(ភ្នំពេញ​)៖ ​មន្ត្រី​ពន្ធនាគារ​ បាន​បញ្ជូន​មន្ត្រី​អាដហុក​៤រូប ​និង​អគ្គ​លេខាធិការ​រង ​គ.ជ.ប ​មួយ​រូប មក​តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​នេះ​ ដើម្បី​បើក​សវនាការ​ជំនុំជម្រះ​។

ឯកសារ​តុលាការ​កំពូល​ បង្ហាញ​ថា​ សវនាការនេះ​ដឹកនាំ​ដោយ​លោក​ស្រី​ គិម​ សត្ថាវី​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​ ឈួន​ ចាន់ថា​ ជា​តំណាង​មហា​អយ្យការ​។​ កម្មវត្ថុ​នៃ​សវនាការ​នេះ​គឺ​បណ្តឹង​សុំ​មោឃភាព​ នីតិវិធី​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។

សូមជំរាបថា មន្ត្រី​អាដហុក​៤រូប​ និង​មន្ត្រី​គជប​ ជាប់​ចោទ​ពី​បទ​សូកប៉ាន់​សាក្សី​ និង​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ដល់​​អ្នក​នាង​ ខុម​ ចាន់​តារ៉ាទី​ ហៅ​ស្រី​មុំ​ ដើម្បី​កុំឲ្យ​អ្នកនាង​និយាយ​ការ​ពិតប្រាប់​សមត្ថកិច្ច​​ចំពោះ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក​ កឹម​ សុខា​។ ក្រុម​ជនត្រូវចោទ​ទាំង​៥នាក់​ ត្រូវ​បាន​លោក​ ធាម​ ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​កាល​ពី​ល្ងាច​ថ្ងៃ​ទី០២​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​៕