(ព្រះសីហនុ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់លើវិស័យអតីតយុទ្ធជន នៅឆ្នាំ ២០១៧ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងតម្លើងប្រាក់សោធន ជូនបងប្អូនអតីតយុទ្ធជនទាបបំផុតចំនួន៤២០,០០០រៀលក្នុងមួយខែ។

ការថ្លែងរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើឡើងខណៈលោកអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូក សរុបលទ្ធផលការងាររយៈពេល ០៩ ខែ ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្ត របស់បេឡាជាតិអតីតយុទ្ធជន នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារឆ្នេរជលសារ ខេត្តព្រះសីហនុ ។

យោងតាមរបាយការណ៍ដែលបញ្ជាក់ ដោយលោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន បានឲ្យដឹងថា បេឡាជាតិអតីតយុទ្ធជន បាននឹងកំពុងផ្តល់សេវា លើរបបសន្តិសុខសង្គម ជូនអតីតយុទ្ធជន នៅទូទាំង ២៥ រាជធានី ខេត្ត តាមប្រព័ន្ធធនាគារដៃគូ សរុបចំនួន ៨៦,៧១៦នាក់ និងអ្នកនៅក្នុងបន្ទុក សរុបចំនួន ១៣៥, ៥៤០ នាក់ ដែលប្រើប្រាស់ថវិការដ្ឋប្រមាណជាង ៨០ លានដុល្លារអាមេរិក ក្នុង ១ឆ្នាំ តាមគោលការណ៍អភិបាលកិច្ចល្អ តម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

លោក រឿន រិទ្ធីរ័ត្ន បានឲ្យដឹងទៀតថា បេឡាជាតិអតីតយុទ្ធជន មានបេសកកម្មក្នុងការគ្រប់គ្រង និងធានាការបើករបបសន្តិសុខសង្គមជូនអតីតយុទ្ធជន នៃកងយោពលខេមរភូមិន្ទ អតីតយុទ្ធជន នៃក្របខណ្ឌមន្រ្តី នគរបាលជាតិ អតីតយុទ្ធជន នៃក្របខណ្ឌមន្រ្តីរាជការស៊ីវិល បុគ្គលិកជាប់កិច្ចសន្យា កងជីវពល កងសេនាជន និងប្រជាពលរដ្ឋដែលបានចូលរួមប្រយុទ្ធ ឬបម្រើការការងារ ដើម្បីប្រទេសជាតិ និងគ្រួសារ អតីត យុទ្ធជន ដោយគ្របដណ្តប់លើតាវកាលិកចំនួន ៩រួមមាន៖ ការចូលនិវត្តន៍ ការបាត់បង់សមត្ថភាពការងារ មាតុភាព អាពាហ៍ពិពាហ៍គ្រាដំបូង ពលី មរណៈ ពិការភាព ជំងឺ និងគ្រួសាររបស់ជនទាំងនោះ។

ជាការឆ្លើតប លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានសំដែងនូវការអបអរសាទរ ចំពោះលទ្ធផលដ៏ល្អប្រសើរ ដែលបេឡាជាតិអតីតយុទ្ធជនសម្រេចបានក្នុងរយៈពេល ០៩ខែ ឆ្នាំ២០១៦ នេះ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃបេឡាជាតិអតីតយុទ្ធជន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ក៏ដូចជាធនាគារដៃគូ ដែលបានរួមចំណែកដឹកនាំតម្រង់ទិស និងផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការបម្រើសេវាជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច លោក វង សូត បានគូសបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាននិងកំពុងជំរុញអនុវត្តយ៉ាងសកម្មនូវគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០១៦-២០២៥ ដើម្បីជំរុញ និងធានាឲ្យបាននូវសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។

ជាមួយគ្នានេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងអនុវត្តគោលនយោបាយ ស្តីពីប្រព័ន្ធសុវត្ថិភាពសង្គម និងផែនការអភិវឌ្ឍយុទ្ធសាស្រ្តជាតិ យ៉ាងមោះមុត ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ជាពិសេសកុមារកំព្រា និងស្រ្តីងាយរងគ្រោះ ជនចាស់ជរា ជនពិការ មន្រ្តីរាជការស៊ីវិល អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់នូវអនុសាសន៍ល្អៗជាច្រើន និងស្នើឲ្យសមាជិក សមាជិកា នៃអង្គពិធីទាំងមូល ត្រូវលើកឡើងនូវបញ្ហា ប្រឈមនានា និងទស្សនៈវិស័យវែងឆ្ងាយ ដើម្បីមានមូលដ្ឋានជាគន្លឹះក្នុងការដោះស្រាយ ក៏ដូចជាក្នុងទិសដៅជំរុញការងារ បេឡាជាតិអតីតយុទ្ធជន បន្តនិរន្តរភាព ក្នុងការផ្តល់សេវាជូនដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ប្រកបដោយ តម្លាភាព ប្រសិទ្ធភាពខ្ពស់ផងដែរ៕