(ភ្នំពេញ)៖ នៅម៉ោង៩ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ​ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្ត បង្សុកូលរាប់បាត្រ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្តជនរងគ្រោះស្លាប់ នៅស្ពានកោះពេជ្រដោយមានការចូលរួមពីលោក​ ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទំាងលោកនិងលោកស្រីជាអភិបាលរងរាជធានី អភិបាលនិងអភិបាលរងខណ្ឌទំាង១២ លោកនិងលោកស្រីប្រធាន និងអនុប្រធានមន្ទីរនានាមន្ត្រីរាជការសាលារាជធានីនិងក្រុមគ្រួសារ ឬជនរងគ្រោះព្រមទំាងប្រជាពលរដ្ឋជាច្រើននាក់ទៀត ដោយមានការរាប់បាត្រ និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៧២អង្គ នៅស្ដូបក្បែរស្ពាននាគ នៃទីក្រុងកោះពេជ្រ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបាត់បង់ជីវិត ដោយហេតុការណ៍រត់ជាន់គ្នា នៅលើស្ពានពេជ្រកាលពី៦ឆ្នំាមុន។

សូមបញ្ជាក់ថា នេះជាឆ្នំាទី៦ហើយដែលរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើពិធីរាប់បាត្របង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបាត់បង់ជីវិតដោយហេតុការណ៍រត់ជាន់គ្នា នៅលើស្ពានពេជ្រ។

គួរបញ្ជាក់ថា កាលពីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ជាថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មានឧបទ្ទវហេតុ រត់ជាន់គ្នា នៅលើស្ពានពេជ្រ នៃតំបន់កោះពេជ្រ បណ្តាលឲ្យមនុស្ស ៣៥៣នាក់ ស្លាប់បាត់បង់ជីវិត និងជាង ៧០០នាក់ទៀតបានរងរបួសតាមរបាយការណ៍របស់សមត្ថកិច្ច៕