(ព្រៃវែង)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង ដឹកនាំដោយលោក តូច ចៅកុយ អនុប្រធានកាំកុងត្រូល នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យនិងណែនាំ ដល់អាជីវករលក់ដូរទំនិញ នៅផ្សារកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ដោយរកឃើញភេសជ្ជៈជាច្រើនមុខ ហួសកាលបរិច្ឆេទ ហើយបានដកហូតយកមកទុកដុកកំទេចចោល ។

លោក តូច ចៅកុយ បានឲ្យដឹងថា ដោយមានការណែនាំពីលោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូលខេត្ត មន្រ្តីរបស់លោក បានសហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរមូលដ្ឋាន ចុះណែនាំត្រួតពិនិត្យនេះ ទៅលើម្ហូបអាហារ និងគ្រឿងកំប៉ុង ដោយរកឃើញទំនិញជាច្រើនមុខ ហួសកាលបរិច្ឆេទ និងខូចទ្រង់ទ្រាយដើម ដូចជា ទឹកក្រូច ស្ព្រៃយ៍ ប៊ីយែខ្លាំង ទឹកប៉េងប៉ោះ ខ្ទឹមជ្រក់ សណ្តែកកំប៉ុង និងបានធ្វើការដកហូតយកទៅរក្សាទុក ដើម្បីធ្វើការកំទេចចោល ។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ  និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលប៉ះពាល់​ដល់សុខភាព ដែលបណ្តាលមកពីបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយ បន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ ។

ទន្ទឹមនឹងនេះ ក្រុមការងារបានធ្វើការណែនាំ ដល់អាជីវករឲ្យជៀសវៀង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំ អាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាសផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ជៀសវៀងនូវការដាក់តាំង លក់ទំនិញហួស កាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រែះស៊ីស និងទំនិញដែលមានសារធាតុគីមីហាមឃាត់ ។

មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិងចែកចាយ តែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