(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានស្នើសុំឲ្យ លោក ហ៊្វូមីអាគី តាកាហាស៊ី (TAKAHASHI Fumiaki) ប្រធានសមាគម កម្ពុជា-ជប៉ុន ជួយ បន្តផ្ដល់អាហារូបករណ៍ឲ្យបានច្រើនជាងឆ្នាំមុនៗ មកនិស្សិតកម្ពុជា និងស្នើឲ្យជួយក្នុងការការពារទៅដល់ពលករកម្ពុជា ជាង៣ពាន់នាក់ ដែលកំពុងធ្វើការនៅប្រទេសជប៉ុន។

សំណើរបស់ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានធ្វើឡើងនៅក្នុងជំនួប ជាមួយ លោក ហ៊្វូមីអាគី តាកាហាស៊ី (TAKAHASHI Fumiaki) ប្រធានសមាគម កម្ពុជា-ជប៉ុន នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០១៦នេះ ។

ឧបនាយករដ្ឋមន្ដ្រី ក៏បានបញ្ជាក់ឲ្យដឹងថា សព្វថ្ងៃនេះមានយុវជនខ្មែរបានទៅបណ្ដុះបណ្ដាលនៅប្រទេសជប៉ុនចំនួន៣៣០០  ហើយ៣៣០០នាក់នេះ ធ្វើការឆ្នាំដំបូងបានតែ ៥០០ដុល្លារតែបណ្ណោះក្នុងមួយឆ្នាំ និងឆ្នាំទី២ និងទី៣ បាន៨០០ ទៅ១០០០ដុល្លារក្នុងមួយឆ្នាំ តាមម៉ោងធ្វើការ នឹងធ្វើការឲ្យគេផង គេបណ្ដុះបណ្ដាល និងគេបង្រៀនថែមទៀត ដូចនេះជាវិធីមួយ ប្រទេសបច្ចេសវិទ្យាហើយយុវជនយើង ទៅធ្វើការបណ្ដុះបណ្ដាលនេះដែល ដើម្បីត្រលប់មកជួយជាតិយើង ក្នុងវិស័យកាត់ដេរ កសិកម្ម ហើយនឹងវិស័យខាងសំណង់ ។

ជាការឆ្លើយតប លោក ហ៊្វូមីអាគី តាកាហាស៊ី (TAKAHASHI Fumiaki) ប្រធានសមាគម កម្ពុជា-ជប៉ុន ក៏បានសន្យា នឹងជំរុញដល់ការផ្តល់អាហារូបកណ៍ បន្ថែមទៀត៕