(កំពង់ស្ពឺ)៖ លោក វីុ សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្រ្តីរាជការ កងកម្លាំង យុវជន ស.ស.យ.ក ខេត្ត សិស្សនិស្សិត ក្នុងខេត្ត បើកយុទ្ធនាការរើសសម្រាមនៅទីកន្លែងសាធារណៈ នានាដើម្បីសម្អាតតាម ផ្លូវសាធារណ: ក្នុងទិវាអនាម័យបរិស្ថានជាតិ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការបែងចែកជាផែនគោលដៅរៀងៗខ្លួន រហូតអស់សំរាមពីតំបន់ប្រជុំជន។

យុទ្ធនាការរើសសម្រាមនេះ បានធ្វើឡើង ក្រោយ ពេលដែល លោក វីុ សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសំណេះសំណាលក្នុងទិវាអនាម័យបរិស្ថានជាតិ នៅថ្ងៃដដែលនោះ។

ពិធីប្រារព្វទិវានេះ ធ្វើឡើងតាមបណ្តោយផ្លូវជាតិលេខ៤នៅមុខរោងចក្រ ក្នុងភូមិព្រៃផ្តៅ និងភូមិកែវឧត្តម ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួមប្រមាណ ៨០០នាក់ ព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងយុទ្ធនាការរើសសំរាមនេះ បានសំណេះសំណាល និងលើកឡើងរំលឹកពីការភាពចាំបាច់បំផុតដែលយើងទាំងអស់គ្នា ត្រូវនាំគ្នាធ្វើដោយមិនអាចខានបាន គឺនាំគ្នា សម្អាតទីក្រុង ទីប្រជុំជន ក៏ដូចជានៅតាមជនបទ និងតាមផ្ទះនានារបស់ប្រជាពលរដ្ឋយើងឲ្យបានគ្រប់ៗគ្នា។

លោកអភិបាលខេត្ត បន្តថា ការអនុវត្តជាប្រចាំនូវអនាម័យបរិស្ថាននេះ វានាំមកនូវសុខភាពល្អសម្រាប់យើងទាំងអស់គ្នាផង និង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានមកទស្សនា ទីរួមខេត្ត ស្អាតយើងផង ស្របពេលដែលខេត្តកំពង់ស្ពឺបានត្រូវបានប្រជាពលរដ្ឋលើកឡើង​ ពីការអភិវឌ្ឍន៏យ៉ាងស្រស់បំព្រង៕