(ភ្នំពេញ)៖ សកម្មភាពពលរដ្ឋអាមេរិក​ គាំទ្រអ្នកស្រីហាឡារីគ្លីនតុន នាំគ្នាធ្វើបាតុកម្មប្រឆាំង​ទៅនឹងលទ្ធផលបោះឆ្នោត ដែលផ្ដល់ជ័យជំនះទៅអោយលោក ដូណាល់ ត្រាំ​រហូតមកដល់​ពេលនេះ​គឺហាក់ដូច​ជាស្ងប់​ស្ងាត់​​វិលទៅរកភាពប្រក្រតី​ឡើងវិញ​ហើយ បន្ទាប់ពីពួកគេ​នាំគ្នាប្រើហិង្សា ហើយរដ្ឋាភិបាលរបស់លោក អូបាម៉ា បញ្ជា​អោយធ្វើការ​បង្ក្រាបយ៉ាងចាស់ដៃ​រួចមក។

តាមការអង្កេត តាំងពីរដ្ឋាភិបាលរបស់​លោក អូបាម៉ា បញ្ជាអោយបង្ក្រាបបាតុកម្មប្រឆាំង​លទ្ធផលឆ្នោត​យ៉ាងចាស់ដៃ​ ក្រោយបាតុករ​បាននាំគ្នា​ប្រើហឹង្សា​ ដុតបំផ្លាញទ្រព្យសម្បត្តិ​សាធារណៈ និងទ្រព្យសម្បត្តិ​ឯកជន​យ៉ាងអនាធិបតេយ្យ​បង្ក​អោយ​មានរបួសស្នាម និងត្រូវចាប់​ខ្លួនជាច្រើន​រយនាក់​មក គេសង្កេតឃើញថា​នៅជុំវិញពិភពលោក ហាក់ដូចជាមិនសូវ​មានបណ្ដាប្រទេសនានា​ឬអង្គការសិទ្ធិមនុស្ស និងអង្គការអន្តរជាតិ​ផ្សេងៗទៀតនាំ គ្នាបញ្ចេញប្រតិកម្ម​ឬចេញសេចក្ដីថ្លែងការ​ថ្កោលទោស​ ចំពោះចំណាត់ការ​របស់រដ្ឋការ​​អូបាម៉ានោះឡើយ និយាយរួមគឺ​ស្ងាត់ជ្រាប​ទុក​អោយ​សមត្ថកិច្ច របស់រដ្ឋាភិបាលអាមេរិក​ចាត់ការ​ទៅលើបាតុករ​តាមចិត្ត។

