(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ចន្ទមុន្នី ប្រធានមូលនិធិអណ្តូងទឹកស្អាត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយនិងក្រុមការងារមួយចំនួនទៀត បានប្រគល់អណ្តូងទឹកស្អាតចំនួន១០អណ្តូង ដែលជាអំណោយមនុស្សធម៌របស់ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ប៊ុន ស៊ាងលី ត្រួវជាឪពុកម្តាយបង្កើតសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ជូនដល់ប្រជាពលរដ្ឋអាស្រ័យផល រស់នៅក្នុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នៅក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយនិងប្រជាពលរដ្ឋដែលទទួលអាស្រ័យផល អណ្តូងទឹកស្អាតទាំងអស់ លោកស្រី ពេជ្រ ចន្ទមុន្នី ប្រធានមូលនិធិអណ្តូងទឹកស្អាត បានឲ្យដឹងថា អំណោយអណ្តូងទឹកទាំងនេះគឺជាអំណោយកេរ្តី៍មរតករបស់ អ្នកឧញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌីប៉ុក ដែលត្រូវជាឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន ដែលគាត់ ទួលអនិច្ចកម្មទៅហើយនោះ។

លោកស្រី បន្ថែមថា នៅក្នុងចំណោមអណ្តូងទឹកទាំង១០នោះ ក្នុងនោះមាន៥អណ្តូងដែល ជាអំណោយរបស់មហា​ ឧបាសិកា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ដែលត្រូវជាឪពុកម្តាយបង្កើត សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

លោកស្រីបានបន្តថា សព្វថ្ងៃនេះមហាឧបាសិកា ប៊ុន ស៊ាងលី លោកមានព្រះជន៩៣វស្សាហើយ លោកយាយចូលចិត្តធ្វើបុណ្យដាក់ទានសន្សំកុសល ទៅដល់ជនដែលក្រីក្ររស់នៅតាមទីជនបទដាច់ស្រយ៉ាល និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីថា សូមបងប្អូនទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាព ដោយមានអនាម័យល្អក្នុងការរស់នៅ ទាំងការហូបស្អាត ផឹកស្អាត ដើម្បីសុខភាពបងប្អូន ហើយលោកទាំង២ និងស្ថិតនៅជាប់ជាមួយបងប្អូនជានិច្ច ជាពិសេសជនដែលងាយរងគ្រោះផងដែរ។

ក្រៅពីប្រគល់អណ្តូងទឹកចំនួន១០អណ្តូងនេះ លោកស្រី​ ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោចុះមកជួយ ពិនិត្យនិងព្យាបាលសុខភាព ទូទៅជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងបានជួបលោកយាយចាស់ជរាម្នាក់ដែលមានជីវភាពខ្វះខាតព្រះជន្ម រហូតដល់១១៦វស្សា រស់នៅក្នុងឃុំស្រុកខាងលើនេះ ដើម្បីសួរសុខទុក្ខ និងពាំនាំថវិកាសម្តេចតេជោចំនួន ៥០ម៉ឺនរៀលសំរាប់ទិញស័ង្កសី ប្រក់ដំបូលផ្ទះលោកយាយផងដែរ។

សូមបញ្ជាក់ថា​ សព្វថ្ងៃនេះមូលនីធិអណ្តូងទឹកស្អាត បានធ្វើជូនប្រជាពលរដ្ឋបានជាង៤០០អណ្តូងហើយ រួមទាំងអណ្តូងដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការណ៍បានជាង៣០០អណ្តូង។

ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ និងអ្នកទទួលអាស្រ័យផលនៃអណ្តួងទឹកស្អាតទាំងអស់ បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង និងបានសំដែងនូវការដឹងគុណ និងអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោជាប្រមុខ តែងតែគិតគូដល់ពួកគាត់ដែលរស់នៅតាមទីជនបទ ដាច់ស្រយ៉ាលជាពិសេស ផ្តល់អណ្តូងទឹកស្អាតនេះ សំរាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

គួររំលឹកថាកាលដែល អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ប៊ុន ស៊ាងលី លោកនៅមានជីវិតលោកគឺជាមនុស្ស ដែលមានចិត្តសប្បុរសធម៌ បរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនជាច្រើនក្នុងវិស័យមនុស្សធម៌ ដូចជាការកសាងសាលារៀន វត្តអាម របង និងទ្រព្យសម្បត្តិសាធារណះមួយចំនួនទៀត ជាពិសេសនោះគឺបងប្អូនប្រជាពលរដ្ឋរស់នៅតាមទីជន បទដាច់ស្រយាលខ្វះខាតទឹកស្អាតប្រើប្រាស់ ហេតុដូច្នេះបន្ទាប់ពី លោកលាចាកលោក ទៅទើបកូនចៅសំរេចយកថវិកាដែលនៅសេសសល់ទាំងប៉ុន្មាន មកធ្វើជាមូលនិធិអណ្តូងទឹកស្អាត ដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់នៅគ្រប់ខេត្តក្រុង ទាំងអស់ក្នុងប្រទេសកម្ពុជា៕