(ភ្នំពេញ)៖ ការធ្វើប្រជាភិថុតលើបងប្អូនពលករដែលកំពុងធ្វើការនៅឯក្រៅប្រទេស ដើម្បីកេងចំណេញប្រយោជន៍នយោបាយរបស់ខ្លួន, នៅថ្ងៃនេះ លោក សម រង្ស៊ី មេបក្សប្រឆាំងដែលជាទណ្ឌិតកំពុងនិរទេសខ្លួន បានផ្ញើសារភូតកុហក បោកប្រាស់របស់គាត់ថា គាត់នឹងជួយផ្តល់ថវិកាជូនពលករទាំងអស់ដែលកំពុងធ្វើការ នៅប្រទេសថៃ ដើម្បីបានធ្វើដំណើរទៅចុះឈ្មោះបោះឆ្នោត ឲ្យបានមុនថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។

គ្រាន់តែបានឃើញសារបោកប្រាស់របស់ទណ្ឌិតរូបនេះភ្លាម ខ្ញុំជាពលរដ្ឋខ្មែរ ជាអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុកមួយរូប នឹងក៏ជាអ្នកតាមដានស្ថានការណ៍នយោបាយ របស់កម្ពុជាផងដែរ យល់ឃើញថា ស្នៀតបោករបស់លោក សម រង្ស៊ី គឺវាអន់ខ្លាំងណាស់ រាក់កំផែល ហើយក៏មិនគួរក្នុងឋានៈជាទណ្ឌិតដូចរូបគាត់ មិនព្រមផ្លាស់ប្តូរឥរិយាបថបន្តិចសោះឡើយ។ ពីព្រោះតែលោក សម រង្ស៊ី មានទម្លាប់ភូតកុហក បោកប្រាស់ទឹកចិត្តប្រជាពលរដ្ឋ និងនិយមប្រព្រឹត្តបំពានច្បាប់រដ្ឋហ្នឹង ហើយ ទើបរូបគាត់បានដើរទៅដល់មាត់ជ្រោះ និងមានពេលខ្លះប្រៀបដូចជាមនុស្សវិកលចរិត។

ខ្ញុំសូមនិយាយថា មេបក្សប្រឆាំងបាត់វិចារណញាណដោយហេតុថា៖

ទី១៖ ទណ្ឌិត សម រង្ស៊ី កំពុងប្រឈមនូវបណ្តឹងព្រហ្មទណ្ឌជាច្រើនករណី ហើយសុទ្ធតែជាបទល្មើសផ្សេងៗគ្នា។ បើនិយាយឲ្យងាយយល់ ងាយស្តាប់ គឺជាអ្នក នយោបាយចិញ្ចឹមទំនាស់ ទើបរូបគាត់មានរឿងរ៉ាវស្អេកស្កះក្នុងជីវិតនយោបាយ គឺគាត់ជាប់ឯកទគ្គកម្មខាងប្រព្រឹត្តល្មើសច្បាប់រដ្ឋ ប្រមាថរដ្ឋសភា និងជាតិសាសន៍ ខ្លួនឯង។ គាត់ចូលចិត្តប្រើអារម្មណ៍គំនិតវើរវាយគំនុំ និងការសងសឹកក្នុងដោះស្រាយបញ្ហា។ បើបែបនេះទៅមិនរួចទេ វានឹងគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ជាតិ។

ទី២៖ ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ បណ្តឹងរុំសួតយ៉ាងនេះហើយ ទណ្ឌិត សម រង្ស៊ី នៅវង្វេងភ្លេចខ្លួនមិនដឹងថា គាត់កំពុងមានទោសទណ្ឌទៀត។ ការពិតទៅ សម រង្ស៊ី គឺជាទណ្ឌិតដែលមានសាលក្រមស្ថាពរពីស្ថាប័នតុលាការ គឺគាត់មានទោសត្រូវជាប់ពន្ធនាគារផង និងពិន័យជាប្រាក់ផង ក្នុងសំណុំរឿងបរិហារកេរ្តិ៍ ញុះញង់ និងផ្សព្វផ្សាយព័ត៌មានមិនពិត។

