(ភ្នំពេញ​)៖ ជនសង្ស័យ​បី​នាក់​ក្នុងនោះ​មាន​ស្ត្រី​ជនជាតិ​អូស្រ្តាលី​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែ​វិច្ឆិកា​នេះ​ ​បញ្ជូន​​មក​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​ករណី​អំពើជាអន្តរកាលនៃការពពោះ ឬ​និយាយ​សាមញ្ញ​ថា​ ការ​ជួលស្រ្តីខ្មែរឲ្យពពោះបង្កើតកូ​ន​ជំនួស​ និងផ្តល់ឯកសារដោយទុច្ចរិត​ ។

នាយ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​ លោក​ កែវ​ ធា​ ​ ថ្លែង​ថា​ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បី​នាក់​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក​ សេង​ ហៀង​ ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។​

របាយការណ៍​សមត្ថកិច្ច​ បង្ហាញ​ថា​ ជនសង្ស័យ​ទាំង​បី​នាក់​​ ឈ្មោះ CHALES  TAMMY ALAYNE ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិអូស្ត្រាលី កាន់លិខិតឆ្លងដែនលេខ PE-0402481  ឈ្មោះ​ ពេញ រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ​ ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និង ឈ្មោះ សំរិទ្ធ ចាន់ចរិយា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរឆ្មបស្នាក់នៅសង្កាត់ វាលវង់ ខណ្ឌ៧មករា​ ។

ក្រុម​ជនសង្ស័យ​ ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ និងខណ្ឌដូនពេញ ឃាត់ខ្លួន​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា​ នេះ​ ។

សមត្ថកិច្ច​បានបញ្ជាក់​ថា​ នៅពេលដែលបណ្តាប្រទេសដទៃចេញច្បាប់បិទ​ មិន​ឲ្យ​មានការជួលស្រី្ត​ពពោះដើម្បីកើតកូនជំនួស បណ្តាញជំនួញនេះបានហូរចូលកម្ពុជា ហើយបង្កើតមេខ្យល់អោយ ដើរលួងលោម អូសទាញ ស្ត្រី​ឲ្យ​រកស៊ីឈ្នួល ពពោះជំនួសអ្នកដែលចង់បានកូន ហើយរហូតដល់ក្រុមមនុស្សប្រុស ​ស្រលាញ់ប្រុសដូចគ្នា​ចង់បានកូន ក៏មកកម្ពុជារកកូនដែរ។​ ជំនួញមួយនេះធ្វើ​ឲ្យ​ពួក​ឈ្មួញ​ចំណេញកប់ពពក អ្នកចង់បានកូនត្រូវចំណាយ៥ម៉ឺនដុល្លារអាមេរិក​៕