(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះបើកវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ ស្តីពីសុខភាពការងារនៅកន្លែងធ្វើការ ក្រោមកិច្ចសហការជាមួយសាកលវិទ្យាល័យជាតិសឹង្ហបុរី (NUS) ដើម្បីពង្រឹងការអនុវត្តការងាររបស់មន្រ្តីរាជការពាក់ព័ន្ធ ស្របតាមគោលនយោបាលរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសសនោះ លោក អ៉ិត សំហេង បានឲ្យដឹងថា «ការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារ ជាទិសដៅរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរំលេចនៅក្នុងកម្មវិធីទី៤ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៤-២០១៨ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា»

លោករដ្ឋមន្រ្តីបន្តថា គោលបំណងសំខាន់ៗក្នុងវគ្គបណ្ដុះបណ្ដាលនេះ រួមមាន៖ ទី១.ការរៀបចំគោលនយោបាយ ស្តីពីសុខភាព និងសុវត្ថិភាពការងារ និងការបង្កើតផែនការមេលើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារ, ទី២.ការរៀបចំ និងធ្វើបច្ចុប្បន្នភាពលើលិខិតបទដ្ឋានគតិយុត្តបន្ថែម ការបន្តយុទ្ធនាការបង្ការមេរោគអេដស៍ និងជំងឺអេដស៍នៅកន្លែងធ្វើការ ការពង្រឹងការចូលរួម និងការលើកទឹកចិត្តក្នុងការការពារសុខភាព និងសុវត្ថិភាពការងារ ពីសំណាក់ម្ចាស់សហគ្រាស គ្រឹះស្ថាន អង្គការកម្មករនិយោជិត ការពង្រីកការការពារសុខភាព និងសុវត្ថិភាពការងារដល់សហគ្រាសខ្នាតតូច និងមធ្យម សំដៅធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ ជាដើម។

លោករដ្ឋមន្រ្តីបន្តទៀតថា «ការផ្តល់សេវាសុខភាពការងារ ជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ការ និងទប់ស្កាត់ហានិភ័យដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ ដែលទាមទារចាំបាច់ឱ្យមាននីតិវិធី ឬគោលការណ៍ណែនាំច្បាស់លាស់ ក្នុងការស្រាវជ្រាវ និងពិនិត្យតាមដានជំងឺវិជ្ជាជីវៈ ការរៀបចំប្រព័ន្ធធានារ៉ាប់រងហានិភ័យការងារ ប្រកបដោយគុណភាព ការបង្កើតនូវមន្ទីរពិសោធន៍ ដែលមានលក្ខណៈស្តង់ដារអន្តរជាតិ និងធនធានជំនាញ ប្រកបដោយសមត្ថភាពគ្រប់គ្រាន់ ព្រមទាំងការបង្កើតអង្គភាពជំនាញសម្រាប់តាមដាន និងវាយតម្លៃលើសកម្មភាពការងារជាប្រចាំថែមទៀត»

លោក អ៉ិត សំហេង បានបន្ថែមថា ជាលទ្ធផល ក្រសួងការងារបានសម្រេចបាននូវលទ្ធផលការងារសំខាន់ៗ រួមមានការកែលម្អប្រព័ន្ធអធិការកិច្ចការងារ និងអធិការកិច្ចសុខភាព និងសុវត្ថិភាពការងារ ការជំរុញការរៀបចំសេវាពេទ្យ នៅតាមសហគ្រាស គ្រឹះស្ថាន ការបង្កើតសេចក្តីព្រាងបញ្ជីឈ្មោះជំងឺវិជ្ជាជីវៈ ដោយយោងទៅលើបញ្ជីឈ្មោះជំងឺវិជ្ជាជីវៈ របស់អង្គអន្តរជាតិខាងការងារ (ILO)។

ក្រៅពីនេះ ក៏មានការដាក់ឱ្យអនុវត្តរបបថែទាំសុខភាព សម្រាប់កម្មករនិយោជិត ដែលស្ថិតនៅក្រោមច្បាប់ស្តីពីការងារ ព្រមទាំងបាននិងកំពុងដាក់ឆ្លងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ និងគម្រោងបង្កើតមន្ទីរពិសោធន៍សុខភាព និងសុវត្ថិភាពការងារ នាពេលខាងមុខ ដើម្បីពង្រឹងប្រព័ន្ធសុខភាព និងសុវត្ថិភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគ្រាស គ្រឹះស្ថាន ដែលជាកម្លាំងជំរុញដ៏សំខាន់ ក្នុងការកសាងវប្បធម៌សុខភាព និងសុវត្ថិភាពការងារនៅកន្លែងធ្វើការ។

សូមជម្រាបថា សិក្ខាសាលានាពេលនេះ ប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២១-២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ដែលមានការចូលរួមពី សាស្រ្តាចារ្យជំនាញផែ្នកសុខភាព និងសុវត្ថិភាពការងារ និងសុខភាពសាធារណៈរបស់ប្រទេសសឹង្ហបុរី នឹងផ្តល់បទពិសោធន៍ល្អៗ ទាក់ទងនឹងគោលការណ៍នៃសុខភាពការងារ ការអង្កេតស្រាវជ្រាវជំងឺវិជ្ជាជីវៈ និងស្ថានភាព នៃការពិនិត្យសុខភាពប្រទេសសឹង្ហបុរី ការសិក្សាស្រាវជ្រាវ   ស្តីពីសុខភាពការងារតាមប្រព័ន្ធអ៊ីនធឺណេត ការវាយតម្លៃ ហានិភ័យការងារនៅកន្លែងធ្វើការ  ព្រមទាំងដំណើរទស្សនៈកិច្ចសិក្សា និងការអនុវត្តជាក់ស្តែងនៅតាមសហគ្រាស គ្រឹះស្ថាន ដែលនឹងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ៕