(ភ្នំពេញ)៖ អនុក្រឹត្យស្តីពីការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ទំហំ៥៥% បានចូលជាធរមាន តាំងពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៦ ។ ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតផលថ្នាំជក់មួយចំនួនពុំទាន់អនុវត្តបានពេញលេញនៅឡើយ។

បន្ថែមលើសពីនេះទៀត គ្រប់ក្រុមហ៊ុនផលិតផលថ្នាំជក់នៅមិនទាន់គោរពបានលើវិធានការចំពោះការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធី ដោយឧស្សាហកម្មថ្នាំជក់ ដូចដែលមានចែងក្នុងច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់នៅឡើយទេ ដោយបន្តការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ក្រោមរូបភាពជាច្រើន ដូចជាតាមរថយន្ត និងក្រុមស្រ្តីចល័តជាដើម ។

ដោយឡែកចំពោះការដាក់តាំងផលិតផលថ្នាំជក់តាមកន្លែងលក់វិញ ក្រុមហ៊ុនផលិតផលថ្នាំជក់ នៅតែបន្តដាក់តាំងទូលក់ផលិតផល មិនត្រឹមត្រូវតាមប្រកាស របស់ក្រសួងសុខាភិបាលទេ ដូចជាដាក់តាំងធុងបារីលើសពីមួយ ហើយធុងបារី និងផ្ទៃតាំងផលិតផលថ្នាំជក់មានចំនួនលើសការកំណត់ ដោយវាមានទំហំធំ និងពណ៌ខុសពីការកំណត់របស់ក្រសួងដោយសារធុងទាំងនោះមានរូបភាពផ្សាយពាណិជ្ជកម្មបារីជាពណ៌ ជាមិត្តសញ្ញាក្រុមហ៊ុនជាដើម៕