(កោះកុង)៖ លោក ផៃធូន ផ្លាមកេសន អភិបាលខេត្តកោះកុងស្ដីទី បានព្រមានធ្ងន់ៗ ដល់អាជ្ញាធរសង្កាត់ ក្រុង និងមន្ទីរបរិស្ថានខេត្ត រួមជាមួយក្រុមហ៊ុនដឹកជញ្ជូនសំរាម​ ដោយស្នើសុំចុះមើលសម្រាមគ្រប់ផ្លូវសាធារណៈ មិនមែននៅសម្ងំបិតភ្នែក ចាំតែស្រែកបានធ្វើនោះទេ ។

ហើយក្រុមហ៊ុនដឹកជញ្ជូន មិនមែនម៉ោង៨ឬ៩ បានទៅប្រមូលទេ ត្រូវចេញប្រមូលពេលល្ងាច ឬពេលព្រលឹម វាមិនអាចជះក្លិនលើបងប្អូន ជាពិសេសអ្នកអង្គុយហូបអាហារនាពេលព្រឹក ក្នុងភោជនីយដ្ឋាននៅតាមដងផ្លូវសាធារណៈ។

ការថ្លែងបែបនេះ របស់លោកអភិបាលខេត្តស្ដីទី ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦​នេះ ក្នុងឱកាស​ទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត រម្មណីយដ្ឋានស្អាត សេវាល្អ ក្នុងទាក់ទាញភ្លៀវជាតិ និងអន្តរជាតិ ក្នុងដំណើរកម្សាន្ដ។

ក្នុងពិធីនេះ ក៏មានការចូលរួមពី មន្ត្រីរាជការគ្រប់ស្ថាប័ន រួមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ​និងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

​លោកផៃធូន ផ្លាមកេសន ​បានបញ្ជាក់ថា «យើងទាំងអស់ត្រូវចូលរួមថែរក្សាបរិស្ថាន បង្កើនហេដ្ឋារចនាសម្ព័ន្ធ ឲ្យបានស្អាតនៅតាមទីសាធារណៈ ហើយត្រូវយកចិត្តទុកដាក់ជានិច្ច ចំពោះបញ្ហាបរិស្ថានត្រូវធ្វើការផ្សព្វផ្សាយឲ្យទូលំទូលាយដល់ប្រជាពលរដ្ឋ។ បើខេត្តយើងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងខេត្តបានល្អ​ យើងអាចទទួលភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ក្នុងដំណើរកំសាន្តបានច្រើន ហើយអាចធ្វើឲ្យប្រជាពលរដ្ឋ អាចកាត់បន្ថយភាពក្រីក្របានមួយកម្រិតផង»

លោក បាន​សង្កត់ធ្ងន់ថា ​គំនរសំរាមនៅតាមដងផ្លូវសាធារណៈ ទៅឃុំពាមក្រសោបរាល់ថ្ងៃ ក្លិនមិនល្អពេញ ហើយក្រុមហ៊ុនអត់ទៅយក ហើយចំពោះបញ្ហានេះអាជ្ញាធរ គួរតែដាក់កម្លាំងរងចាំមើលចំពោះណាប្រជាពលរដ្ឋណាយកសំរាម ទៅបោះចោលនៅលើដងផ្លូវសាធារណៈ ត្រូវហៅគាត់មកណែនាំ ឬផាកពិន័យម្តងដើម្បី ឲ្យពួកគាត់រៀងចាល។

ជាចុងក្រោយ លោកអភិបាលស្តីទី សូមធ្វើការអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ នាំគ្នាចូលរួមថែរក្សា ធ្វើអនាម័យបរិស្ថាន ដើម្បីស្អាតខេត្ត និងដើម្បីសុខភាព៕