភ្នំពេញ​)៖​ ប្អូន​ស្រី​បង្កើត ​និង​ក្រុមគ្រួសារ​ បានចេញមកបំភ្លឺ​ជុំវិញ​ការ​រារាំង​មិន​អនុញ្ញាត​ឲ្យ​ប្រពន្ធ​និង​កូន​ នាំ​បងប្រុសរបស់ខ្លួនទាំងមានជំងឺ​ចេញ​ពី​ផ្ទះ​ ដែលករណីនេះបាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ដល់ប្រជាពលរដ្ឋរស់នៅជិតខាង នៅវេលា​ថ្ងៃ​ត្រង់​ទី​២២​ ខែ​វិច្ឆិកា​ នៅ​ចំណុច​ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌ​ឫស្សី​កែវ។

សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​ លោក​ ហ៊ឹង​ ប៊ុន​ថន​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចុះ​អនុវត្ត​ដីកា​តុលាការ​ ដែល​ត្រូវ​នាំ​បុរស​ចំណាស់​ម្នាក់​ឈ្មោះ​ គឹម​ ចាន់​ថន​ អាយុ​៥៩ឆ្នាំ​ ចេញ​ពី​ផ្ទះ​តាម​បណ្តឹង​របស់​ប្រពន្ធ​ ​និង​កូនរបស់​​ឈ្មោះ​ គឹម​ ចាន់​ថន​ ខណៈ​មិន​បាន​ជូន​ដំណឹង​មុន​នោះទេ​ ពោលគឺ​ អនុវត្ត​ដីកា​តុលាការ​ លឿន​ដូច​ផ្លេក​បន្ទោរ​។​ នៅ​ពេល​អនុវត្តន៍​ដីកា​តុលាការ​ ប្រពន្ធ​របស់​ឈ្មោះ​ គឹម​ ចាន់​ថន​ ពុំ​បាន​ចូល​ផ្ទះ​មើល​ប្តី​ឡើយ​។

ពាក់ព័ន្ធ​ករណី​នេះ​ ប្អូន​ស្រី​បង្កើត​របស់ ​ឈ្មោះ​ គឹម​ ចាន់​ថន​ គឺ​អ្នក​ស្រី​ គឹម​ សុឃុន​ បាន​ផ្ញើ​សារ​មក​កាន់​ Fresh News កាលពី​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​ ដើម្បី​ឲ្យ​ជួយ​ផ្សព្វផ្សាយ​និង​បង្ហាញ​ការ​ពិត​ជុំវិញ​ករណី​នេះ​។

អ្នក​ស្រី​ គឹម​ សុឃុន​ និង​ ក្រុមគ្រួសារ​ រៀបរាប់​ថា​ «មូលហេតុដែលម្តាយ និងប្អូនៗមិន​ឲ្យ​បងប្រុសទៅវិញ ព្រោះកូនៗនិងប្រពន្ធគាត់មិនបានថែទាំគាត់ដូច​សម្តី​ដែលបាន​និយាយឡើយ​។​ នៅពេលបងប្រុសខ្ញុំធ្លាក់ខ្លួនឈឺ ពួកគេយកគាត់ទៅពេទ្យបំរុងរ៉ាត់ បាន​រយៈ​ពេលប្រហែលមួយខែ ដោយ​ចំណាយ​ប្រាក់​ជិត​៥ម៉ឺន​ដុល្លារ​។​ ពេល​នៅ​ពេទ្យ​បំរុង​រ៉ាត់​ អ្នកស្រី​ គឹម​ សុខា​ ជា​ប្អូន​ស្រី​ពៅ​ និង​ ប្អូនប្រុស​ទី​៥​ ក៏បាន​ទៅ​និង​ចេញ​លុយ​ដែរ​ ។​ ក្រោយ​មក​ ប្រពន្ធគាត់ប្រាប់ថា អស់លុយហើយសុំលក់ផ្ទះដើម្បីយកលុយមើលគាត់​។​ បងប្អូនក៏យល់ព្រម​។​ នៅពេលលក់ផ្ទះបានលុយចំនួន​ជាង​២​លានដុល្លារ គាត់យកបងខ្ញុំទៅ​ប្រទេស​វៀតណាម​ចំនួន​៣យប់​៤ថ្ងៃ​ តែ​ក្រោយ​មក​ បាន​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ​ ដោយ​ស្នាក់​នៅ​ផ្ទះ​ប្រពន្ធ​អស់​រយៈពេល​១ឆ្នាំ​៣ខែ» ។

