(ភ្នំពេញ)៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក​ ដែលលោក សម រង្ស៊ី ហៅថាជាជនផ្តាច់ការបានមានប្រសាសន៍ថា ទូរទស្សន៍ CNN របស់អាមេរិក គួរតែត្រូវហៅថា ជាបណ្តាញព័ត៌មានគ្លីនតុន (Clinton News Network) ចំណែកកាសែត New York Times ក៏ដូចជាគ្នាដែរ ពោលគឺ ជាប្រព័ន្ធផ្សាយព័ត៌មានទុច្ចរិត មិនស្មោះត្រង់ មានភាពលម្អៀង ហើយចូលចិត្តបំភ្លៃការពិត និងផ្សាយលើកជើងតែលោកស្រីគ្លីន​តុន។

ការវាយតម្លៃរបស់លោកត្រាំ ចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដ៏ល្បីល្បាញទាំងពីររបស់អាមេរិកបែបនេះ ​គឺជាការបកអាក្រាតសារជាតិពិតប្រាកដរបស់សារព័ត៌មាន អាមេរិក ដែលធ្លាប់តែអួតអាងថា ជា​ប្រព័ន្ធផ្សាយឯករាជ្យ វិជ្ជាជីវៈ និងប្រកបដោយប្រជាធិបតេយ្យ។ តែតាមការពិតជាប្រព័ន្ធផ្សាយព័ត៌មាន​ទុច្ចរិតបែបនេះសោះ។ រឿង CNN និង New York Times ជារឿងរបស់អាមេរិក តែរឿងវិទ្យុ​អាមេរិកជាខេមរៈភាសា ជាពិសេស វិទ្យុអាស៊ីសេរី គឺជារឿងដែលទាក់ទងនឹងកម្ពុជា។ ដោយសារតែភាពទុច្ចរិតនេះហើយបានជា កន្លងទៅនេះវិទ្យុអាស៊ីសេរី បាន​បង្កព្យុះភ្លៀងឥតឈប់ឈរដល់សង្គមខ្មែរ។

វិទ្យុនេះបានផ្សាយព័ត៌មានដែលមានភាពញុះញង់ បន្តុះបង្អាប់ វាយប្រហារទៅលើរដ្ឋាភិបាល និងគាំទ្របក្សប្រឆាំង និងក្រុមសង្គមស៊ីវីល និងអ្នកវិភាគឯករាជ្យ បើកប្រាក់ខែពីពួកបរទេសស្បែកសរ ដែលមានកាតព្វកិច្ចត្រូវការពារ និងលើកជើងយ៉ាងងប់ងល់ចំពោះបក្សប្រឆាំង ជាពិសេសនាយកវិទ្យុនេះតែម្តងគឺ ជុន ច័ន្ទបុត្រ និងបុគ្គលរបស់ខ្លួន។ ជុន ច័ន្ទបុត្រ ដោយហេតុតែមហិច្ឆតានយោបាយរបស់ខ្លួនហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយបក្សប្រឆាំង ​ដោយប្រើប្រាស់វិទ្យុអាស៊ីសេរីជាឧបករណ៍ មិនបានគិតពីផលប្រយោជន៍របស់ខ្មែរ កាន់ជើងតែបរទេសហើយបំផ្លាញខ្មែរ។

នៅលើលោកនេះ មិនដែលមានអ្នកកាសែតវិជ្ជាជីវៈឯណាទៅយកព័ត៌មានក្នុងបាតុកម្ម ​ហើយបែរទៅចូលរួមធ្វើបាតុកម្មជាមួយបាតករនោះឡើយ។ ក៏មិនដែលមាន​អ្នកកាសែតឯករាជ្យឯណាចេះសម្តែង និងបញ្ចូលអារម្មណ៍ ធ្វើយំ ឬក៏សើចចំអក នៅពេលដែលខ្លួនផ្សាយព័ត៌មាន​នោះឡើយ។ សកម្មភាពរបស់ ជុន ច័ន្ទបុត្រ និងរបៀបផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី ត្រូវបានប្រជាពលរដ្ឋខ្មែរស្គាល់ចរិតតាំងពីយូរណាស់មកហើយ ប៉ុន្តែនៅពេលដែលលោកត្រាំ បាន​បកអាក្រាត សារជាតិរបស់បណ្តាញផ្សាយព័ត៌មានអាមេរិក អ្វីៗកាន់តែបង្ហាញច្បាស់ក្រឡែតជាងមុន។ ច្បាស់មិនត្រឹមតែប្រជាជនអាមេរិទេ តែក៏ច្បាស់សម្រាប់ ពលរដ្ឋខ្មែរផងដែរ។

