(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដាក់អនុសាសន៍ណែនាំឲ្យសហជីពជប៉ុនប្រចាំផ្សារអ៉ីអន ត្រូវបំពេញតួនាទីរបស់ខ្លួនឲ្យស្របតាមលក្ខខន្តិ្កកៈ និងច្បាប់ជាធរមាន និងចាំបាច់ត្រូវការពារសិទ្ធិសេរីភាពរបស់កម្មករនិយោជិត ដាច់ខាត់មិនត្រូវទុកបញ្ហាឲ្យកាន់តែធំ នោះឡើយ។

ការណែនាំដ៏មុតមាំបែបនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសហជីពជប៉ុនប្រចាំផ្សារអ៉ីអន ដឹកនាំដោយលោក Tetsuro Murakami នាយកការិយាល័យកិច្ចការអន្តរជាតិ នាទីស្ដីការក្រសួងការងារ។

ក្រោយពីបញ្ចប់ជំនួបខាងលើ លោករដ្ឋមន្រ្តី អ៉ិត សំហេង បានឲ្យដឹងថា «គោលបំណងនៃជំនួបពិភាក្សាការងារនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមអំពី ស្ថានភាពសហជីពក្នុងប្រទេសកម្ពុជា ក៏ដូចជាច្បាប់ស្ដីពីការងារ, ច្បាប់ស្ដីពីសហជីព និងច្បាប់ស្ដីពីរបបសន្តិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជា»។

លោករដ្ឋមន្រ្តី ក៏បានផ្ដល់អនុសាសន៍ឲ្យសហជីពខាងលើ ត្រូវបំពេញតួនាទីរបស់ខ្លួនឲ្យស្របតាមលក្ខខន្តិកៈ និងច្បាប់ស្ដីពីការងារ និងខិតខំការពារសិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងខិតខំពង្រឹងអង្គការចាត់តាំងរបស់ខ្លួនឲ្យបានល្អ សំខាន់បំផុត ត្រូវមានទំនាក់ទំនងឲ្យកាន់តែប្រសើរជាមួយនិយោជក។ រាល់បញ្ហាអ្វី ដែលជាកង្វល់របស់កម្មករនិយោជិត ចាំបាច់ត្រូវដោះស្រាយឲ្យបានឆាប់ មិនត្រូវទុកបញ្ហាទាំងនោះឲ្យកាន់តែធំនោះឡើយ។

លោករដ្ឋមន្រ្តីបានបន្តថា «យើងកំពុងតែគិតគូអំពីបញ្ហាប្រាក់ឈ្នួល ដែលមានយន្តការដំឡើងជារៀងរាល់ឆ្នាំ។ លើសពីនេះ ក្រសួងក៏បានយកដាក់ទុកអនុវត្តទៅលើ របបសន្តិសុខសង្គម ដែលបច្ចុប្បន្ននេះ បានអនុវត្តរួចហើយ នូវរបបហានិយភ័យការងារ និងរបបថែទាំសុខភាព ហើយឆ្នាំក្រោយ នឹងគិតគូបន្ថែមទៀតដល់ របបចូលនិវត្តន៍របស់កម្មករនិយោជិត ឲ្យតែកម្មករនិយោជិតយើង ខិតខំធ្វើការឲ្យបាននឹងនរ នោះសុខភាព និងជីវភាពនៃការរស់នៅ នឹងត្រូវបានធានារហូតដល់ចាស់»

សូមបញ្ជាក់ថា សហជីពប្រចាំផ្សារទំនើបអ៉ីអន ខាងលើនេះ ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៦។ បច្ចុប្បន្ន មានកម្មករនិយោជិតប្រមាណ ៧០ភាគរយហើយ ដែលបានចូលសមាជិកក្នុងអង្គការសហជីពមួយនេះ ក្នុងចំណោមកម្មករនិយោជិត ជាង៦០០នាក់ ដែលបម្រើការក្នុងផ្សារអ៉ីអន៕