(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ  បានអញ្ជើញចូលរួម បើកបវេសនកាលឆ្នាំសិក្សា ២០១៦-២០១៧ និងសម្ភោធអាគារសិក្សាថ្មី រួមទាំងប្រគល់វិញ្ញាបនបត្រ បណ្ដោះអាសន្នមធ្យមសិក្សាបឋភូមិ មធ្យមសិក្សាទុតិយភូមិ ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត សម្រាប់សិស្សពូកែ និងគ្រូបង្រៀនឆ្នើម នៃសាលាអន្តរជាតិភ្យូឆឺរប្រាយ សាខាទី១ នៅក្រុងសៀមរាប។

ពិធីនេះដោយមានការអញ្ជើញ ចូលរួមពីលោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប, លោក សៀន សុវណ្ណា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ សៅស៍អ៉ឺសថ៍អេយសៀ និងជាអគ្គនាយកសាលា អន្តរជាតិភ្យូឆឺរប្រាយ រួមនិងវត្តមានរបស់លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវជាតិ-អន្តរជាតិ គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ មាតា បិតា អាណាព្យាបាល និងសិស្ស សរុបប្រមាណជា១ពាន់នាក់។

លោក សៀន សុវណ្ណា បានថ្លែងថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពដទៃទៀត នៃការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន នសយករដ្ឋមន្រ្តីនៃកម្ពុជា សំដៅអភិវឌ្ឍសមត្ថភាព ធនធានមនុស្សនីកម្ពុជា ប្រកបដោយគុណភាព សម្រាប់ការអភិវឌ្ឍសង្គមជាតិ ឱ្យមានការរីកចម្រើន និងចិរភាព។ ជាមួយគ្នានេះសាលា អន្តរជាតិភ្យូឆឺរប្រាយ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ ដែលមានបេសកកម្មអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព ព្រមទាំងមានឥរិយាបថល្អ ដើម្បីរួមចំណែកកសាងប្រទេសជាតិផងដែរ។

លោក ឃឹម ប៊ុនសុង បានថ្លែងសាលាអន្តរជាតិភ្យូឆឺរប្រាយ ពិតជាបានចូលរួមចំណែកលើកិច្ចការស្ដារ និងអភិវឌ្ឍវិស័យអប់រំសិក្សាធិការនៅកម្ពុជា ជាពិសេសខេត្តសៀមរាបយើង ដែលសមិទ្ធិផលទាំងអស់នេះ បានបញ្ជាក់ពីការផ្សារភ្ជាប់ រវាងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ការបំរើសេវាសាធារណៈ និងគុណភាពស្ដង់ដារអប់រំ ដែលអាចទទួលយកបានក្នុងស្ថានភាព នៃការរីកចម្រើនរបស់ពិភពលោកដែលយើងរស់នៅ។

លោកបានបញ្ជាក់ថា ខេត្តសៀមរាប ជាខេត្តទេសចរណ៍ដ៏ល្បីល្បាញនៅកម្ពុជា អាជ្ញាធរខេត្តបាននឹងកំពុង ប្រឹងប្រែងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំ និងគាំទ្រយ៉ាងពេញទំហឹង ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ធ្វើឱ្យគ្រប់វិស័យទាំងវិស័យសាធារណៈ និងវិស័យឯកជន បានបោះជំហានឡើងយ៉ាងរហ័ស រួមទាំងវិស័យអប់រំផងដែរ៕