(ភ្នំពញ)៖ នៅក្នុងពិធីសម្ពោធរថយន្តមន្ទីរពិសោធន៍ចល័ត (Mobile Lab) លើកទី១ នាទីស្ដីការក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក ម៉ក ពេជ្ជរិទ្ធ ប្រធានអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានកោតសរសើរអំពីគុណភាពរបស់ម៉ាស៊ីនពិសេសនេះ ហើយថា Mobile Lab មានសមត្ថភាពអាចពិសោធន៍រក ជាតិប្លាស្ទិចក្នុងអង្ករ និងសារធាតុគីមីក្នុងទំនិញនានា ដើម្បីបង្ហាញជូនប្រជាពលរដ្ឋ ឲ្យបានឃើញច្បាស់។

លោក ម៉ក ពេជ្ជរិទ្ធ បានឲ្យដឹងថា «បើមានអង្ករប្លាស្ទិច សូមប្រជាពលរដ្ឋយកមកកន្លែងកាំកុងត្រូល ឬហៅមន្រ្តីកាំកុងត្រូលឲ្យចុះទៅដល់កន្លែងផ្ទាល់ នោះរថយន្តេះ Mobile Lab នឹងចុះទៅដល់ភ្លាម ហើយវិភាគជូនប្រជាពលរដ្ឋភ្លាម ថាតើវាជាអង្ករប្លាស្ទិចឬអត់ ហើយពិនិត្យបានទាន់ពេលវេលា ដោយមិនគិតកម្រៃពីប្រជាពលរដ្ឋនោះទេ»

លោក ម៉ក ពេជ្ជរិទ្ធ បានចាត់ទុកថា អគ្គនាយកដ្ឋានកាំកុងត្រូល គឺជាអ្នកព្យាបាលមុនប្រជាពលរដ្ឋមានជំងឺ ហើយពេទ្យគឺជាអ្នកព្យាបាលក្រោយពីប្រជាពលរដ្ឋមានជំងឺ។

លោកបានណែនាំដល់មន្រ្តីកាំកុងត្រូលទាំងអស់ថា ការងារចុះត្រួតពិនិត្យទំនិញ មន្រ្តីកាំកុងត្រូលទាំងអស់ ត្រូវតែចុះទៅដល់មូលដ្ឋានផ្ទាល់ ពិសេសនៅតាមទីជនបទឆ្ងាយៗ ព្រោះមានរថយន្ត Mobile Lab នេះហើយ កុំចាំតែប្រជាពលរដ្ឋបញ្ជូនទំនិញដែលមានបញ្ហាទាំងនោះ មកឲ្យខ្លួនពិនិត្យមើល។ ក្នុងនាមជាកម្លាំងសមត្ថកិច្ចជំនាញ ដាច់ខាតត្រូវការពារជាមុននូវសុវត្ថិភាពទំនិញ ផលិតផល ពិសេសចំណី អាហារទទួលទាន ប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋឲ្យបានខ្ជាប់ខ្ជូន គ្រប់ពេលវេលា។

សូមជម្រាបថា កម្ពុជាមានមន្ទីរពិសោធន៍ (Manylabs) ចំនួន៣ សម្រាប់ត្រួតពិនិត្យទំនិញដែលមានសារធាតុគីមីនៅតាមព្រំដែនអន្តរជាតិ ទី១.នៅកំពង់ផែព្រះសីហនុ ទី២.ច្រកព្រំដែនអន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងទី៣.នៅច្រកព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។

ដោយឡែក ក្រសួងពាណិជ្ជកម្ម ក៏មានគម្រោងត្រៀមដាក់ឲ្យប្រើប្រាស់ រថយន្តមន្ទីរពិសោធន៍ចល័ត Mobile Lab នេះ ឲ្យមាននៅតាម ២៥រាជធានីខេត្ត ផងដែរ ប៉ុន្តែកំឡុងពេលនេះ មានតែនៅក្នុងរាជធានីមួយសិនប៉ុណ្ណោះ៕