ដោយ​មើល​ឃើញ​ពី​ស្ថានភាព​ជំងឺ​របស់​បង​ប្រុស​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​ ពោល​គឺ​ ខ្លួន​ឡើង​ស្គមស្គាំង​ មាន​ដំបៅ​នៅ​ជើង​ និង​ បញ្ហា​មួយ​ចំនួន​ទៀត​ អ្នក​ស្រី​ គឹម​ សុឃុន​ និង​ ក្រុមគ្រួសារ​ បាន​ទៅ​សុំ​យក​បងប្រុស​ដើម្បី​មក​ថែរក្សា​។​

ក្រោយ​យក​បងប្រុស​មក​ថែរក្សា​បាន​រយៈពេល​២ខែ​ កូនប្រសា​ប្រុស​ បាន​មក​មើល​បងប្រុស​នៅ​ផ្ទះ​ក៏​លាន់​មាត់​ថា​ «មើល​ថែទាំ​បាន​ល្អ​ម្ល៉េះ​ ខុស​ពី​កាល​ប្រពន្ធ​បងប្រុស​ជា​អ្នក​មើល​ថែ​»​។​ ជា​រៀង​មក​ទៀត​ អ្នក​ស្រី​ គឹម​ សុឃុន​ និង​ក្រុមគ្រួសារ​ បាន​មើល​ថែ​ បងប្រុស​ ដោយ​យកចិត្ត​ទុកដាក់​បំផុត​ រហូត​​ប្រុស​មាន​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ​ ខុស​ស្រឡះ​ ពី​ការ​ដែល​ប្រពន្ធ​គាត់​មើល​ថែទាំ​។

អ្នក​ស្រី​ គឹម​ សុឃុន​ បាន​រំលឹក​ថា​ រយៈពេល​ជិត​៩ខែ​ ដែល​អ្នក​ស្រី​និង​ក្រុមគ្រួសារ​ បាន​មើល​ថែ​បងប្រុស​ គឺ​ ប្រពន្ធ​មិន​ដែល​មក​មើល​ប្តី​សោះ​ រីឯ​កូន​មក​មើល​តិចតួច​ប៉ុណ្ណោះ​ ហើយ​រាល់​ការ​ចំណាយ​ទាំង​អស់​ជិត​២០០០ដុល្លារ​ក្នុង​មួយ​ខែ​ គឺ​អ្នក​ស្រី​ និង​ក្រុមគ្រួសារ​ ជា​អ្នក​ចេញ​ ធ្វើ​យ៉ាងណា​ឲ្យ​តែ​បងប្រុស​ បាន​ជា​សះស្បើយ​ ខណៈ​ដែល​រយៈពេល​ជិត​៩ខែ​នេះ​ ប្រពន្ធ​​ មិន​ដែល​ចេញ​លុយ​ឡើយ​។

នៅជាមួយប្រពន្ធកូន គាត់​រយៈ​ពេល១ឆ្នាំ៣​ខែ​ នៅពេលម្តាយនិង​ប្អូនៗទៅសួរ​សុខទុក្ខគាត់ឃើញថាអត់មានអ្នកណាមើលថែគាត់ទេ ទុកគាត់​ឲ្យ​ឡើង​ដំបៅជើងរឹង​ក្រញង់​មុខមាត់ដុះផ្សិតដូចក្នុងរូបនឹង​អញ្ចឹងទើបម្តាយ និងប្អូនៗសុំយកមកថែទាំ​ម្តង។

អ្នក​ស្រី​ គឹម​ សុឃុន​ និង​ ក្រុមគ្រួសារ​ បាន​ដាក់​ជា​ចម្ងល់​ថា​ តើ​មូលហេតុ​អ្វី​ពិត​ប្រាកដ​ នៅ​ពី​ក្រោយ​ខ្នង​ ដែល​ប្រពន្ធ​និង​កូន​ ចង់​ទាមទារ​ខ្លាំង​ម្ល៉េះយក​បងប្រុស​ទៅ​វិញ​ ខណៈ​ដែល​កន្លង​ទៅ​មិន​ដែល​ខ្វាយខ្វល់​សោះ​នោះ​ ?​ ។​ អ្នកស្រី​និង​ក្រុម​គ្រួសារ​ ​ ប្រកាស​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​​ថា​ នឹង​ថែរក្សា​បងប្រុស​អស់​មួយ​ជីវិត​ ទោះ​បី​ត្រូវ​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន​ក៏​ដោយ។

ទោះជាយ៉ាងណា នេះគ្រាន់តែការបកស្រាយរបស់ភាគីខាង ប្អូន និងម្តាយ លោក គឹម​ ចាន់​ថន​ តែប៉ុណ្ណោះ។ ខណៈដែល Fresh News មិនទាន់អាចទំនាក់ទំនងទៅប្រពន្ធ និងកូន លោក គឹម​ ចាន់​ថន ដើម្បីបំភ្លឺនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បាននៅឡើយទេ៕