(ភ្នំពេញ)៖ ជនសង្ស័យ៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ជាមេខ្យល់រកស៊ីពពោះជំនួសនោះ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ត្រូវបាន លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានី ចោទប្រកាន់ចំនួន២បទល្មើស ក្នុងនោះមានបទអន្តរការរវាងអ្នកសុំនិងស្ត្រីពពោះ និងបទសុំឲ្យផ្តល់ឯកសារដោយទុច្ចរិត តាមមាត្រា៣៣២ និងមាត្រា៦៣២ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ បន្ទាប់ពីចោទប្រកាន់រួចតុលាការបញ្ជូនជនសង្ស័យទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញវិញ ដើម្បីបន្តនីតិវិធីនៅថ្ងៃស្អែក។

កាលពីព្រឹកមិញនេះ ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីអំពើជាអន្តរកាលនៃការពពោះ ឬនិយាយសាមញ្ញថា ការជួលស្រ្តីខ្មែរឲ្យពពោះបង្កើតកូនជំនួស និងផ្តល់ឯកសារដោយទុច្ចរិត។

បន្ទាប់ពីធ្វើការសួរនាំ អស់រយៈពេលជាច្រើនម៉ោងរួចមក លោក សេង ហៀង បានសម្រេចចោទប្រកាន់ជាផ្លូវការ តែម្ដង ដោយផ្អែកលើមាត្រា៣៣២ និងមាត្រា៦៣២ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

របាយការណ៍សមត្ថកិច្ច បានបង្ហាញថា ជនសង្ស័យទាំង៣នាក់ខាងលើ ទី១.ឈ្មោះ CHALES TAMMY ALAYNE ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិអូស្ត្រាលី កាន់លិខិតឆ្លងដែនលេខ PE-0402481, ទី២.ឈ្មោះ ពេញ រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងទី៣.ឈ្មោះ សំរិទ្ធ ចាន់ចរិយា ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា។

សូមជម្រាបថា ក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងខណ្ឌដូនពេញ ចុះឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

សមត្ថកិច្ចបានបញ្ជាក់ថា នៅពេលដែលបណ្តាប្រទេសដទៃ បានចេញច្បាប់បិទមិនឲ្យមានការជួលស្រី្តពពោះជំនួស បណ្តាញជំនួញនេះ បានហូរចូលមកកម្ពុជា ហើយមានមេខ្យល់បានដើរលួងលោម អូសទាញ ស្ត្រីខ្មែរឲ្យស៊ីឈ្នួល ពពោះជំនួសអ្នកដែលចង់បានកូន ហើយរហូតដល់មានក្រុមមនុស្សប្រុស ស្រលាញ់ប្រុសដូចគ្នា ចង់បានកូនក៏មកកម្ពុជារកកូនដែរ ក្នុងតម្លៃ ៥ម៉ឺនដុល្លារ។

យ៉ាងណាក៏ដោយ អ្នកតាមដានផ្នែកសុខាភិបាលក្នុងសង្គមកម្ពុជា សង្ឃឹមនិងជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងតាក់តែរៀបចំច្បាប់ដ៏ល្អមួយ សម្រាប់គ្រប់គ្រងការពពោះជំនួស ដើម្បីធ្វើយ៉ាងណាជាប្រយោជន៍ ដល់ប្រជាពលរដ្ឋខ្មែរ៕