(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលរស់នៅ តាមបណ្ដោយផ្លូវបង្គោលភ្លើង ហៅផ្លូវរថភ្លើងថ្មី ចាប់ពីចំណុចផ្លូវអូដឹម កប់ស្រូវ ស្ថិតក្នុងភូមិសាស្រ្តភូមិសំរោង សង្កាត់សំរោងក្រោម ដល់ភូមិត្រពាំងអណ្ដូង ហៅភូមិប៉ម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានរអ៊ូរទាំពីរឿងផ្លូវ ពិបាកធ្វើដំណើរដូចទៅកាន់ឋាននរក ដោយសារតែផ្លូវនោះត្រូវទឹកលិចមួយរយៈពេលដែលមានភ្លៀងធ្លាក់។ លុះពេលទឹកស្រកទៅវិញមិនទាន់ស្រួលបួលផង មានរថយន្តបែកធុនយក្សដឹកដី បើកឆ្លងកាត់យ៉ាងគគ្រឹកគគ្រេងជាប់មិនដាច់។

ហេតុផលទាំងនេះហើយ ទើបធ្វើឲ្យផ្លូវទទួលរងនូវការខូចខាត ក្លាយជារណ្ដៅធំៗ ហើយអាជ្ញាធរមូលដ្ឋាន មិនបានអើពើបំផុសឲ្យក្រុមឈ្មួញដឹកដី និងបណ្ដាក្រុមហ៊ុន ដែលមានរថយន្តធំៗ នៅតាមបណ្ដោយផ្លូវនោះចូលរួមក្នុងការជួសជុលផ្លូវនោះឡើយ មិនគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ភ្លេចអស់បទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យមន្រ្តីអាជ្ញាធរទាំងអស់ត្រូវតែ «ចុះមើលផ្លូវ» នោះ។

មិនតែប៉ុណ្ណោះ រថយន្តដឹកទំនិញជាប់ផុងជាបន្តបន្ទាប់ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខក្រចេះ 3A-0357 ដឹកអង្ករពីខេត្តបាត់ដំបង យកទៅដាក់នៅក្នុងឃ្លាំងអង្ករមួយ ស្ថិតក្នុងភូមិអង្សរ សង្កាត់ត្រពាំងក្រសាំង បានជាប់ផុងនៅកណ្ដាលផ្លូវនោះតែម្ដង។ ជាងនេះទៀតនៅ ព្រឹកថ្ងៃដដែលនោះ ប្រជាពលរដ្ឋបាននាំគ្នាឃាត់ រថយន្តដឹកដីជាច្រើនគ្រឿង និងអស់រយៈពេលជាង១ម៉ោង មិនឲ្យបើកឆ្លងកាត់ ព្រោះតែក្រុមរថយន្តទាំងនោះគិតតែពីបើកដឹកដី ដឹងតែពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប៉ះពាល់ប្រជាពលរដ្ឋ និងមិនគិតគូជួសជុលផ្លូវជាមុនសិន ទើបនាំគ្នាបើកបរនោះឡើយ។

ប្រជាពលរដ្ឋបានលើកឡើងថា ក្រុមរថយន្តដឹកដី ដែលត្រូវពួកគាត់ឃាត់នោះ ភាគច្រើនគីរថយន្តដឹកដី របស់ឈ្មួញរណ្ដៅដី ឈ្មោះ «តាក់ ជីឡៅ» ដែលក្រុមនេះមានរថយន្តសុទ្ធតែយីឌុប កង់១០បំផ្លាញផ្លូវ ពេញទីផ្ទុកទម្ងន់ដីចាប់ពី៣០ ទៅ៤០តោន ឬលើសពីនេះទៀត ប៉ុន្តែឈ្មួញនោះកំណាញ់ខ្លាំងណាស់ មិនហានចំណាយដីសម្រាប់ចាក់ធ្វើផ្លូវឡើយ។ បើនៅរដូវប្រាំងវិញ បើកលឿនហុយងងឹតមេឃងងឹតដី មិនសូវស្រោចទឹកផ្លូវទេ តែបើស្រោចវិញដូចនោមទាស់ ហើយមួយថ្ងៃតែ២ឡានច្រើនពេកផង។

ដោយឡែកក្រុមអ្នកដឹកដីមួយទៀត គឺឈ្មោះ «តាំង ហុងស្រេង» ដែលក្រុមនេះប្រើតែរថយន្តធុនតូច កង់៦ចំណុះ៥តោនប៉ុណ្ណោះ ហើយគាត់មានចិត្តជាងគេ ដោយបញ្ចេញរថយន្តទឹកស្រោច មិនសូវឲ្យទាស់ចិត្តឡើយ ហើយនៅក្នុងខណៈពេលដែលពួកគាត់ឃាត់រថយន្ត គឺមានរថយន្តគាត់២គ្រឿង ជាប់នៅទីនោះដែរ ហើយលោកមេការ លោក តាំង ហុងស្រេង បានសន្យាថាគាត់ និងដឹកដីចាក់ផ្លូវខូចនោះ ប្រសិនបើគ្មានភ្លៀងទេនោះ ហើយទម្លាប់របស់ក្រុមហ៊ុនដឹកដីរបស់លោក តាំង ហុងស្រេង មួយនេះ គឺធ្វើផ្លូវរហូត មិនដែលកំណាញ់ឡើយ៕