(ភ្នំពេញ)៖ រហូតដល់ម៉ោង១០៖៣៥នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា សាលាក្តីខ្មែរក្រហម បានប្រកាសសាលដីកា​ស្ថាពរដោយសម្រេចផ្តន្ទាទោសជនជាប់ចោទ នួន ជា និង ខៀវ សំផន ដែលជាមេដឹកនាំខ្មែរក្រហម ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយបិទផ្លូវតវ៉ា មិនឱ្យមានការប្តឹងសារទុក្ខ។

កាលពីសីហា​ ឆ្នាំ២០១៤ ជនជាប់ចោទ នួន ជា និង ខៀវ សំផន ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​កាត់ទោស ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្ស​ជាតិ ដែល​បាន​ប្រព្រឹត្ត​ឡើងកាលពី​អំឡុង​ខែមេសា ឆ្នាំ១៩៧៥ ក្នុង​អំឡុងពេល​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ​ និង​ការផ្លាស់​ទី​ដោយ​បង្ខំ​ រួម​ទាំង​ការកាប់សម្លាប់​អតីតមន្ត្រី​រដ្ឋការ​ក្នុងសម័យ ​លន់ ណុល នៅ​ទួល​ពោធិ៍​ជ្រៃ​ក្នុង​ខេត្ត​ពោធិ៍សាត់។ ប៉ុន្តែ​ដោយ​មិន​អស់ចិត្ត​ ជនជាប់ចោទ​ នួន ជា និង លោក​ ខៀវ សំផន បាន​ប្តឹង​សាទុក្ខ ​ដើម្បី​ប្រឆាំងនឹង​សាលក្រម​នោះ ជាបន្តបន្ទាប់រហូតដល់ ពេលនេះ។

លោក ហ៊ុន ម៉ានី បានសាទរចំពោះការសម្រេចរបស់តុលាការកំពូលនៃអ.វ.ត.ក ដែលផ្តន្ទាទោស លោក នួន ជា និង ខៀវ សំផន ឱ្យជាប់ពន្ធនាគារមួយជីវិត ហើយបិទផ្លូវតវ៉ា​។ លោកបានឲ្យដឹងថា ថ្ងៃនេះជាថ្ងៃប្រវត្ថិសាស្រ្តរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសជនរងគ្រោះនៅសម័យប៉ុល ពត។ តំណាងឲ្យយុវជនវ័យក្មេង និងជាកូនចៅជំនាន់ក្រោយ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា កូនចៅជំនាន់ក្រោយកម្ពុជា គួរតែដឹងឲ្យច្បាស់ពីថ្ងៃប្រវត្ថិសាស្រ្តមួយនេះ ហើយក៏ត្រូវចង់ចាំឲ្យបានគ្រប់ៗគ្នា​។

លោក សុខ សូកាន តំណាងរាស្រ្តវ័យក្មេង នៅមណ្ឌលខេត្តតាកែវ ក៏បានសម្តែងការសាទរ និងគាំទ្រ ចំពោះការសម្រេចរបស់តុលាការ។ លោកថា ការសម្រេចបែបនេះគឺពិតជាត្រឹមត្រូវ និងយុត្តិធម៌សម្រាប់ជនរគ្រោះទាំងអស់។ លោកថា នេះជាការទន្ទឹមរង់ចាំរបស់ប្រជាពលរដ្ឋទូទៅប្រទេស ហើយក៏ជាពេលវេលាប្រវត្តិសាស្រ្តសម្រាប់កម្ពុជាផងដែរ។ ទោះបីជា កូនចៅជំនាន់ក្រោយ មិនបានកើតទាន់សម័យ​ ប៉ុល ពត និងរស់នៅក្នុងសម័យដ៏ លំបាកវេទនា រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប៉ុន្តែកូនចៅជំនាន់ក្រោយ ក៏ត្រូវតែដឹងពីការប្រកាសសាលដីកាស្ថាពរនេះផងដែរ៕