(ភ្នំពេញ)៖ បច្ចុប្បន្ននេះគេសង្កេតឃើញមានប្រិយមិត្តអ្នកអានជាច្រើន ជាពិសេសអ្នកលេងហ្វេសប៊ុកតែម្ដង តែងតែនាំគ្នាចូលខូមិនភ្លាមៗទៅលើព័ត៌មាន ឬក៏រូបភាព នៅលើអាកខោនរបស់គេដែលបង្ហោះឡើងក្រោយពីពួកគាត់បើកហ្វេសប៊ុកឃើញព័ត៌មាន ឬរូបភាពណាមួយដែលគាត់ចាប់អារម្មណ៏ ដោយការខូមិនគាំទ្រឬ ប្រតិកម្មរបស់ពួកគាត់ភាគច្រើនគាត់ មិនបានពិនិត្យមើលរូបថត និងខ្លឹមសារអត្ថបទឲ្យអស់ និងយល់សេចក្ដីនោះទេ ដែលជាដើមចមនាំអោយការបញ្ចេញមតិ របស់ពួកគាត់ខ្លះទៅជាខុស ឬផ្ទុយពីខ្លឹមសារព័ត៌មានដែលគេបានបង្ហោះឡើង។

មិត្តអ្នកអានខ្លះគ្រាន់តែបើកហ្វេសប៊ុកឡើងឃើញរូបភាព ឬឃើញតែចំណងជើងអត្ថបទពួកគាត់ចាប់ផ្ដើមធ្វើការកំណត់ខ្លឹមសារ ឬសន្និដ្ឋានយកតែម្ដង រួចហើយចាប់ផ្ដើមចូលខូមិនបញ្ចេញមតិតបអញ្ចេះ អញ្ចុះតាមតែពួកគាត់យល់ឃើញ។ ករណីខ្លះគេបង្ហោះរូបកាត់តសោះ (រូបមិនសមរម្យ) គាត់ចូលទៅខូមិនបញ្ចេញមតិ(ជេរ)តាមតែចិត្តគាត់នឹកឃើញ។

អត្ថបទខ្លះគេមិនអាចសរសេរចំណងជើងវែងអន្លាយបានទេ គឺសរសេរអោយខ្លី តែសាច់រឿងលំអិតគេសរសេរនៅក្នុងអត្ថបទ តែប្រិយមិត្តខ្លះគាត់មិនបានចូល មើលអត្ថបទទេ គឺមើលតែចំណងជើងក៏កាត់យល់ហើយចូលខូមិន ធ្វើការសន្និដ្ឋានតែម្ដង ធ្វើអោយការខូមិនរបស់គាត់ខុសពីខ្លឹមសារ និងអត្ថន័យនៅក្នុងអត្ថបទ រហូតដល់អ្នកខ្លះខូមិនបញ្ចេញមតិខុសពីខ្លឹមសារដែលម្ចាស់អាក់ខោនហ្វេសប៊ុកគាត់សរសេរបង្ហោះក៏មានដែរ។

ជាក់ស្ដែងម្សិលមិញ Fresh News បានចេញផ្សាយអត្ថបទមួយមានចំណងជើងថា «ករណីស៊ីផ្លេសុំផ្លូវ បង្កទៅជារឿងតាមវាយតប់គ្នា តែតាមពិតផ្ដើមចេញពីរឿង គ្រោះថ្នាក់ចរាចរ បើករត់មិនដោះស្រាយ» ស្រាប់តែមានប្រិយមិត្តខ្លះចូលខូមិនថា Fresh News សរសេរព័ត៌មានពីខ្មៅទៅសរ ដោយសរសេរកាន់ជើងជនល្មើស ជាដើម។ល។ ដោយពួកគាត់មិនបានចូលទៅអានខ្លឹមសារអត្ថបទទាំងស្រុងឲ្យអស់សេចក្ដីនោះទេ។

តាមពិត Fresh News សរសេរដកស្រង់សំដីម្ចាស់រថយន្តកាមរីហាយប្រីកស្លាកលេខ 2AP.9090 ដែលគាត់ស្នើសុំចេញមុខមកអះអាងប៉ុណ្ណោះ ខណៈរូបគាត់ត្រូវបានអ្នកលេងហ្វេសប៊ុកភាគច្រើនបង្ហោះចោទរូបគាត់ថា មានកាន់កាំភ្លើង ដោយរូបគាត់ទទួលស្គាល់ថា គាត់ចូលរួមនៅក្នុងហេតុការណ៏វាយតប់លើបុរសនោះ តែគាត់មិនបានកាន់កាំភ្លើងទេ ហើយក៏មិនបានកំណត់ថា ករណីនេះផ្ដើមចេញពីគ្រោះថ្នាក់ចរាចរមួយរយភាគរយនោះដែរ គឺសរសេរតាមតែសំដីម្ចាស់រថយន្តប៉ុណ្ណោះ។ ប្រិយមិត្តខ្លះទៀតគាត់ថា ក្នុងរូបភាពវីដេអូមានឃើញភាគីបង្កកាន់កាំភ្លើងទៅព្រួតវាយគេហើយ បែរជាសរសេរថា គ្មានកាំភ្លើងទៅវិញ។

តាមពិត Fresh News បានសរសេរក្នុងន័យថា ម្ចាស់រថយន្តលេខ 2AP.9090 អះអាងថា រូបគាត់មិនមានកាំភ្លើងប៉ុណ្ណោះ មិនមែនសរសេរបដិសេធថា នៅក្នុងក្រុមបង្កហឹង្សានោះគ្មានកាំភ្លើងនោះទេ។

សរុបសេចក្ដីមក Fresh News គ្រាន់តែចង់អោយប្រិយមិត្តអ្នកអានមុននឹងចូលខូមិន នៅលើអត្ថបទអ្វីមួយ គួរតែចូលអានអត្ថបទឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន បើជារូបភាព គួរតែពិនិត្យមើលអោយបានច្បាស់លាស់ថា តើជារូបភាពពិត ឬជារូបកាត់ត ដើម្បីជៀសវាងពេលយើងបញ្ចេញមតិទៅខុស ដោយករណីខ្លះការបញ្ចេញមតិ ដោយមិនបានពិនិត្យ ខ្លឹមសារអត្ថបទ ឬរូបថតឲ្យបានគ្រប់ជ្រុងជ្រោយអាចធ្វើអោយមានបញ្ហាផ្លូវច្បាប់ ដល់ខ្លួនវិញក៏មានដែរ។ ប៉ុន្តែទោះបីយ៉ាងណា Fresh News សូមទទួលយកនូវការរិះគន់ដើម្បីស្ថាបនា៕