ទី៣៖ បើគាត់មានសាលក្រមស្ថាពរ គឺបានសេចក្តីថា ទណ្ឌិត សម រង្ស៊ី មានលិខិតថ្កោលទោស សម្រាប់បញ្ជាក់អំពីអត្តសញ្ញាណសម្គាល់ខ្លួនថា ជាជនប្រព្រឹត្ត ល្មើសច្បាប់។ ប៉ុន្តែមិនមែនបានសេចក្តីថា លិខិតថ្កោលទោសនោះ សម្រាប់ឲ្យរូបគាត់អាចបន្តជីវិតនយោបាយបានទៀតឡើយ។ លោក សម រង្ស៊ី នៅពេលនេះ គឺបាត់បង់ហើយនូវសិទ្ធិធ្វើនយោបាយប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រី។ សូមកុំបន្តដេកស្រមៃទាំងថ្ងៃថា បោកឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យ សង្ឃឹមថា បានក្លាយជានាយករដ្ឋមន្ត្រីឲ្យសោះ ពីព្រោះប្រជាពលរដ្ឋក៏គ្មានអ្នកណាទៅផ្ញើជោគវាសនាជាមួយទណ្ឌិតនោះដែរ។ បើបោះឆ្នោតគាំទ្រទណ្ឌិត ឬជនល្មើស តើចាំបាច់អីប្រជាពលរដ្ឋគាត់ខំប្រឹងឲ្យកូនរៀនសូត្រដើម្បីមានការងារល្អ គេចផុតពីការប្រព្រឹត្តបទល្មើសធ្វើអ្វី? ក្នុងន័យថា ជនដែលនិយមយកខ្លួនទៅប្រព្រឹត្តបំពានច្បាប់ គឺមិនមែនជាមនុស្សដែលសង្គមគោរពស្រឡាញ់ និងឲ្យតម្លៃនោះឡើយ។ លោក សម រង្ស៊ី គាត់កំពុងប្រឈមបញ្ហាជាច្រើន គឺកើតចេញពីទង្វើរបស់គាត់ដែលជាន់ឈ្លីច្បាប់ហ្នឹងឯង។

ទី៤៖ បើទណ្ឌិត សម រង្ស៊ី បាត់បង់សិទ្ធិនយោបាយក៏មានន័យថា គ្មានសិទ្ធិបោះឆ្នោត និងក៏គ្មានសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។ បើគាត់បាត់បង់សិទ្ធិទាំងអស់ទៅហើយ តើ សម រង្ស៊ី នៅបន្តបោកប្រាស់ប្រជាពលរដ្ឋដល់ណាទៀត? ។ ពិតមែនហើយ គាត់មិនទាន់បញ្ឈប់ទេ ពីព្រោះសារជាតិរបស់លោក សម រង្ស៊ី ដែលមានឈាមជ័រជាកូនប្រុសរបស់ សម សារី ជាជនក្បត់ជាតិនោះ អំពើបោកប្រាស់របស់គាត់មិនងាយបញ្ចប់ឡើយ។ គេអាចគិតទុកថា ភាពទាល់ច្រករបស់ទណ្ឌិត សម រង្ស៊ី ដូចខ្មោចចូលក្នុងខ្លួន ឬដូចចាស់ៗតែងនិយាយថា «កំរោលចូល»។ ហេតុដូចនេះហើយ ទើបគេបានឃើញ ជាញឹកញាប់ ដោយពេលខ្លះគាត់ផ្ញើសារ ឬផ្តល់កិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលគាំទ្រគាត់ទាំងផ្កាប់មុខនោះបែបដូចមនុស្សវិកលចរិត ក្រឡិចក្រឡុច ម្តងនិយាយអញ្ចេះ ម្តងនិយាយថាអញ្ចុះ ត្រឡប់ត្រឡិន ហើយមានពេលខ្លះក្រឡាស់សម្តីយករួចខ្លួននៅពេលគាត់ទាល់ច្រក ឬគេដេញទាន់ជាន់កែងសង្កត់កជាប់ដឹងពីល្បិចបោករបស់គាត់។ មានឧទាហរណ៍ ដូចជាការចោទទៅលើលោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីជាប់ឆ្នោត របស់អាមេរិច ថាជាជនផ្តាច់ការ គឺកំពុងតែវាយបំបាក់នូវពុតត្បុតរបស់លោក សម រង្ស៊ី នៅឡើយទេ។

ហើយទំនងជាគាត់ស្តាយនូវការចោទប្រកាន់ដោយគ្មានវិចារណញាណទៅលើលោក ត្រាំ ដែលកន្លងមកអាមេរិកនេះហើយ ជាម្ចាស់ទុនដ៏ធំជួយបក្សប្រឆាំងពីក្រោយខ្នង និងការរៀបចំផែនការ សកម្មភាពក្តុងក្តាំងនានា បង្កបញ្ហាភាពរញ៉េរញ៉ៃក្នុងសង្គម ដូចជាការដឹកនាំធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតកាលពីឆ្នាំ២០១៣ជាដើម រហូតក្លាយជាបាតុកម្មហិង្សា។ ការប្រមាថទៅលើលោក ត្រាំ ក៏បានរលាកទៅដល់អង្គការ សមាគម ធ្វើការផ្នែកសិទ្ធិមនុស្សមួយចំនួន ក៏ចង់បែបងងឹតមុខដែរ ដោយសារសម្តីជ្រុលហួសរបស់មេបក្សប្រឆាំងរូបនេះ។

អីឡូវនេះ ខ្ញុំសូមទាញអារម្មណ៍បងប្អូន ងាកមកមើលដំណើរការចុះឈ្មោះបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាវិញ នោះបងប្អូននឹងបានដឹងអំពី ល្បិចបោកប្រាស់ ភូតកុហក និងការកេងចំណេញនយោបាយរបស់ទណ្ឌិត សម រង្ស៊ី នៅកន្លែងណាទៀត?