គួរកត់សម្គាល់ទៀតថា ការបោះឆ្នោតនៅអាមេរិកលើកនេះ ដែលបានផ្តល់ជ័យជំនៈដ៏គួរឲ្យភ្ញាក់ផ្អើល​ដល់លោក ដូណាល់ត្រាំ បានធ្វើឲ្យពលរដ្ឋខ្មែរភ្លឺភ្នែកកាន់ តែច្បាស់ទាំងនៅលើទិដ្ឋភាពនយោបាយ ទាំង​នៅលើប្រព័ន្ធផ្សាយព័ត៌មាន និងទាំងនៅលើទិដ្ឋភាពសិទ្ធិមនុស្ស។

នៅលើទិដ្ឋភាពនយោបាយ៖ លោក សម រង្ស៊ី មេបក្សប្រឆាំងនៅកម្ពុជា ក្តាប់សភាពការណ៍មិនបាន ចាញ់នាយករដ្ឋមន្រ្តី ហ៊ុន សែន មេដឹកនាំគណបក្ស កាន់អំណាចឆ្ងាយណាស់។ ដោយសារតែក្តាប់សភាពការណ៍មិន​បាននេះហើយបានជាលោក សម រង្ស៊ី ដែលនិរទេសខ្លួនដើម្បីគេចពីសំណាញ់ច្បាប់ បាក់ចង្កេះ ព្រោះលោតខុសទិសខ្យល់។ ម្យ៉ាងទៀត អាជ្ញាធរមានសមត្ថកិច្ចនៅលើពិភពលោករាប់ទាំងនៅអាមេរិក គឺជាអ្នក​ថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ហើយអាចបង្ក្រាបទៅលើជន ដែលបង្កភាពអនាធិបតេយ្យទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

នៅលើប្រព័ន្ធផ្សព្វផ្សាយ៖ បណ្តាញផ្សាយព័ត៌មានអាមេរិកជាបណ្តាញទុច្ចរិត មិនស្មោះត្រង់ គ្មានវិជ្ជាជីវៈ និងមានលក្ខណៈលម្អៀងផ្កាប់មុខ​ ដូចដែលគេបានមើលឃើញជាយូរមកហើយ។ តើ ជុន ច័ន្ទ្របុត្រ​ មានអ្វីត្រូវអួតថាឯករាជ្យទៀត?

នៅលើទិដ្ឋភាពសិទ្ធិមនុស្ស៖ ក្រុមអង្គការសង្គមស៊ិវិល សិទ្ធិមនុស្សនៅស្រុក​ខ្មែរ ក៏ដូចជាសិទ្ធិមនុស្សអន្តរជាតិមួយចំនួន សុទ្ធតែធ្វើការដើម្បីរក្សាតែប្រាក់ជំនួយ និងបម្រើបរទេស​សុទ្ធសាធ គឺមិនមែនដើម្បីសិទ្ធិមនុស្សអ្វីទេ ជាពិសេសពួកគេគឺជាកូនជឹងដាច់ថ្លៃរបស់អាមេរិកតែម្តង។ ហេតុដូច្នេះហើយបានជាពួកគេមិនហ៊ាន ហើបមាត់រិះគន់សូម្បីមួយម៉ាត់​ទៅលើសមត្ថកិច្ចរបស់អាមេរិក ដែលបង្ក្រាបយ៉ាងសាហាវទៅលើ​ក្រុមបាតុករ។ តើក្រុមសិទ្ធិមនុស្សទាំងនោះមានអ្វីត្រូវ​និយាយទៀត បើពួកគេបិទមាត់អស់ទៅហើយនោះ? បើទោះជានិយាយទៀតក៏គ្មានទម្ងន់ដែរ។

ងាកមកនិយាយពីប្រព័ន្ធឃោសនាអាមេរិកនៅកម្ពុជាវិញ ការវាយតម្លៃរបស់លោក ត្រាំ​ ជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីភាពពិសពុល និងភាពទុច្ចរិត របស់វិទ្យុអាស៊ីសេរី ដែលកន្លងទៅធ្លាប់ទទួលការរិះគន់យ៉ាងខ្លាំងរួចទៅហើយ។ ឥឡូវនេះ លោកត្រាំបានផ្តល់ទម្ងន់ដល់ការរិះគន់ទាំងនោះថា ជាការពិតទាំងអស់។ ដូច្នេះភាពពិសពុល​របស់​អាស៊ីសេរី និងភាពពិសពុលរបស់បក្សប្រឆាំង ក៏ដូចជាពួកសិទ្ធិមនុស្សដែរ ត្រូវសាបរលាបដោយសារតែប្រជាពលរដ្ឋ​អស់ជំនឿ ក្រោយពីបានដឹង​ការពិតយ៉ាងជាក់ច្បាស់ តាមរយៈកញ្ចក់ឆ្លុះបញ្ចាំងរបស់​លោក ដូណាល់ ត្រាំ៕

ដោយ៖ ប៊ូឡាំ សាន