(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៥៖៥០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មានករណីក្រុមក្មេងស្ទាវជិះឡាន និងម៉ូតូ២គ្រឿង ដេញបាញ់ប្រហារគ្នាផ្អើលក្រុងភ្នំពេញ បណ្តាលឲ្យស្រ្តីវ័យ៤៩ឆ្នាំម្នាក់រងរបួសដោយសារគ្រាប់កាំភ្លើង។ 

ហេតុការណ៍ជិះបាញ់ប្រហារគ្នានេះកើតឡើង ចេញពីចំណុចក្បែរវត្តលង្កា នៅតាមបណ្តោយផ្លូវលេខ៥១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ចំណែកស្រ្តីរងគ្រោះដោយសារគ្រាប់កាំភ្លើងមានឈ្មោះ រុំ ភឿន អាយុ៤៩ឆ្នាំ ជាស្រ្តីរើសអេតចាយ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។

ប្រជាពលរដ្ឋរស់នៅម្តុំកើតហេតុបាននិយាយប្រាប់ភ្នាក់ងារ Fresh News ថា មានករណីក្មេងស្ទាវដេញបាញ់គ្នា គ្រាប់កាំភ្លើងចំស្រ្តីម្នាក់រងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។ កន្លែងរងរបួសត្រូវចំក្រោមក្លៀកខាងស្តាំ ធ្លាយចេញតាមឆ្អឹងជំនីខាងក្រោយ។ ប្រជាពលរដ្ឋបាននិយាយទៀតថា ចំណែកម៉ាករថយន្ត និងម៉ូតូ ដែលក្មេងស្ទាវដេញបាញ់ប្រហារគ្នា គឺមិនបានស្គាល់ម៉ាក និងស្លាកលេខនោះទេ។

ករណីនេះនឹងបន្តសាកសួរសមត្ថកិច្ចបន្ថែមទៀត៕

ក្មេងស្រីនេះជាកូនស្រ្តីរងគ្រោះដោយសារគ្រាប់កាំភ្លើងក្មេងស្ទាវ