(ភ្នំពេញ)៖ និស្សិតកម្ពុជាមួយក្រុម នឹងចេញដំណើរទៅកាន់ប្រទេសសឹង្ហបុរី នៅដើមខែមករា ឆ្នាំ២០១៧​ខាងមុខ ដើម្បីដណ្តើមយកជ័យលាភីលេខមួយ ផែ្នកផ្សារភាគហ៊ុន។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នៅថៃ្ងទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា និស្សិតឆ្នើមកម្ពុជាចំនួន​ ៣​នាក់ មកពីសាកលវិទ្យាល័យ AUPP ជាតំណាងប្រទេស កម្ពុជាដើម្បី​ចូល​រួម​ប្រកួត​​វគ្គ​ផ្តាច់​ព្រ័ត្រ នៃកម្មវិធី​ប្រកួត​ជួញដូរភាគហ៊ុនCIMB ប្រចាំតំបន់អាស៊ាន ឆ្នាំ​២០១៦ នៅ​ប្រទេសសិង្ហបុរី នាថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៧ ជាមួយនឹងក្រុមជើងឯក មកពី៤ ​ប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ាន។

ធនាគារស៊ីអាយអឹមប៊ី (CIMB Bank) បានសហការជាមួយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ក្នុងការរៀបចំកម្មវិធីប្រកួត​ជួញដូរភាគហ៊ុនCIMB ប្រចាំ​តំបន់​អាស៊ាន ឆ្នាំ​២០១៦ សម្រាប់និស្សិតកម្ពុជា ក៏ដូចជានិស្សិតក្នុងតំបន់​មកពី​៥​ប្រទេស ក្នុងនោះរួមមាន ប្រទេសសឹង្ហបុរី ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងកម្ពុជា​។

បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងចំណោមនិស្សិត​១១៦​ក្រុម មកពី​១៧​គ្រឹះស្ថានឧត្តមសិក្សានៅ​កម្ពុជា ​និស្សិត AUPP ត្រូវបានប្រកាស​​ ជាក្រុមជើងឯកថ្នាក់ជាតិ ដែលត្រូវបានជ្រើសរើសជាតំណាង​កម្ពុជា ដើម្បី​ទៅចូល​រួម​ប្រកួត​​វគ្គ​ផ្តាច់​ព្រ័ត្រ នៃកម្មវិធីខាងលើ​។

គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និង និស្សិត សាកលវិទ្យាល័យ AUPP សូមចូលរួមអបអរសាទរ និងសូមកោតសរ​សើរដល់​ និស្សិតទី១៖ឈ្មោះ ល័ក្ខ សុផាវត្តី ទី២​៖ឈ្មោះ ហ៊ុយ រ័ត្នពិសាល និងទី៣៖ឈ្មោះ ជិន ច័ន្ទដាលុច្ស ដែលបានខិតខំដណ្តើម​យកជ័យជំនះដ៏ធំធេងនេះ សម្រាប់ខ្លួនឯង ក្រុមគ្រួសារ មិត្តភ័ក្រ្ត សាស្រ្តាចារ្យ និងបុគ្គលិក នៅសាកលវិទ្យាល័យ AUPP។

លោក ហុង សុហួរ អគ្គនាយក នៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានថ្លែង​ ក្នុងពិធីប្រគល់ពាន​រង្វាន់ដល់ ជ័យលាភីកំពូលថា «ការប្រកួតផ្សារមូលបត្រថ្នាក់តំបន់ អាស៊ាន របស់ធនាគារ CIMB ពិតជាផ្តល់នូវសារប្រយោជន៍ជា ច្រើនដល់និស្សិតកម្ពុជា នូវបទពិសោធន៍ក្នុងទីផ្សារភាគហ៊ុន ដើម្បីបង្កើត នូវគំនិតសហគ្រិនវ័យក្មេង វិនិយោគិន ក៏ដូចជា អភិវឌ្ឍវិស័យធនធានមនុស្សនៅកម្ពុជា»

សូមបញ្ជាក់ថា AUPP បានចុះកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យធំៗចំនួនពីរ នៅសហរដ្ឋអាមេរិក សម្រាប់ការផ្តល់ កម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degrees)​។ សញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញ ដោយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ឬសាកលវិទ្យាល័យរដ្ឋហ្វតហេយ (Fort Hays State University) បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនៅ AUPP។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ ០២៣ ៩៩០ ០២៣/ ០១២ ២៦៦ ៦៣១ ឬចូលទៅកាន់ គេហទំព័រ www.aupp.edu.kh៕