(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបន្ដប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធក្នុង​ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្នុងនោះដកហូតបានថ្នាំ១១កញ្ចប់។

លោកឧត្តមសេនីយ៍ទោ ជួន​ ណារិន្ទ បានឲ្យដឹងថា ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចក្រុមទី៣ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។ លោកស្នងការបញ្ជាក់ថា ជនសង្ស័យដែល​ឃាត់បានទី១៖ឈ្មោះ ​កែវ ឆក ហៅទី អាយុ១៧ឆ្នាំ ទី២៖​ឈ្មោះ ឈុន ឌីណា ឫ​សួស សាំ ហៅស្រី អាយុ៥៧ឆ្នាំ​ និងទី៣៖ឈ្មោះ កែន ហន អាយុ២១ឆ្នាំ ក្នុងនោះកម្លាំងជំនាញ ដកហូតបានថ្នាំញៀន​មេតំហ្វេតាមីន(ICE)​១១កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង ព្រមទាំង​សម្ភារៈ​សម្រាប់វេចខ្ចប់​គ្រឿងញៀន​មួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបាន​បញ្ជូនទៅសួរនាំ ដើម្បីកសាង​សំណុំរឿងចាត់ការបន្ដ៕