(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ​ឆ្នាំ​២០១៦ សន្និសីទស្រូវអង្ករពិភពលោក ដែលរៀបចំឡើងនៅខេត្តឈៀងម៉ៃ ប្រទេសថៃ​​ បានចាប់ផ្តើមជាផ្លូវការហើយ។

សន្និសីទស្រូវអង្ករពិភពលោកនេះ មានរយៈពេល២ថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី១៧ ខែវិច្ឆិកានេះ នឹងបញ្ចប់នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា អំឡុង​ពេលសន្និសីទនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បាន​នាំ​យក​អង្ករ​ល្អ​បំ​ផុត​ ដោយការធ្វើតេស្តអង្ករនិងវាយតម្លៃអង្ករ ពី​សំណាក់​សហព័ន្ធ​​ចុង​ភៅ​កម្ពុជា មន្ត្រីសហព័ន្ធស្រូវអង្ករកម្ពុជា និង តំណាង់​ក្រសួង​ពាណិជ្ជកម្ម សម្រាប់ចូលរួម​ប្រកួត​ប្រជែង​​គុណភាពអង្ករលេខមួយ​ប្រចាំឆ្នាំ​។

សហព័ន្ធបានបញ្ជាក់ថា ​ក្រៅ​ពីការយក​អង្ករ​មក​ប្រកួតគុណភាព ដែល​ទទួល​បានពីម្ចាស់រោង​ ម៉ាស៊ីន អ្នកនាំចេញ​ និងសហគមន៍​កសិកម្ម សហព័ន្ធ​ក៏បាន​នាំ​យក​​ផលិតផល​អង្ករ​ល្អៗ​ ដែលសមាជិក​​របស់សហព័ន្ធ​​ បាន​ឧបត្ថម្ភ ក្នុង​នោះ​​​មាន​ ក្រុមហ៊ុន​ នីកូលីន និង ក្រុមហ៊ុន​ បាយ័ន​ស៊ីរៀល និង ក្រុមហ៊ុន​ ព្រមទាំងរោងម៉ាស៊ីន​មួយចំនួន​ទៀត ដើម្បីតាំងបង្ហាញ​ដល់​អ្នកចូលរួម​មក​ពីជុំ​វិញពិភពលោក។

​លទ្ធ​ផល​នៃការធ្វើប្រកួត​ប្រជែងគុណភាពអង្ករ និង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៨​ ខែវិច្ឆិកា​នេះ ពោល​គឺ​នៅមុនបិទបញ្ចប់​សន្និសី​ទ ស្រូវអង្ករលើក​ទី​៨​នេះ៕