(ភ្នំពេញ)៖ រដ្ឋសភានឹងបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្អែកនេះ ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣ ក្នុងនោះក៏មានផងដែរនូវសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៧។ សម្រាប់កិច្ចប្រជុំនេះ គណបក្សប្រឆាំង អះអាងកាលពីសប្តាហ៍មុនថា ខ្លួននឹងចូលរួមប្រជុំឡើងវិញ បន្ទាប់ពីអាក់ខានអស់រយៈពេលជិតកន្លះឆ្នាំ។

របៀបវារៈមួយចំនួន៣ ដែលរដ្ឋសភា នឹងលើកទៅពិភាក្សា និងអនុម័ត នៅក្នុងកិច្ចប្រជុំពេញអង្គ នាថ្ងៃស្អែកនេះរួមមាន៖ ការពិភាក្សាលើច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស របស់អង្គការសហប្រជាជាតិ, សេចក្តីព្រាងច្បាប់ទូទាត់ថវិកាឆ្នាំ២០១៥ និងច្បាប់ស្តីពីការគ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧ និងរបៀបវារៈផ្សេងៗមួយចំនួនទៀត។

កាលពីសប្តាហ៍មុន លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានឲ្យដឹងថា ក្រុមតំណាងរាស្រ្តបក្សប្រឆាំង នឹងចូលរួមប្រជុំសភាពេញអង្គនេះ។ លោកថា គណបក្សប្រឆាំងយល់ឃើញថា ការចូលរួមប្រជុំសភាពេញអង្គនាពេលខាងមុខនេះ គឺមានច្បាប់សំខាន់ៗជាច្រើនដែលត្រូវលើកយកមកពិភាក្សា ជាពិសេសគឺច្បាប់គ្រប់គ្រងថវិកាជាតិ ឆ្នាំ២០១៧។

លោក ឈាង វុន អ្នកនាំពាក្យក្រុមតំណាងរាស្រ្តសំឡេងភាគច្រើនក្នុងរដ្ឋសភា បានស្វាគមន៍ចំពោះការចូលរួមរបស់សមាជិកសភារបស់គណបក្សសង្រ្គោះជាតិ តែលោកថាសម្រាប់ ភាគីគណបក្សរបស់លោកគឺមិនមានការភ្ញាក់ផ្អើល ចំពោះវត្តមានរបស់គណបក្សប្រឆាំងឡើយ។

សូមជំរាបថា ឆ្នាំ២០១៧ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាប្រមាណជាង ៥ពាន់លានដុល្លារ សម្រាប់ការចំណាយរបស់ជាតិលើគ្រប់វិស័យ។ សេចក្តីប្រកាសព័ត៌មានរបស់គណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា «ថវិកាជាតិឆ្នាំ២០១៧ ត្រូវបានគ្រោងក្នុងទឹកប្រាក់ ២០,១៨៤,៤៥៧ លានរៀលស្មើនឹង២២.៦៧% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) គឺមានកំណើន១៥.៦% ធៀបនឹងថវិកាឆ្នាំ២០១៦»