ចំលើយគឺ ទី១៖ បើទោះជាលោក សម រង្ស៊ី ខំប្រឹងនិយាយមួលបង្កាច់ ចោទប្រកាន់លើអាជ្ញាធររដ្ឋាភិបាលថា មិនបានយកចិត្តទុកដាក់ជួយសម្រួល ជូនបងប្អូនពលករចំណាកស្រុក ក្នុងការចុះឈ្មោះបោះឆ្នោតក្តី ប៉ុន្តែបញ្ហាដែលទណ្ឌិត សម រង្ស៊ី លើកឡើយនោះ មិនមែនជាការពិត និងក៏លែងមានជាចំណោទនោះដែរ ពីព្រោះ «គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រជាពលរដ្ឋ ដែលទៅចុះឈ្មោះបោះឆ្នោត នៅទូទាំងប្រទេសកម្ពុជាបានកើនដល់ជាង៧លាននាក់ បើគិតជាភាគរយស្មើនឹងជាង៧៣ភាគរយ នេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»

ភាគរយនេះ គឺជាចំនួនច្រើនលើសលុប នៃពលរដ្ឋកម្ពុជាដែលបានទៅចុះឈ្មោះបោះឆ្នោត ហើយក្នុងនោះ ក៏មានពលករចំណាកស្រុកជាច្រើន បានចុះឈ្មោះបោះឆ្នោតរួចហើយ ខណៈដែលពួកគាត់មកលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូកដែលទើបតែបញ្ចប់ទៅនេះ។ ការចុះឈ្មោះរបស់ពួកគាត់ គឺបង្ហាញពីការបំពេញកាតព្វកិច្ចរបស់ពលរដ្ឋ ដើម្បីសម្រេចជោគវាសនារបស់ខ្លួន ដោយមិនចាំបាច់ទាល់តែលោក សម រង្ស៊ី ឲ្យប្រាក់ដល់ពួកគាត់ ទើបអាចទៅចុះឈ្មោះបោះឆ្នោតបានឡើយ។ ទណ្ឌិត សម រង្ស៊ីសូមបញ្ឈប់ទៅការធ្វើប្រជាភិថុតបែបនេះ។

ទី២៖ បើទណ្ឌិត សម រង្ស៊ី ពិតជាស្មោះត្រង់ និងគិតគូដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករចំណាកស្រុកបារម្ភថា មិនបានចុះឈ្មោះបោះឆ្នោត មែននោះ គឺលោក (សម រង្ស៊ី) គាត់មិនគួរទើបគិតពេលនេះទេ ពីព្រោះនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ បិទបញ្ចប់ការចុះឈ្មោះបោះឆ្នោតហើយ។ ម៉្យាងវិញទៀត នៅមុនពេលដែលរូបគាត់មិនទាន់ប្រឈមចំពោះមុខច្បាប់ ក្នុងឋានៈ លោក សម រង្ស៊ី ជាមេដឹកនាំបក្សនយោបាយមួយ ប្រជុំពិភាក្សាគ្នាជាច្រើនដងជាមួយ គណបក្សកាន់អំណាច គឺគាត់មិនបានលើកឡើងទាល់តែសោះអំពីចំណុច នៃបញ្ហារបស់ពលករចំណាកស្រុក ដូចអ្វីដែលគាត់បានលើកឡើងនៅពេលនេះ ដើម្បីការកែទម្រង់ គ.ជ.ប ឡើយ។ ដូច្នេះបញ្ហាដែលនៅសេសសល់តិចតួច មិនមែនជារឿងធំដុំ ឬជាឧបសគ្គ រំខានដល់ដំណើរការចុះឈ្មោះបោះឆ្នោត ឬក៏រាំងស្ទះដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើយ។ ផ្ទុយទៅវិញ កលល្បិចអាក្រក់ដែលលោក សម រង្ស៊ី កំពុងប្រើនេះ វាគ្រាន់តែជាស្នៀតថ្មីមួយទៀតរបស់គាត់ តែប៉ុណ្ណោះ ពីព្រោះ សូម្បីតែរូបគាត់ផ្ទាល់ក៏មិនអាចមានសិទ្ធិឈរឈ្មោះ ឬក៏ចុះឈ្មោះបោះឆ្នោតបានផង តើត្រង់ណាដែលថា រូបគាត់ (សម រង្ស៊ី) គិតពីបងប្អូននោះ?។

ពាក្យចាស់បានពោលថា «បើចង់ជួយអ្នកដទៃ ទាល់តែជួយខ្លួនឯងជាមុនសិន»។ ប៉ុន្តែអ្នកណាក៏ដឹងដែរថា បច្ចុប្បន្ននេះ លោកសម រង្ស៊ី បានបាត់បង់អស់ទាំងសិទ្ធិនយោបាយ ទាំងសិទ្ធិឈរឈ្មោះបោះឆ្នោត។ គាត់មិនមែនជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ប្រកួតប្រជែងនៅអាណត្តិលើកក្រោយទៀតនោះឡើយ៕

ដោយ៖ វាសនា សំបូរ