(ភ្នំពេញ)៖ ​ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ លោកទេសរដ្ឋមន្ត្រី អៀង ម៉ូលី បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា បានផ្ដល់ថវិកាបដិភាគ ដើម្បីទិញឱសថប្រឆាំងនឹង មេរោគអេដស៍ប្រមាណ១,២លានដុល្លារ ក្នុងឆ្នាំ២០១៦ ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រយុទ្ធប្រឆាំង​នឹងជំងឺអេដស៍ ពេលដែលជំនួយបរទេស​កំពុងធ្លាក់ចុះ ខណៈដែលក្នុងឆ្នាំ២០១៥ មានប្រមាណ១លានដុល្លារ និងក្នុងឆ្នាំ២០១៧ មានចំនួន១,៥ លានដុល្លារ។

ការថ្លែងបែបនេះ របស់ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ពេញអង្គ​អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០១៦​ ​នាទីស្ដីការគណរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោក Steve Kraus នាយកប្រចាំតំបន់​នៃអង្គការ UNAIDS ព្រមទាំងមន្រ្តីនៃ​អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ជាច្រើននាក់ទៀត។

លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានបញ្ជាក់​នៅក្នុងកិច្ចប្រជុំបន្ថែមទៀតថា កម្ពុជាបានទទួលជោគជ័យ ដោយសារកម្មវិធី​ប្រយុទ្ធនឹងជំងឺអេដស៍ បានគ្របដណ្ដប់ជាង៨០% នៃក្រុមគោលដៅ។ ក្នុងនោះសមិទ្ធផល​ដែលទទួលបាន គឺអត្រាប្រេវ៉ាឡង់មេរោគអេដស៍ បានបន្តធ្លាក់ចុះពី២% នៅឆ្នាំ១៩៩៨ មកនៅ០,៦% នៅមុនឆ្នាំ២០១៥ ប្រជាជនជាង៩០% មានការយល់ដឹងអំពី មេរោគអេដស៍ ដែលធ្វើឲ្យពួកគេអាច​បង្ការការឆ្លងមេរោគអេដស៍ ដោយជោគជ័យ និងជាង៨០% នៃអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលត្រូវការឱសថប្រឆាំង​មេរោគ ទទួលបានឱសថ​យ៉ាងទៀងទាត់។

លោកទេសរដ្ឋមន្រ្តី​បានបន្ថែមថា លទ្ធផលជាបន្តបន្ទាប់​ទាំងអស់នេះ លោកបានលើកឡើងប្រាប់​នៅក្នុងមហាសន្និបាត ដែលបានធ្វើឡើង នាទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ក្នុងនោះមហាសន្និបាត បានអនុម័ត លើសេចក្ដីថ្លែងការណ៍ នយោបាយស្ដីពីមេរោគអេដស៍ និងជំងឺអេដស៍ «ការបង្កើនល្បឿនវឌ្ឍភាព ដើម្បីសម្រេច ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងឈានដល់ការលុបបំបាត់ការ​រាលដាល មេរោគអេដស៍​នៅមុនឆ្នាំ២០៣០»។ ​ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា នឹងបង្កើននូវកិច្ចប្រឹងប្រែងទ្វេដង ព្រមទាំងការប្ដេជ្ញាចិត្ត រួមសហការជាមួយប្រទេសនានា ដើម្បីឈានដល់ការលុបបំបាត់ ការឆ្លងរាលដាល មុនឆ្នាំ២០៣០ នៅក្រោមការដឹកនាំ របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើកិច្ចការងារជាច្រើន ក្នុងរយៈពេលជិតកន្លះឆ្នាំមកនេះ (ឆ្នាំ២០១៦) ជាពិសេសការចាប់ផ្ដើម​បំពេញតួនាទី ក្នុងភាពជាម្ចាស់ផ្ទះ ក្នុងការងារអេដស៍។ ក្នុងនោះ​ អាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំសិក្ខាសាលា និងយុទ្ធនាការបញ្ជ្រាប​ការយល់ដឹង អំពីមេរោគអេដស៍ និងជំងឺអេដស៍​ ដល់សិល្បករ-សិល្បការិនី អ្នកសារព័ត៌មាន យុវវ័យ និងសាធារណជន ក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលទើបបានបញ្ចប់ទៅ​ នាពេលថ្មីៗនេះ ដែលយើងទាំងអស់គ្នា ប្ដេជ្ញារួបរួមគ្នាបញ្ចប់នូវ ការឆ្លងរីករាលដាលជំងឺ ដ៏កាចសាហាវមួយនេះ៕