(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណជិត៩ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្មេងស្ទាវដែលមានជម្លោះជាមួយឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនទៅកាន់តុលាការហើយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីបានឃុំខ្លួន និងសាកសួរនៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញអស់រយៈពេល២ថ្ងៃ។

​លោក​ កែវ​ សុជាតិ​ ព្រះរាជ​អាជ្ញា​រង ​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ជាអ្នកកាន់សំណុំរឿងនេះ។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស ធ្លាប់បានបញ្ជាក់ប្រាប់អង្គភាព Fresh News ដោយធ្វើការអំពាវនាវដល់សាធារណជន មជ្ឈដ្ឋានទូទៅ ព្រមទាំងសាច់ញាតិខាងលោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង និងខាងភាគីក្មេងស្ទាវ ដែលបានមានជម្លោះជាមួយគ្នា សូមរក្សាភាពស្ងៀមស្ងាត់ ខណៈដែលពេលនេះមន្ដ្រីជំនាញ កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត ដែលដឹកនាំបញ្ជាផ្ទាល់ដោយ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជហត្ថលើផ្ទៃប្រទេស ដើម្បីរកភាពយុត្តិធម៌ជូនភាគីទាំង២ តាមច្បាប់ឲ្យខាងតែបាន។

សូមជំរាបថា បន្ទាប់ពីមានជម្លោះ និងឃាត់ខ្លួនបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថក្រុងភ្នំពេញ, ក្មេងស្ទាវដែលបានប្រើពាក្យសម្ដីមិនសមរម្យ ទៅលើមេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា ត្រូវបានមន្រ្តីអាវុធហត្ថបញ្ជាក់ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា បន្ទាប់ពីពិនិត្យតាមដានទឹកនោមឃើញថា យុវជននោះបានប្រើប្រាស់គ្រឿងញៀន៕