តាមពិតចំណាត់ការទៅលើបាតុករ​ដែលនាំគ្នាធ្វើ​បាតុកម្មប្រឆាំង​នឹងរដ្ឋាភិបាល​ស្របច្បាប់ ឬប្រឆាំង​នឹងអ្វីមួយ​ដែលខ្លួន​មិនពេញចិត្ត តែបាននាំ គ្នាប្រើហិង្សាហួសពីព្រំដែន​ទៅជាបង្កភាពអនាធិបតេយ្យ​ធ្វើអោយ​ប្រទេសជាតិ​មានភាព​ជ្រួលច្របល់ គឺរដ្ឋាភិបាល​នៃប្រទេសនោះ​ត្រូវតែ​ធ្វើការ ទប់ស្កាត់ និងបង្ក្រាបដើម្បីកុំ​អោយប្រទេសជាតិធ្លាក់​ចូលទៅក្នុងភាពម​ហន្តរាយ។ ប៉ុន្តែការបង្ក្រាប​បាតុកម្ម​ខុសច្បាប់ ការបង្ក្រាប​បាតុកម្មហិង្សា ឬការបង្ក្រាបកុបកម្ម​នៅបណ្ដា​ប្រទេសមួយ​ចំនួន រដ្ឋាភិបាល​នៃប្រទេសខ្លះ​ទទួលបាន​ការថ្កោលទោស ទទួលការ​រិះគន់ តែរដ្ឋាភិបាល​ខ្លះ ទោះបីជាកំលាំង​រដ្ឋាភិបាល​បង្ក្រាបបាតុករ​ប្រើហិង្សា​ក្នុងរូបភាព​ឃោរឃៅ​ក៏ដោយ តួយ៉ាងដូចជា​សកម្មភាពបង្ក្រាប​បាតុកម្ម​យ៉ាងចាស់ដៃ​នៅសហរដ្ឋ អាមេរិកនា​ពេលថ្មីៗនេះ​ជាឧទាហរណ៍ស្រាប់ គឺស្ងាត់ជ្រាប​ទាំងអង្គការ​សិទ្ធិមនុស្ស ទាំងបណ្ដាល​ប្រទេសជា​ច្រើនទៀត រហូតដល់ប្រព័ន្ធ​ផ្សព្វផ្សាយ ជាដើម​ក៏មានការផ្សព្វផ្សាយ​តិចតួចបំផុត សូម្បីតែអង្គការ​សិទ្ធិមនុស្ស អង្គការសង្គម​សុីវិល និងប្រព័ន្ធផ្សព្វផ្សាយ​ចាយ​លុយ​បរទេស​​ខ្លះនៅកម្ពុជា ក៏ស្ងាត់មាត់​ដូចគេយកឆ្នុក​ចុក​ដែរ។ តែបើគេក្រឡេក​មក​មើលកម្ពុជាឯ​ណេះ​វិញ កន្លងមកកុំ​ថាឡើយ​បង្ក្រាប សូម្បីតែសមត្ថកិច្ចរារាំង​បាតុកម្មសោះ ក៏ពួកសិទ្ធិម​នុស្ស ក្រុមសង្គមសុីវិល​មួយចំនួន​រួមទាំងប្រព័ន្ធផ្សព្វផ្សាយ​ចាយលុយ​បរទេស​ទាំងអស់នោះ​ នាំគ្នាស្រែកថ្កោល​ទោស កងរំពង រហូតដល់​មានបុគ្គល​ដែលតែង​តាំងខ្លួន​ឯងជាអ្នកវិភាគ​ឯករាជ្យ​នោះបាននាំគ្នា​ចេញមកវិភាគ​ផ្កាប់មួយអាទិត្យ​ទៀតក៏​មិនទាន់អស់​ការវិភាគ​របស់ខ្លួនដែរ។

តាមពិតការបង្ក្រាបកុបកម្ម ការបង្ក្រាបបាតុកម្ម​ហិង្សា​អនាធិបតេយ្យវា​ជាករណីចាំបាច់​នៅបណ្ដា​ប្រទេសណា​ក៏គេចាត់​ការដែរ ដើម្បីស្ដារស្ថានការ ប្រទេសកុំអោយធ្លាក់​ទៅក្នុងស្ថានភាព​វឹកវរមួយ ដែលរដ្ឋាភិបាល​មិនអាចគ្រប់​គ្រងបាន​។ ដូច្នេះការបង្ក្រាប​យ៉ាងចាស់​ដៃ​ទៅបាតុកម្ម​ប្រើហិ​ង្សាប្រឆាំង នឹងលទ្ធផលបោះ​ឆ្នោតនៅ​សហរដ្ឋអាមេរិក​ពេលនេះ ក៏វាមិនខុស​ពីការបង្ក្រាប​បាតុកម្មយ៉ាង​ចាស់ដៃ​ទៅលើអ្នកគាំទ្រ​គណបក្សប្រឆាំង​នាំ​គ្នាធ្វើ បាតុកម្មហិង្សាប្រឆាំង​នឹង​លទ្ធផលបោះឆ្នោត​​នៅក្រោយ​ការបោះ​ឆ្នោត​នាឆ្នាំ២០១៣​​ប៉ុន្មាន​នោះ​​ឡើយ តែខុស​គ្នាត្រង់ការ​ថ្កោលទោស​មានស្តង់ដារ​ទ្វេ​ប៉ុណ្ណោះ ដោយការបង្ក្រាប​នៅកម្ពុជា​ទទួលបាន​​ការថ្កោលទោស តែការបង្ក្រាប​នៅសហរដ្ឋអា​មេរិក​ទទួលបាន​ការស្ងាត់​មាត់​ជ្រាប​ទៅវិញ...៕