(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកំពុងស្ថិតនៅឯខេត្តសៀមរាប បានលើកឡើងនៅលើ Facebook របស់ Fresh News ថា បុរសម្នាក់ដែលនិយាយថា លោក ដូណាល់ ត្រាំ ជាមនុស្សអវិជ្ជា និងផ្តាច់ការ ដល់ពេលល្មមចាកចេញពីអាមេរិក មុនពេលលោក ត្រាំ ស្បថចូលកាន់ដំណែង ដើម្បីកុំឱយពួកអាល្ងង់ត្រួតក្បាលទាន់។

បើទោះបីសម្តេចតេជោ ហ៊ុន សែន មិនបានបង្ហាញថា បុរសម្នាក់នោះជាអ្នកណា, ប៉ុន្តែគេនៅចាំបានថា មុនលទ្ធផលបោះឆ្នោតត្រូវបានប្រកាស, លោក អៀ សុផល សាស្ត្រាចារ្យរងជំនាញខាងការទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ Occidental College នាទីក្រុងឡូសអែនជើឡេស សហរដ្ឋអាមេរិក ធ្លាប់បានហៅ លោក ដូណាល់ ត្រាំ ថាជាជនអវិជ្ជា និងផ្តាច់ការដែរ ប៉ុន្តែទីបំផុតលទ្ធផលបោះឆ្នោតបានបង្ហាញថា បុរសដែលសាស្រ្តាចារ្យរូបនោះហៅថា «ជនផ្តាច់ការ»នោះ ត្រូវបានគាំទ្រដោយប្រជាជនភាគច្រើន នៅសហរដ្ឋអាមេរិក ឱ្យធ្វើជាប្រធានាធិបតី នឹងត្រូវចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook របស់ Fresh News យ៉ាងដូច្នេះថា៖

«ខ្ញុំក៏សូមអរគុណចំពោះលោក ដូណាល់ ត្រាំ ដែលហ៊ាននិយាយ ការពិតចំពោះអំពើស្មោកគ្រោកនៃបណ្តាញសារព័ត៌មានអាមេរិក ដែលវាប្រហាក់ប្រហែលគ្នាទាំង អស់ពិសេសពួកនៅតាមបណ្តាប្រទេសនានាៗរាប់ទាំងនៅកម្ពុជាផង។ ពូកែលាបពណ៌ពូកែមួលបង្កាច់ ពូកែវាយប្រហារ។ល។ អីចឹងហើយបានជាមានសង្គ្រាម នៅអ៉ីរ៉ាក់ លីប៊ី ស៊ីរី យ៉េមែន។ល។ មិនឈប់សោះដែលមួយផ្នែកចេញមកពីសាព័ត៌មានអុចអាល។ ឆ្លៀតពេលនេះសុំសួរទៅអ្នកចោទ លោកត្រាំថា ជាជនផ្តាច់ការ តើគិត យ៉ាងណាបើត្រាំ និងក្លាយជាប្រធានាធិបតីអាមេរិក។ ឯលោកម្នាក់ទៀតដែលបាននិយាយថា បើត្រាំ ឈ្នះឆ្នោតគឺជាយុគ្គសម័យ នៃការរះឡើងនៃក្រុមអវិជ្ជា (ពួកល្ងង់) ល្មមចាកចេញពីអាមេរិកមុនពេលលោកត្រាំ ស្បថចូលកាន់ដំណែងដើម្បីកុំឱយពួកអាល្ងង់ត្រួតក្បាលទាន់»។

លោក អៀ សុផល បានប្រកាសថា ការឡើងកាន់អំណាចរបស់ លោក ត្រាំ គឺជា «ការក្រោកឡើងរបស់មនុស្សអវិជ្ជា»។ កាសែត Cambodia Daily បានដកស្រង់សម្តីរបស់ លោក អៀ សុផល តាមសារអេឡិចត្រូនិកថា «គាត់ (សម្តេច ហ៊ុន សែន) និង ត្រាំ មានលក្ខណៈស្រដៀងគ្នាយ៉ាងខ្លាំង។ ត្រាំ បង្ហាញពីនិន្នាការយ៉ាងច្បាស់ថា អត្តធិបតេយ្យទាក់ទិនគ្នាយ៉ាងខ្លាំងទៅ នឹងរបបផ្ដាច់ការសូម្បីជនហ្វាស៊ីស។ គាត់ស្អប់សារព័ត៌មានចង់ដឹងសារព័ត៌មាន។ គាត់រសើបចំពោះការរិះគន់។ គាត់តែងតែត្រូវជានិច្ចទោះបីជាគាត់ខុសទាំងស្រុងក៏ដោយ។ បើយើងក្រឡេកមើលទៅជុំវិញពិភពលោក មេដឹកនាំដូចគាត់ សុទ្ធតែមាននិន្នាការមិនស្របតាមលទ្ធិប្រជាធិបតេយ្យ»៕