(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នឹងរៀបចំពិធីប្រកាសតែងតាំងមុខតំណែង លោក មាន ចាន់យ៉ាដា ជាអភិបាលរងរាជធានីភ្នំពេញជាផ្លូវការ នៅវេលាម៉ោង ២៖០០រសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅសាលារាជធានីភ្នំពេញ។

មន្រ្តីសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ពិធីប្រកាសតែងតាំងមុខតំណែងលោក មាន ចាន់យ៉ាដា ជាអភិបាលរងរាជធានីភ្នំពេញ ធ្វើឡើងក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោក ម៉ម សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ រួមនឹងមន្រ្តីរាជការពាក់ព័ន្ធ ជាច្រើនរូបទៀត។

គួរបញ្ជាក់ថា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក មាន ចាន់យ៉ាដា មានតួនាទីជានាយករដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ឲ្យកាន់តំណែងជាអភិបាលរងរាជធានីភ្នំពេញ៕