(ឧត្តរមានជ័យ)៖ លោក គន់ គីម សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ កណ្តាលចុះជួយខេត្តឧត្តរមានជ័យនោះ បានក្រើនរំលឹកទៅដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាក្នុងខេត្តឧត្តរមានជ័យឲ្យ សំឡឹងមើលពីទុក្ខលំបាករបស់ប្រជាពលរដ្ឋជាអាទិភាព ហើយត្រូវដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។

ការថ្លែងជំរុញរបស់លោក គន់ គីម ដែលជាមន្រ្តីយោធាជាន់ខ្ពស់មួយរូបក្នុងកងយោពលខេមរភូមិន្ទផងដែរនោះ បានធ្វើឡើងក្នុងពេលដែលរូបអញ្ជើញប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារថ្មីសម្រាប់ឆ្នាំ២០១៧ របស់គណបក្សប្រជាជន កម្ពុជានៅក្នុងខេត្តឧត្តរមានជ័យ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញនេះ។

ក្នុងកិច្ចប្រជុំនោះលោក គន់ គីម បានរំលឹកទៅដល់សមាជិកគណបក្សថា ការបម្រើប្រជាពលរដ្ឋដោយស្មោះសរ និងនាំមកនូវសមិទ្ធផលថ្មីៗជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ គឺជាការងារអាទិភាព ដ៏ត្រឹមត្រូវបំផុតមិនអាចខ្វះបាននោះឡើយ។ លោកបន្តថា សកម្មភាព និងទង្វើទាំងអស់នេះហើយ ដែលប្រជាពលរដ្ឋអាចវាយតម្លៃបានថា តើនរណាជាជម្រើសរបស់ពួកគាត់សម្រាប់ការដឹកនាំនៅមូលដ្ឋាន និង ប្រទេសជាតិ សម្រាប់ឆ្នាំ២០១៧ និងឆ្នាំ២០១៨ខាងមុខ?

ក្នុងន័យនេះ លោក គន់ គីម បានរំលឹកទៅដល់សមាជិកបក្សមិនត្រូវអង្គុយនៅស្ងៀមនោះទេ ត្រូវតែធ្វើសកម្មភាពឲ្យសកម្មចុះឲ្យដល់ខ្នង ផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីក្តាប់បាននូវសភាពការណ៍ពិតរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះ ឬប្រឈមក្នុងជីវភាពប្រចាំថ្ងៃ ហើយត្រូវចាត់ចែងដោះស្រាយឲ្យបានទាន់ពេលវេលា និងតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

ក្រៅពីការយកចិត្តទុកដាក់លើបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋហើយនោះ លោក គន់ គីម ក៏បានជំរុញឲ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងខេត្តឧត្តរមានជ័យ ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំខេត្ត ក៏ត្រូវប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឲ្យបានរីកចម្រើន លើកកម្ពស់មុខមាត់ខេត្ត ក៏ដូចជាទាក់ទាញភ្ញៀវទេសចរទស្សនាក្នុងខេត្ត ដើម្បីបង្កើនការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋ។

លោក គន់ គីម ក៏បានរំលឹកដល់សមាជិក សមាជិកា ព្រមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្នុងខេត្តឧត្តរមានជ័យឲ្យធ្វើសកម្ម ភាពជំរុញប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ព្រោះកាលបរិច្ឆេទ នៃការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីនៅសល់ពេល ៩ថ្ងៃទៀតប៉ុណ្ណោះ៕